ភ្នំពេញ៖ កាលពីវេលាម៉ោង៣និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីបុរសម្នាក់សង្ស័យស្រវឹងបានមកដេកលើផ្លូវដែក ត្រូវរថភ្លើងកិនដាច់ជើងស្តាំ១កំណាត់ ព្រមទាំងដងខ្លួនផងដែរ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ ។
បុរសដែលខាងលើឈ្មោះ ម៉ាក ឈុន អាយុប្រហែល២៩ឆ្នាំ មុខរបរជាកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលនៅក្នុងភូមិអង្គ សង្កាត់ចោមចៅខណ្ឌ ពោធិ៍សែនជ័យ ក្បែរកន្លែងកើតហេតុតែម្តង ។
ពលរដ្ឋនៅកន្លែងកើតហេតុ និយាយថា បុរសរងគ្រោះអាចផឹកស្រាស្រវឹងហើយព្រមមិនចូលផ្ទះដេក បែរជាមកដេកនៅលើផ្លូវដែកស្តាប់បទចំរៀង ស្របពេលដែលមានរថភ្លើងបើកមក ក៏កិនពីលើដោយមិនដឹងខ្លួនស្លាប់ ៕