ភ្នំពេញ ៖ គណៈកម្មាធិការជាតិប៉ារ៉ាឡាំ ពិកនៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បានបញ្ជូនអ្នកជំនាញលើប្រភេទកីឡាចំនួន៨ប្រភេទ មកបណ្តុះបណ្តាលជំនាញដល់ អត្តពលិកកីឡាជនពិការកម្ពុជាដើម្បីបំប៉នសមត្ថភាពបន្ថែមចំនួន៦ថៃ្ងក្នុងនោះមានទាំងទ្រឹស្តីនិងការអនុវត្តផ្ទាល់នៅលើទីលានសម្រាប់ត្រៀមចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី៩ឆ្នាំ២០១៧នៅប្រទេសម៉ាឡេស៊ី ។
លោក យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកម្ពុជា បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះទទួលបានតាមរយៈការចុះអនុស្សរណៈយោគ យល់គ្នារវាងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជានឹងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកសាធារណរដ្ឋកូរ៉េកាលពីអំឡុង ខែតុលា ឆ្នាំ២០១៦ ដើម្បីពង្រឹងវិស័យ កីឡាជនពិការកម្ពុជា។ អនុស្សរណៈនេះ បានផ្លាស់ប្តូរនូវបទពិសោធន៍ធនធានមនុស្ស បច្ចេកទេសរវាងអត្តពលិកកូរ៉េនឹងអត្តពលិកកម្ពុជាដោយបានធ្វើការបញ្ជូនអត្តពលិក កម្ពុជាទៅចូលរួមវគ្គបណ្តុះបណ្តាល និងការប្រកួតជាបន្តបន្ទាប់នៅសាធារណរដ្ឋកូរ៉េ ហើយវគ្គបណ្តុះបណ្តាលទ្រង់ទ្រាយធំលើកទី១នៅកម្ពុជានាពេលនេះក៏មានអត្តពលិកកូរ៉េមកចូលរួមផងដែរ ។
លោកអគ្គលេខាធិការបានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលកីឡាជនពិការទ្រង់ទ្រាយធំនេះមិនដែលមានពីមុនមកទេ ហើយ កីឡា៨ប្រភេទដែលទទួលបានការបណ្តុះបណ្តាលក្នុងវគ្គនេះ គឺកីឡាបាញ់ធ្នូ បាញ់ កំាភ្លើង វាយកូនឃ្លីលើតុ អត្តពលកម្ម ហែលទឹក បាល់ទះអង្គុយ Boccia និង Tenpin Bowling។ លោក បានបន្ថែមថា ទន្ទឹមនឹងការទទួលបាននូវវគ្គបណ្តុះបណ្តាលដ៏សំខាន់នេះ ភាគីកូរ៉េ ក៏បានប្រគល់ជូននូវសម្ភារកីឡាសម្រាប់ជនពិការកម្ពុជាធ្វើការហ្វឹកហាត់ដើម្បីបង្កើនសមត្ថភាពអត្តពលិក កីឡាជនពិការកម្ពុជាក្នុងគោលបំណងចូល រួមការប្រកួតព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី៩នៅម៉ាឡេស៊ីផងដែរ ។
ក្នុងឱកាសនោះដែរ លោក ស៊ាន បូរ៉ាត់ រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានថ្លែងអំណរគុណដល់មិត្តកូរ៉េ ដោយលោកមានប្រសាសន៍បញ្ជាក់បន្ថែមថា ក្នុង ពេលនេះរាជរដ្ឋាភិបាលកម្ពុជាចូលរួមអបអរសាទរដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ សហព័ន្ធកីឡាជនពិការអាស៊ានរួមជាមួយនឹងការចុះអនុស្សរណៈរវាងសហព័ន្ធជន ពិការអាស៊ាននឹងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកូរ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើការផ្លាស់ប្តូរបទពិសោធន៍ បច្ចេកទេសនិងធនធានមនុស្សឈានទៅ រកការកសាងសក្តានុពលអត្តពលិក ក្នុង សមាគមប្រជាជាតិអាស៊ានក៏ដូចជាអាស៊ី និងពិភពលោក ដើម្បីពង្រឹងពង្រីកសមត្ថភាពគ្រូបង្វឹក អាជ្ញាកណ្តាល ពិសេស វេជ្ជ បណ្ឌិត ដែលទទួលខុសត្រូវក្នុងការវាយ តម្លៃចំណាត់ថ្នាក់ប្រភេទពិការរបស់អត្ត ពលិកជនពិការ ។ លោកបានបន្ថែមថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេមនៅឆ្នាំ២០២៣ ដូច្នេះកម្ពុជាត្រូវការចាំបាច់ក្នុងការផលិត នូវធនធានមនុស្សឲ្យបានគ្រប់គ្រាន់ និង សមិទ្ធផលទាំងឡាយណាដែលបម្រើដល់ការប្រកួត ដោយទទួលបាននូវការគាំទ្រដោយបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន អាស៊ីនិងពិភពលោកក្លាយជាមហាសមិទ្ធផល និងអនុស្សាវរីយ៍មិនអាចបំភ្លេចបាន ក្នុងបេះដូងប្រជាពលរដ្ឋកម្ពុជាជនពិការ កម្ពុជា និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាដែលមានសម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជាជាប្រធានផងដែរ៕ សារីម