ថ្ងៃចុងក្រោយនៃអាជីពបាល់ទាត់ក្នុងក្រុមជម្រើសចាតិអាល្លឺម៉ង់របស់ខ្សែប្រយុទ្ធ Lukas Podolski បានបញ្ចប់ដោយក្តីរីករាយនិងរំភើបបំផុត ។
អតីតកីឡាកររបស់ក្លិបកាំភ្លើងធំ Arsenal វ័យ៣១ឆ្នាំរូបនេះ បានសម្រេចចិត្តចូលនិវត្តន៍ពីក្រុម ជម្រើសជាតិអាល្លឺម៉ង់ក្រោយការប្រកួតមិត្តរវាងអង់គ្លេសនិងអាល្លឺម៉ង់ចប់។ អ្វីដែលធ្វើ Lukas Podolski រំភើបខ្លាំងនោះគឺរូបគេអាចរកបានមួយគ្រាប់ជួយក្រុមជម្រើសជាតិអាល្លឺម៉ង់ឈ្នះក្រុមអង់គ្លេស។
ជាងនេះទៅទៀត អ្នកគាំទ្រអាល្លឺម៉ង់បានធ្វើពិធីលាដល់កីឡាករជើងចាស់ Lukas Podolski ដែលធ្វើឲ្យរូបគេរំភើបខ្លាំងស្ទើរស្រក់ទឹកភ្នែក។
Podolski អតីតកីឡាករក្លិប Bayern Munich និង Arsenal លេងឲ្យជម្រើសជាតិបាន១៣០ប្រកួត ក្នុងនោះស៊ុតបញ្ចូលទីបាន៤៨គ្រាប់ ធ្លាប់ឈ្នះ World Cup ម្ដង និងរងជើងឯក Euro កាលពីឆ្នាំ២០០៨។ Podolski បច្ចុប្បន្នកំពុងលេងជាមួយ Galatasaray ហើយនឹងផ្ទេរទៅលេងឲ្យក្លិបនៅជប៉ុននៅរដូវកាលក្រោយ ៕ ដេវីត