ខេត្តពោធិ៍សាត់៖ កាកសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ១២១គ្រាប់ ត្រូវបានមន្រ្តីជំនាញគ្រាប់រំសេវកម្ទេចចោលនៅឃុំថ្មដា ដែលគ្រាប់ទាំងអស់ខាងលើនេះ ត្រូវបានមន្រ្តីជំនាញ អាជ្ញាធរមានសមត្ថកិច្ច ប្រជាពលរដ្ឋ សហការគ្នាប្រមូលយកមកពីកន្លែងផ្សេងៗគ្នា នៅក្នុងមូលដ្ឋានរបស់ពួកគាត់នាកន្លែងមកនេះ ។
ពិធីកម្ទេចគ្រាប់ខាងលើធ្វើឡើងកាលវេលាម៉ោង១០ និង១០នាទីព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
លោក វរសេនីយ៍ទោ ម៉ម ម៉ៅ នាយការិយាល័យផ្សព្វផ្សាយ និងអប់រំ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យថា បើយោងតាមរបាយការណ៍របស់អរបស់អធិការដ្ឋាននគរបាលស្រុកវាលវែង កាកសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលត្រូវបានមន្រ្តីជំនាញសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចកម្ទេចនោះ រួមមានចំនួន ០៣ប្រភេទ ប្រភេទទី១ គ្រាប់៣៧មីលីម៉ែត្រចំនួន ១២គ្រាប់, ប្រភេទទី២ ក្បាលគ្រាប់ ៦០មីលីម៉ែត្រចំនួន ១៣គ្រាប់ និងប្រភេទទី៣ ក្បាលគ្រាប់ ១០៥មីលីម៉ែត្រចំនួន ៩៦គ្រាប់ ហើយកាកសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងបីប្រភេទមានចំនួន ១២១គ្រាប់ ត្រូវបានមន្រ្តីជំនាញ(ហេឡូត្រាស)សហការជាមួយស្ថានប័នពាក់ព័ន្ធ ធ្វើការកម្ទេចបានជោគជ័យមួយរយភាគរយអស់ហើយ។
លោក វរសេនីយ៍ទោ នាយការិយាល័យផ្សព្វផ្សាយ និងអប់រំបន្តទៀតថា មន្រ្តី(ហេឡូត្រាស) នៅតែបន្តសហការគ្នាជាមួយកម្លាំងស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋរុករក ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ និងការកសាងផ្លូវថ្នល់ជាដើម ខណៈទូទាំងស្រុកវាលវែងមួយនេះ បន្សល់នូវកាកសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅមានគួរឲ្យខ្លាច ហើយប្រជាពលរដ្ឋក៏រងការគ្រោះថ្នាក់ឥតឈប់ឈរផងដែរ ពីមួយឆ្នាំទៅមួយឆ្នាំនាកន្លងមកនេះនោះ៕ បឹុម ពិន