ខេត្តពោធិ៍សាត់៖ តាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋស្ទើរទូទាំងស្រុកភ្នំក្រវាញនិយាយថា សិប្បកម្មកែច្នៃឈើប្រភេទប្រណីត និងម៉ាសុីនរណាខ្សែអារច្រៀកឈើ កើតមានយ៉ាងអនាធិបតេយ្យ រីកដូចផ្សិត កំពុងធ្វើសកម្មភាពរាល់ថ្ងៃយ៉ាងរំពងអឺងកងនៅភូមិ-ឃុំ-ស្រុក មិនខ្វល់ការរំខានដល់អ្នកក្បែខាងបន្តិចសោះ អ្វីដែលសំខាន់នោះ ប្រយោជន៍ បញ្ហានេះត្រូវបានគេសង្ស័យការដែលមិនបង្រ្កាបនេះ គឺជាឆ្នាំងបាយ ឆ្នាំងសម្លរបស់មន្រ្តីជំនាញ ដែលគ្រប់គ្រង និងម្ចាស់ករណីនៅទីនោះផ្ទាល់ ។
ប្រភពរាយការណ៍ខាងលើបន្តថា សិប្បកម្មកែច្នៃឈើប្រភេទប្រណីត និងម៉ាសុីនរណាខ្សែអារច្រៀកឈើ កំពុងកើតមានរីកដូចផ្សិត និងកំពុងធ្វើសកម្មភាពរាល់ថ្ងៃយ៉ាងគ្រហឿន មិនខ្វល់អំពីការផលប៉ះពាល់ដល់អ្នកក្បែរខាងខាងលើនេះ គេសង្កេតឃើញកើតមានច្រើនរាប់មិនអស់ ដូចជានៅឃុំរកាត ឃុំសន្រ្ទែ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ប្រភពរាយការណ៍ដដែលបន្តទៀតថា សិប្បកម្មកែច្នៃឈើប្រភេទប្រណីតច្រើនណាស់ មានច្បាប់មួយចំនួនតូច ប៉ុន្តែវាគ្មានប្រភពឈើនោះឡើយ រួមទាំងដាក់ម៉ាសុីនរណាខ្សែថែមទៀតផង ហើយក៏មានឈ្មួញជំនួញឈើប្រណីតជ្រកក្រោមស្លាកសិប្បកម្មនេះដែរ តែយ៉ាងណាមិញ ក៏មិនសំខាន់នោះដែរ អ្វីដែលសំខាន់នោះ គឺសិប្បកម្ម ឬម៉ាសុីនរណាខ្សែមួយកន្លែងបង់លុយមួយខែ១២មឺុរៀលទៅ២០មឺុនរៀលទៅបានហើយ។
ពាក់ព័ន្ធនឹងប្រភពរាយការណ៍ព័ត៌មានខាងលើនេះដែរ លោក ពាក្យ មនោ នាយសង្កាត់រដ្ឋបាលព្រៃឈើលាច បានប្រាប់អ្នកកាសែត នគរវត្ត តាមទូរស័ព្ទនាព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ ទាំងប្រញាប់ថា ជាប់រវល់រៀន(ជីភីអេស) នៅខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ប៉ុន្តែយ៉ាងណាក៏ដោយលោកបានអះអាងថា ធ្វើកិច្ចសន្យាអស់នោះហើយ៕ ប៉ឹម ពិន