ភ្នំពេញ: ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ដែលបានធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់ ដែលកំពុងធ្វើដំណើរតាមដងផ្លូវបានសម្រេច គាប់ជួនជួបសមត្ថកិច្ចនគរបាលប៉ុស្តិ៍និងខណ្ឌឫស្សីកែវកំពុងល្បាតក្នុងមូលដ្ឋានឃើញ ដេញតាមចាប់ខ្លួនបានម្នាក់ ឯម្នាក់ទៀតរត់រួច ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង១០នាទី យប់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ នៅចំណុចផ្លូវបេតុង ក្នុងក្រុមទី១៤ ភូមិបឹងសាឡាង សង្កាត់-ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបានមានឈ្មោះ ចំរើន រដ្ឋធានី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្ទះជួល ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ។ ជាមួយនេះដែរ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន កាបូបដៃ ពណ៌ស្វាយ១, ទូរស័ព្ទដៃម៉ាកLG ពណ៌ស ១គ្រឿង, និងម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FE-7095មួយគ្រឿង។ ចំណែកជនរងគ្រោះមានឈ្មោះ ម៉ឹង រីដា ភេទស្រី អាយុ២៥ឆ្នាំ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ មុខរបរលក់ដូរ ។
សមត្ថកិច្ចឲ្យដឹងទៀតថា មុននឹងឈានដល់ការចាប់ខ្លួនបានជនសង្ស័យខាងលើបាន គឺ កម្លាំងខណ្ឌឬស្សីកែវ និងប៉ុស្តិ៍ឬស្សីកែវ កំពុងជិះម៉ូតូល្បាតលើដងផ្លូវ ស្រាប់តែបានឮសម្រែកស្រី្តរងគ្រោះស្រែកថាជួយផងចោរ ឆក់កាបូប! ពេលនោះកម្លាំងល្បាតក៏បានជិះម៉ូតូ ដេញប្រផាប់ប្រភីងធ្វើឲ្យជនសង្ស័យភ័យផ្តួលម៉ូតូចោលរត់គេចខ្លួន តែត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់ យកទៅជាមួយរួមមាន: ទូរស័ព្ទដៃ១គ្រឿង, ប្រាក់ដុល្លារចំនួន១០០ដុល្លារ,អត្តសញ្ញាណប័ណ្ណ១សន្លឹក និងកាបូបស្ពាយ១។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវសាកសួរ ដើម្បី ចាត់ការតាមច្បាប់៕ អរុណរះ