ព័ត៌មានទាន់ហេតុការណ៍៖

សិស្ស-និស្សិតចំនួន២៦៧០នាក់ ចូលរួមបោះជំរំអន្តរជាតិលើកទី៧នៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ អង្គការសម្ព័ន្ធយុវជនអន្តរជាតិ (IYF) បានសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក្នុងការរៀបចំការបោះជំរំអន្តរជាតិ លើកទី៧ (World Camp) នៅកម្ពុជា ដោយមានការចូលរួមពីសិស្ស-និស្សិត ចំនួន២៦៧០នាក់ ក្នុងនោះមានសិស្ស-និស្សិតប៊ែលធី ចូលរួមចំនួន១.២៧០នាក់។

ការបោះជំរំនេះរៀបចំធ្វើឡើងនៅសាលមហោស្រពកោះពេជ្រ រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ដល់២៩ ខែមីនា ២០១៧ ក្រោមប្រធានបទ “ការអប់រំចិត្តយុវជនឲ្យមានភាពជាអ្នកដឹកនាំប្រកបដោយសីលធម៌ និងគុណធម៌” ក្រោមអធិបតីភាពលោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការ និងជាតំណាងរដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា ហើយការរៀបចំពិធីនេះឡើង ក្នុងគោលបំណងឲ្យយុវជនកម្ពុជា មានឱកាសរៀនសូត្រពីផ្នត់គំនិត និងបទពិសោធន៍ វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ពីគ្នាទៅវិញទៅមក យល់ពីអត្ថន័យពិតនៃជីវិត និងភាពជោគជ័យ ដែលត្រូវបានគេភ្លេចក្នុងជីវិតដ៏មមាញឹក។ ការបោះជំរំនេះដែរ ក៏ទទួលបានការចូលរួមធ្វើបទឧទ្ទេសពីវាគ្មិនជំនាញៗ ហើយក៏មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលផងដែរ ដែលរួមមាន លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។

មានប្រសាសន៏នៅក្នុងពិធីនោះ លោក ស៊ាន បូរ៉ាត បានលើកឡើងថា ដំណើរអភិវឌ្ឍន៍ប្រទេសកម្ពុជា ពិតជាមិនអាចខ្វះការចូលរួមពីយុវជនជំនាន់ក្រោយបាននោះទេ ក្នុងការបន្តវេនដឹកនាំនាវាកម្ពុជា ឆ្ពោះទៅរកសុខដុមនីយកម្មមួយ គឺត្រូវការយុវជនគំរូវ័យក្មេងមាន សីលធម៌ និងគុណធម៌ ប្រកបដោយសមត្ថភាពដឹកនាំ។ លោកបន្តថា មានមនុស្សតិចណាស់ ដែលមិនបានធ្វើនូវអ្វីដែលខ្លួនបានដឹង ប៉ុន្តែសម្រាប់អ្នកដែលដឹងនូវអ្វីដែលខ្លួនកំពុងធ្វើ គឺរមែងក្លាយជាអ្នកដឹកនាំឆាប់ៗជាមិនខាន។

ចំណែកលោក សាយ សំអាល់ បានណែនាំដល់យុវជនកុំដើរគេចចេញពីបញ្ហា នៅចំពោះមុខយើងឲ្យសោះ ពីព្រោះឧបសគ្គទាំងនោះ គឺជាបទពិសោធន៍ និងជោគជ័យរបស់យើងរាល់គ្នា ហើយដំណើរការបោះជំរុំនេះ គឺជាអ្វីដែលយើងត្រូវចេះរស់នៅជាមួយគ្នា ផ្លាស់ប្តូរបទពិសោធន៍ វប្បធម៌ ប្រពៃណី និងត្រូវហ៊ានទទួលយកគំនិតអ្នកដទៃ បូកបញ្ចូល ជាមួយគំនិតច្នៃប្រឌិតរបស់ខ្លួនឯង ដើម្បីសេចក្តីសុខ និងទេពកោសល្យថ្មីមួយទៀតឡើង។ ជាមួយគ្នានោះ លោកបានអំពាវនាវឲ្យយុវជនទាំងអស់ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីថែរក្សាសុខសន្តិភាព ដើម្បីការអភិវឌ្ឍន៍ប្រទេសឲ្យរីកចំរើន និងប្រជាពលរដ្ឋរបស់យើង អាចទទូលផលពីសន្តិភាព ទទួលបានសេដ្ឋកិច្ចល្អប្រសើរ ដោយរស់នៅជាមួយបរិស្ថានស្អាត។

ដោយឡែកលោក លី ឆេង ទីប្រឹក្សាអមទីស្តីការគណរដ្ឋមន្រ្តី និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ បានធ្វើការគាំទ្រដល់ការតស៊ូ ធ្វើកំណែទំរង់ផ្នែកបរិស្ថាន របស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយជំរុញឲ្យយុវជនទាំងអស់រៀនសូត្រពីគំរូនៃការដឹកនាំរបស់លោក សាយ សំអាល់ ដែលជាយុវជនគំរូ និងជារដ្ឋមន្ត្រីដែលមានវ័យក្មេង មានសមត្ថភាព ក្លាយជាអ្នកដឹកនាំក្រសួងជំនះរាល់ឧបសគ្គ ហើយលោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមាតាបិតា អាណាព្យាបាលទាំងអស់ ដែលបានអនុញ្ញាតឲ្យបុត្រធីតារបស់ខ្លួនចូលរួមក្នុងកម្មវិធីបោះជំរំអន្តរជាតិ ដ៏មានសារៈសំខាន់នេះ។

ស្ថាបនិក IYF លោកបណ្ឌិត បាក់ អុកស៊ូ ក៏បានលើកឡើងផងដែរ ពីមូលហេតុដែលលោកត្រូវតែអប់រំផ្លូវចិត្តរបស់យុវជន និងបង្រៀនពូកគេឲ្យចេះជួយគ្នាទៅវិញទៅមក។ លោកបានលើកឡើងពីកូនប្រុសរបស់លោក ដែលប្រើប្រាស់គ្រឿងញៀន និងមានកាំភ្លើងជាប់នឹងខ្លួន ដែលត្រូវបានមិត្តភក្តិមិនល្អ អូសទាញឲ្យធ្លោយខ្លួនជាទាសករគ្រឿងញៀន។ លោកបន្តថា នេះជាឧបសគ្គ ដែលទាមទារឲ្យលោកត្រូវតែពុះពារ និងប្រែក្លាយឧបសគ្គទាំងអស់នេះ ឲ្យក្លាយជាជោគជ័យ មិនសម្រាប់តែគ្រួសារគាត់ប៉ុណ្ណោះទេ គឺសំរាប់ពិភពលោកតែម្តង ហើយលោកព្យាយាមណែនាំកូនប្រុសឲ្យងាកមកដើរផ្លូវល្អ និងប្រើប្រាស់ទុននេះ អប់រំយុវជន ឲ្យរកឃើញនូវរូបភាពខ្លួនឯង និងអាចចេញពីផ្នត់គំនិតដ៏តូចចង្អៀតអូសទាញយុវជន ឲ្យចេះបណ្តុះស្មារតី និង ចិត្តគំនិត ក្លាយជាអ្នកដឹកនាំដ៏ត្រឹមត្រូវ ដោយលោកបានសហការជាមួយក្រសួងអប់រំជាច្រើនប្រទេសក្នុងពិភពលោក។

ដើម្បីចូលរួមក្នុងការបោះជំរុំនោះដែរ លោក ហ៊ុន ម៉ានី ដែលជាតំណាងរាស្រ្តវ័យក្មេងមកពីគណបក្សប្រជាជនកម្ពុជាផងនោះ បានលើកឡើងពីភាពជាអ្នកដឹកនាំគំរូ ដើម្បីឲ្យយុវជន ក៏ដូចជាសិស្ស និស្សិតទាំងអស់បានយល់ដឹង និងយកជាគតិសមរាប់អនាគតរបស់ពួកគេ។ លោកថ្លែងថា យើងមានថ្នាក់ដឹកនាំ ដែលជាបុព្វបុរសជាច្រើនទៀត ដូចជាព្រះបាទជវរ្ម័នទី៧ ដែលព្រះអង្គបានសាងសង់ប្រាសាទអង្គរវត្តទុកជាកេរដំណែលមកដល់កូនចៅយើងជំនាន់ក្រោយ, សម្ដេចព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានកសាងប្រទេស ទទួលបានស្នាដៃជាច្រើន ដូចអ្វីដែលយើងបានដឹងកន្លងរួចមកហើយ ដូចជាការទាមទារឲ្យទទួលបានឯករាជ្យ និងការទាមទារប្រាសាទព្រះវិហារពីប្រទេសថៃឲ្យក្លាយជាបេតិកភណ្ឌរបស់ខ្មែរពិតប្រាកដនៅឆ្នាំ១៩៦២ជាដើម។

តាមលោក ហ៊ុន ម៉ានី ភាពជាគំរូមាន២ គឺទី១, ខ្លឹមសារនៃការចែករំលែក គឺខ្លឹមសារអប់រំទៅឲ្យអ្នកដទៃ និងទី២, ទង្វើរបស់យើងម្នាក់ៗដែលបានអនុវត្ត។ លោកបានលើកជាឧទាហរណ៍ ហេតុអ្វីបានជាយើងស្គាល់ ចាន់ វឌ្ឍនាការ និងប្រាក់មុន្នី ឧត្តមជាដើម គឺដោយសារតែអ្នកទាំងនោះ បានធ្វើអ្វីមួយឲ្យយើងពេញចិត្ត មានការកោលសរសេរជាដើម ហើយព្រះបាទជ័យវរ្ម័នទី៧ និងសម្ដេចតេជោ ហ៊ុន សែន ជាដើម ការដែលយើងស្គាល់ពួកគាត់ គឺដោយសារតែគាត់បានសាងអង្គរទុកជាកេរដំណែលមកឲ្យកូនចៅសព្វថ្ងៃ និងមានស្នាដៃក្នុងការដឹកនាំបង្រួបបង្រួមជាតិ រកសុខសន្តិភាពជូនប្រជាពលរដ្ឋ ប្រទេសជាតិ ជាដើម ដូច្នេះយើងចងចាំឈ្មោះរបស់ពួកគាត់នៅក្នុងបេះដូង ហើយថែមទាំងកំណត់ត្រាទុកជាប្រវត្តិសាស្ត្រទៀតផង។

ជាមួយគ្នានិងលើកឡើងខាងលើនេះ លោក ហ៊ុនម៉ានី បានផ្តាំផ្ញើឲ្យប្អូនៗដែលទទួលចូលរួមទាំងអស់ ហើយទទួលបានចំណេះដឹងពីទីនេះត្រូវយកទៅចែករំលែកជូនដល់អ្នកផ្សេងទៀត ដែលមិនទទួលបានចំណេះដឹងពីទីនេះ។

សូមបញ្ជាក់ថា នេះជាលើកទី៧ហើយ ដែលអង្គសម្ព័ន្ធយុវជនអន្តរជាតិ ជ្រើសរើសកម្ពុជា ជាគោលដៅ សម្រាប់ធ្វើការបោះជំរំជាលក្ខណៈអន្តរជាតិ។ អង្គការដ៏ធំមួយនេះ មានការទទួលស្គាល់ ជាង១០០ប្រទេស នៅជុំវិញពិភពលោក។

យុវតីរៀននៅសាលាប៊ែលធី ឈ្មោះ នី លីមហ័ង ដែលបានចូលពិធីនោះដែរបានថ្លែងថា ”វាគ្មិនជំនាញៗជាច្រើន គាត់បានបង្រៀនដឹកនាំឲ្យសិស្សានុសិស្សយើងខ្ញុំទាំងអស់គ្នា ពិសេសគឺនាងខ្ញុំផ្ទាល់គឺអាចគិតបាន ថានឹងត្រូវធ្វើយ៉ាងម៉េច ទៅថ្ងៃអនាគត? ហើយខ្ញុំនឹងខិតខំរៀនធ្វើជាអ្នកដឹកនាំល្អមួយទៅថ្ងៃអនាគត។

ទាក់ទងនិងបទន្តរាគមន៍របស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានចែករំលែកបទពិសោធន៍ ដល់យុវជននៅពេលនោះ គឺបានធ្វើឲ្យយុវតី នី លីមហ័ង តំណាងយុវជនចូលរួមពេញចិត្តនឹងកំណែទំរង់របស់ក្រសួងបរិស្ថាន ដែលបានបំពេញផលប្រយោជន៍ជាច្រើន សំរាប់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស និងកូនខ្មែរទៅជំនាន់ៗក្រោយ៕ ស រស្មី

image7

image1

image5 image6
image8

image4

image2

image3 image9 image10 image11 image12 image13 image14


ចែករំលែក៖