ក្រុមហ៊ុន Lotte របស់កូរ៉េខាងត្បូង នឹងបន្តវិនិយោគ នៅក្នុងប្រទេសចិន ដដែល បើទោះបីមានភាពតានតឹងពាក់ ព័ន្ធនឹងការដាក់ប្រព័ន្ធកាំជ្រួចមីស៊ីលការពារកម្រិតខ្ពស់ THAAD នៅក្នុងទឹកដីកូរ៉េ ខាងត្បូងក្តី។
នៅព្រឹកថ្ងៃទី៣ ខែមេសា អគ្គនាយកទទួលបន្ទុកយុទ្ធសាស្ត្រានិងការអភិវឌ្ឍទី ផ្សារ របស់ក្រុមហ៊ុន Lotte លោក Hwang Kag-gyu បាននិយាយទៅកាន់ក្រុមអ្នកសារ ព័ត៌មានថា ក្រុមហ៊ុននៅតែបន្តវិនិយោគនៅក្នុងប្រទេសចិនដូចដើម។
រដ្ឋាភិបាលចិនកាលពីខែមីនាកន្លងមក បាន ប្រកាសបិទទ្វារក្រុមហ៊ុនលក់រាយ Lotte ក្រោយពេលត្រួតពិនិត្យទៅលើក្រុមហ៊ុនខាងលើ ដោយឃើញថាក្រុមហ៊ុននេះបានយល់ព្រមលក់ដីឲ្យរដ្ឋាភិបាលដើម្បីដាក់ប្រព័ន្ធមីស៊ីលការពារ THAAD របស់អាមេរិកដើម្បីទប់ទល់ជាមួយកូរ៉េខាងជើង។
ប៉ុន្តែចិនបានចាត់ទុកថាប្រព័ន្ធមីស៊ីល របស់អាមេរិកនោះមិនសំដៅទៅលើប្រទេសកូរ៉េខាងជើង នោះឡើយគឺសំដៅទៅលើប្រទេសចិនប៉ុណ្ណោះ។
ជាមួយនឹងការសម្រេចបន្ត វិនិយោគ នៅក្នុងប្រទេសចិនដដែលនោះ ដោយសារក្រុមហ៊ុនយល់ឃើញថាពលរដ្ឋចិននៅតែគាំទ្រ ដល់សកម្មភាពលក់រាយរបស់ក្រុមហ៊ុននេះនៅក្នុងប្រទេសចិន ។ មិនត្រឹមតែប៉ុណ្ណោះភាគច្រើនពលរដ្ឋចិនបានបង្ហាញការមិនពេញចិត្តទៅលើសកម្មភាព«សងសឹក» របស់រដ្ឋាភិបាលទីក្រុងប៉េកាំងទៅលើក្រុមហ៊ុនលក់រាយរបស់កូរ៉េខាងត្បូង Lotte ដោយបិទសាខាក្រុមហ៊ុននេះនៅក្នុងប្រទេសចិនក្រោយពេលដែល កូរ៉េខាងត្បូងអនុញ្ញាតឲ្យអាមេរិកដាក់ប្រព័ន្ធមីស៊ីលការពារនៅលើទឹកដីកូរ៉េខាងត្បូង។
តាមលទ្ធផលស្ទង់មតិ នាពេលកន្លង មកថ្មីៗរបស់ មជ្ឈមណ្ឌលស្រាវជ្រាវ ទី ផ្សារ Nice R&Cបានបង្ហាញឲ្យឃើញថា ភាគច្រើនពលរដ្ឋចិន មិនពេញចិត្តទៅនឹងគោលនយោបាយសងសឹករបស់ទីក្រុងប៉េកាំងទៅលើក្រុមហ៊ុនកូរ៉េខាងត្បូង Lotte នោះទេព្រោះវាជារឿងខុសឆ្គង ។ ការស្ទង់មតិធ្វើឡើងនៅទីក្រុងធំៗចំនួន៣នៅប្រទេសចិន គឺទីក្រុងប៉េកាំង សៀងហៃនិង ក្វាង ចូវ។
ក្រុមហ៊ុន Lotte ជាក្រុមហ៊ុនលក់រាយធំបំផុតនៅក្នុងតំបន់អាសុី រងផលប៉ះពាល់ យ៉ាងខ្លាំងពី សកម្មភាពសងសឹករបស់ចិន ក្រោយពេលក្រុមហ៊ុននេះព្រមលក់ដីទៅឲ្យរដ្ឋាភិបាលក្នុងការដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារ ដ៏ទំនើបរបស់អាមេរិក THAAD ។ រដ្ឋាភិបាលទីក្រុងប៉េកាំងមិនសប្បាយចិត្ត ចំពោះសកម្មភាពខាងលើ ដោយចាត់ទុក ថា ប្រព័ន្ធមីស៊ីលទាំងនោះនឹងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ ស្ថិរភាពរបស់ចិន ។ ចំណែក អាមេរិកនិងកូរ៉េខាងត្បូង បានអះអាងថា ការដាក់មីស៊ីលខាងលើគឺដើម្បីទប់ស្កាត់ការវាយប្រហារពីកូរ៉េខាងជើងតែប៉ុណ្ណោះ។
ការបិទទ្វារក្រុមហ៊ុន លក់រាយ Lotte នៅក្នុងប្រទេសចិនបានធ្វើឲ្យក្រុមហ៊ុននេះប្រឈមនឹងបញ្ហាជាច្រើន ក្នុងនោះមានការខាតបង់ដែលអាចប្រឈមនឹងការក្ស័យធន។ ចំណុចទាំងនោះហើយបានជា រដ្ឋ មន្ត្រីក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូង លោក Joo Hyung Hwan បានប្តឹងឡើងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក WTO ពីសកម្មភាព សងសឹករបស់ចិនទៅលើក្រុមហ៊ុនកូរ៉េខាងត្បូង ក្រោយពេល ដែល ប្រទេសនេះអនុញ្ញាតឲ្យអាមេរិក ដាក់ប្រព័ន្ធមីសុីលការពារដ៏ទំនើប ប្រភេទ THAAD ។
នៅក្នុងកិច្ចប្រជុំ សភា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប្រទេសនេះ បាន បញ្ជាក់ថា កូរ៉េខាងត្បូងនឹងប្តឹងឡើងទៅកាន់អង្គការ WTO ក្រោយពេលចិនបំពានទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ក្រោយពេលដែល បានបិទ ក្រុមហ៊ុនកូរ៉េខាងត្បូង និង រារាំងអ្នកទេសចរចូលទៅកាន់ប្រទេសនេះ៕ ម៉ែវ សាធី