ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក និងអឺរ៉ុបមានទស្សនៈផ្ទុយគ្នាពីវាសនាប្រធានាធិបតីស៊ីរី

ចែករំលែក៖

នៅពេលដែលសង្គ្រាមវាយប្រហារ ក្រុមភេរវកម្មនៅក្នុងប្រទេសស៊ីរីកាន់តែសកម្ម ហើយទទួលបានជោគជ័យជាបន្តបន្ទាប់ ។ នៅពេលនេះ ប្រទេសលោកខាងលិច ក្នុងនោះមានអាមេរិក និងអឺរ៉ុប មានគំនិតខ្វែងគ្នា ស្តីពីជោគវាសនារបស់ ប្រធានាធិបតីអាល់ អាសាដ។

កន្លងមកថ្មីៗ មន្ត្រីការបរទេសអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ បានលើកឡើងថា អាមេរិកមិនផ្តោតសំខាន់ទៅលើការចាកចេញរបស់លោក អាល់ អាសាដ ទៀតឡើយ ក្នុងការដោះស្រាយវិបត្តិនៅស៊ីរី ។ ទាំងនោះបានបញ្ចាក់យ៉ាងច្បាស់ថា អាមេរិកគាំទ្រលោកអាល់ អាសាដ បន្តកាន់តំណែង ដូចប្រទេសរុស្ស៊ីផងដែរ ។

ចំណែកសម្ពន្ធមិត្តរបស់អាមេរិក គឺអឺរ៉ុបវិញ មិនយល់ព្រមឡើយ ។ ប្រមុខការទូតសហភាពអឺរ៉ុបបានរំលឹកអំពីជំហរនយោបាយរបស់ខ្លួនថា សម្រាប់អឺរ៉ុប លោក អាល់ អាសាដ ប្រធានាធិបតីស៊ីរីមិនអាចបន្តមានអំណាចក្នុងរដ្ឋាភិបាលអន្តរកាលទេ ។ ជាជំហរដែលផ្ទុយស្រឡះ ពីសហរដ្ឋអាមេរិក និងពិសេសពីបារាំងប្រទេសជាសមាជិកសហភាព ។

មិនអាចទៅរួចទេ ដែលស៊ីរីនាពេលអនាគតត្រូវនៅដដែលដូចកាល៦ឆ្នាំកន្លះមុន (មុនសង្គ្រាម) ។ អ្នកមានសិទ្ធិសម្រេចជ្រើសរើសមេដឹកនាំគឺពលរដ្ឋស៊ីរី តែសម្រាប់ក្រសែភ្នែកអឺរ៉ុប លោក បាសា អាល់ អាសាដ មិនអាចបន្តកាន់អំណាច នៅពេលមានអន្តរកាលនយោបាយឡើយ ។ នេះជាប្រសាសន៍របស់លោកស្រីប្រមុខការទូតសហភាពអឺរ៉ុប ។

រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ ក៏យល់ដូចគ្នាថា ពេលរដ្ឋស៊ីរីជាអ្នកជ្រើសរើសប្រធានាធិបតី និងរដ្ឋាភិបាលរបស់គេហើយការដោះស្រាយវិបត្តិដោយយកបញ្ហាលោក អាសាដ មកដាក់មុខនឹងធ្វើឱ្យជាប់គាំងមែន ប៉ុន្តែអឺរ៉ុបគ្មានជំហររក្សាទុកជនផ្តាច់ការ ប្រព្រឹត្តឧក្រិដ្ឋកម្មក្នុងតំបន់ហើយបានរួចទោស ព្រោះបានប្រយុទ្ធប្រឆាំងនឹងពួកអង្គការភេរវនិយមរដ្ឋអ៊ីស្លាមទេ ។

ក្នុងឱកាសប្រជុំប្រចាំខែ ក្រៅអំពីបានអំពាវនាវឱ្យរុស្ស៊ី ទួរគី និងអ៊ីរ៉ង់ឱ្យគោរពពាក្យសន្យាត្រួតពិនិត្យបទឈប់បាញ់ សហភាពអឺរ៉ុបទាំង២៨ បានអនុម័តថា ស៊ីរីនឹងគ្មានសន្តិភាពជានិរន្តទេ បើសិ្ថតក្រោមមេដឹកនាំចាស់ដដែលនេះ ៕ ម៉ែវ សាធី

asada-1132x670


ចែករំលែក៖