ព័ត៌មានទាន់ហេតុការណ៍៖

សាលាឧទ្ធរណ៍​សម្រេច​មិន​ត្រឹម​ត្រូវ​ ,​ តុលាការកំពូល​ឲ្យ​ឧទ្ធរណ៍​ជម្រះ​ម្តង​ទៀត​ រឿង​ក្តី​ឈ្មួញ​ដី​ប្តឹង​ស្ត្រី​ម្នាក់​​

ចែករំលែក៖

ភ្នំពេញ​៖ តុលាការ​កំពូល​ សម្រេច​បង្វិល​សំណុំ​រឿង​ក្តី​ព្រហ្មទណ្ឌ​មួយ​ ដោយ​មាន​ដើម​បណ្ដឹង​ឈ្មោះ​ ហ៊ុន​ ប៊ុនធឿន​ ហៅ​តាលាង​ ជា​ឈ្មួញ​ដី​ដ៏​មាន​ឥទ្ធិពល​ ប្តឹង​ស្ត្រី​ម្នាក់​ពីបទ​បរិហារកេរ្តិ៍​ទាមទារ​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​ ទៅ​សាលាឧទ្ធរណ៍វិញ​ ដើម្បី​​ជំនុំជម្រះ​ម្តង​ទៀត​ ។

អនុប្រធាន​​តុលាការ​កំពូល​ លោក​ ឃឹម​ ប៉ុណ្ណ​ នៅ​ព្រឹក​ថ្ងៃ​ទី​២១​ ខែ​មេសា​ យល់​ថា​ ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​មិន​ត្រឹម​ត្រូវ​នោះ​ទេ​ ។​ ដូច្នេះ​សម្រេច​បង្វិល​រឿង​ក្តី​នេះ​ ទៅ​សាលាឧទ្ធរណ៍​ ជំនុំជម្រះ​ម្តង​ទៀត​ ។

នា​សវនាការ​កន្លង​ទៅ​ ស្ត្រី​ម្នាក់​បាន​ទ្រហោ​យំ​ចំពោះ​មុខ​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល​ ដោយ​សុំ​ឲ្យ​ស្ថាប័ន​កំពូល​មួយ​នេះ​ រក​យុត្តិធម៌​ ករណី​ទំនាស់​ជាមួយ​លោក​ ហ៊ុន​ ប៊ុនធឿន​ ហៅ​តាលាង​ ដែល​គេ​ស្គាល់​ថា​ជា​ឈ្មួញ​ដី​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ ។

សម្លេង​ទ្រហោ​យំ​នេះ​ បាន​បន្លឺ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​៧​ ខែ​មេសា​ ឆ្នាំ​២០១៧​ នា​សវនាការ​តុលាការ​កំពូល​ ។

ឯកសារ​តុលាការ​កំពូល​ បង្ហាញ​ថា​ តុលាការ​កំពូល​ជំនុំជម្រះ​រឿង​ក្តី​បរិហារកេរ្តិ៍​ជា​សាធារណៈ​ ដោយ​មាន​ជនជាប់ចោទ​ឈ្មោះ​ ឃួន​ ម៉ាលីន​ ភេទស្រី​ អាយុ​៥២ឆ្នាំ​ និង​ មាន​ដើម​បណ្ដឹង​ឈ្មោះ​ ហ៊ុន​ ប៊ុនធឿន​ ហៅ​តាលាង​ ភេទ​ប្រុស​ អាយុ​៥៨ឆ្នាំ​ ។​

ចៅក្រម​របាយការណ៍​តុលាការ​កំពូល​ ថ្លែង​ថា​ ជនជាប់ចោទ​ឈ្មោះ​ ឃួន​ ម៉ាលីន​ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាលពី​ឆ្នាំ​២០១២​ ផ្តន្ទា​ទោស​ពិន័យ​ជា​ប្រាក់​ចំនួន​១លាន​រៀល​ និង​សង​សំណង​ជំងឺ​ចិត្ត​ដល់​ដើម​បណ្ដឹង​ចំនួន​១២០០០ដុល្លារ​អាមេរិក​ ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​ ។​ ប៉ុន្តែ​ការ​សម្រេច​នេះ​ ត្រូវបាន​លោក​ស្រី​ ឃួន​ ម៉ាលីន​ ប្តឹង​មក​សាលាឧទ្ធរណ៍​ ។

សាលាឧទ្ធរណ៍​ កាលពី​ឆ្នាំ​២០១៣​ បាន​តម្កល់​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ទុក​ជា​បាន​ការ​ដដែល​ ដោយ​គ្រាន់​តែ​កែប្រែ​សំណង​ជំងឺ​ចិត្ត​ចំនួន​១២០០០ដុល្លារ​អាមេរិក​ មក​ជា​៣០លាន​រៀល​វិញ​ ។​ ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​ ទាំង​ជនជាប់ចោទ​និង​ដើម​បណ្ដឹង​ បាន​ប្តឹង​សាទុក្ខ​មក​តុលាការ​កំពូល​ ។

នា​ពេល​សវនាការ​ លោក​ស្រី​ ឃួន​ ម៉ាលីន​ ដៃ​កាន់​ឈើ​ច្រត់​ក្រោយ​ទើប​វះកាត់​បាន​៧ថ្ងៃ​ អះអាង​ប្រាប់​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ ថា​ លោក​ស្រី​ពុំ​បាន​បរិហារកេរ្តិ៍​ តា​លាង​ តាម​រយៈ​សារព័ត៌មាន​ដូច​ការ​ចោទប្រកាន់​នោះទេ​ ។​ លោក​ស្រី​ បាន​ទទួល​រង​ភាព​អយុត្តិធម៌​យ៉ាង​ខ្លាំង​ពី​សំណាក់​ តាលាង​ ដែល​បាន​រំលោភ​ដី​ធ្លី​របស់​លោក​ស្រី​ ។​

ដោយ​ឡែក​លោក​ ម៉ក់​ ប៊ុណ្ណា​ និង​លោក​ វ៉ា​ ពិសី​ មេធាវី​ការពារ​ជនជាប់ចោទ​ សំណូមពរ​ឲ្យ​តុលាការ​កំពូល​រក​យុត្តិធម៌​ជូន​កូន​ក្ដី​ និង​ ទម្លាក់​ការ​ចោទប្រកាន់​នេះ​ ៕ ចេស្តា

ហ៊ុន​ ប៊ុនធឿន​ ហៅ​តាលាង

 


ចែករំលែក៖