ព័ត៌មានទាន់ហេតុការណ៍៖

ចិនដាក់នាវាផ្ទុកយន្តហោះទីពីរចុះទឹក

ចែករំលែក៖

នៅព្រឹកថ្ងៃទី២៦ ខែមេសា ចិនបានដាក់នាវាផ្ទុកយន្តហោះទីពីរ របស់ខ្លួនចុះទឹកហើយ ការដាក់ចុះនោះ ស្ថិតនៅទីតាំងផលិតនាតំបន់ដាលាន ខេត្តលីវនីញ។

នាវាផ្ទុកយន្តហោះទីពីរនេះ គឺផលិតដោយបច្ចេកវិទ្យាចិនផ្ទាល់ ត្រូវបានដាក់ពីលើដីគោក ចុះក្នុងទឹក ស្ថិតនៅទីតាំងផលិតកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៦ ខែមេសា ។ នេះជានាវាទីពីរ ហើយនាវាផ្ទុកយន្តហោះទីមួយឈ្មោះ លីវនីញ ទិញពីប្រទេសអ៊ុយក្រែនហើយកែលម្អដាក់ឲ្យប្រើប្រាស់នៅក្នុងជួរកម្លាំងទាហានជើងទឹកចិនកាលពីឆ្នាំ២០១២។

នាវាផ្ទុកយន្តហោះថ្មីរបស់ចិនជាប្រភេទ Type-001A មិនទាន់ដាក់ឈ្មោះនៅឡើយ ។ នាវាខាងលើមានចំណុះ៧០ពាន់តោន មានប្រវែង ៣១៥គីឡូម៉ែត្រ ទទឹង៧៥ម៉ែត្រ គឺធំជាងបន្តិចនឹងនាវាផ្ទុកយន្តហោះមុន ។

តាមគម្រោង នាវាផ្ទុកយន្តហោះទីពីរ ត្រូវដាក់ចុះតាំងពីថ្ងៃទី២៣ ខែមេសា ជាថ្ងៃគម្រប់ខួប៦៨ឆ្នាំ ថ្ងៃបង្កើនកម្លាំងទាហានជើងទឹក ប៉ុន្តែដោយមិនអំណោយផល ទើបពន្យារពេល ដល់ថ្ងៃទី២៦ ខែមេសា។

បើទោះបីនាវាផ្ទុកយន្តហោះType-001A និង លីវនិញ មានរូបរាងដូចគ្នា ប៉ុន្តែនាវាថ្មីនេះ ចិនបានបំពាក់សម្ភារទំនើបៗ ជាងនាវាមុន ក្នុងនោះមានទាំងតំបន់ផ្ទុកយន្តហោះ ធំជាង អាចផ្ទុកយន្តហោះបានច្រើន ។

ការដាក់នាវាផ្ទុកយន្តហោះខាងលើ ក្នុងពេលដែលស្ថានភាព ក្នុងតំបន់កំពុងតែតានតឹង ក្នុងនោះ មានវិវាទនៅសមុទ្រចិនភាគខាងត្បូង និង ឧបទ្វីបកូរ៉េ ។

នៅក្នុងព្រឹត្តិការមួយផ្សេងទៀត ប្រទេសចិន គឺកំពុងតែដំណើរការអភិវឌ្ឍនូវរោងចក្រផលិតថាមពលនុយក្លេអ៊ែរ ជាច្រើនបន្ថែមទៀត ដើម្បីជាប្រយោជន៍សំខាន់ដល់កងកម្លាំងយោធារបស់ខ្លួន នៅក្នុងតំបន់ជម្លោះដែនសមុទ្រចិនខាងត្បុង និងក៏ដូចជាការជួយផ្គត់ផ្គង់អគ្គិសនី ដល់តំបន់កោះដាច់ស្រយាលដែលស្ថិតនៅក្នុងតំបន់ជម្លោះនោះដែរ ។

យោងតាមការអះអាង របស់លោកអនុប្រធានការិយាល័យទទួលបន្ទុកផ្នែកការងារវិទ្យាសាស្ត្រ របស់រដ្ឋាភិបាលចិន ស្ថិតក្រោមក្រសួងការពារជាតិ លោក Wang Yirenថា ចិនកំពុងដាក់អាទិភាពការងារទៅលើគម្រោងការមួយ ដែលនឹងសាងសង់រោងចក្របណ្តែតទឹក ឲ្យបាន២០គ្រឿងនៅក្នុងរយៈពេលត្រឹមតែ ៥ឆ្នាំខាង មុខនេះ ហើយនឹងដាក់ពង្រាយវាទៅតាមតំបន់នានានៅក្នុងតំបន់ជម្លោះ ដែនសមុទ្រចិនខាងត្បូង ។

គួរបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្នប្រទេសចិនកំពុងដំណើរការរោងចក្រផលិតថាមពលនុយក្លេអ៊ែរ ដល់ទៅ២៣កន្លែង ហើយចំណែកឯរោងចក្រចំនួន២៧កន្លែងទៀត កំពុងស្ថិតនៅក្រោមការដ្ឋានសាងសង់នៅឡើយ ដែលចំនួននេះគឺស្មើនឹង១ភាគ៣ នៃរោងចក្រនុយក្លេអ៊ែរ ដែលមិនទាន់រួចរាល់សរុបដែលមាននៅលើលោក៕ ម៉ែវ សាធី


ចែករំលែក៖