ព័ត៌មានទាន់ហេតុការណ៍៖

លោក ព្រុំ ប៊ុនយី ៖ កីឡាសំខាន់ គឺពង្រឹងកាយសម្បទានោះនឹងអាចសម្លឹងរកជ័យជម្នះបានហើយ

ចែករំលែក៖

ភ្នំពេញ ៖ លោក ព្រុំ ប៊ុនយី ទីប្រឹក្សា ក្រសួងអប់រំយុវជននិងកីឡាបានលើកឡើងថា កម្មវត្ថុកីឡាគឺការពង្រឹងកាយសម្បទាឲ្យរឹងមាំ និងការតាំងចិត្តអត់ធ្មត់ជាអតិបរមានោះយើងនឹងអាចសម្លឹងឃើញជ័យជម្នះជាពុំខានឡើយ ។ លោកទីប្រឹក្សាលើក ឡើងបែបនេះក្នុងពិធីបិទការប្រកួតកីឡាបាល់បោះរទេះជនពិការមិត្តភាពរវាងក្រុមបាល់បោះជនពិការនារី ខេត្តបាត់ដំបងជាមួយក្រុមបាល់បោះលើខេត្តកំពង់ស្ពឺក្រោយពីបញ្ចប់ការបោះជំរំហ្វឹកហាត់រួមគ្នាកាល ពីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ ក្នុងវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ។

លោក ព្រំ ប៊ុនយី មានប្រសាសន៍បន្តថា ការតាំងចិត្តធ្វើជាអ្នកកីឡាគឺទាមទារឱ្យយើងមានការអត់ធ្មត់ជាចាំបាច់ព្រោះថា កម្មវត្ថុរបស់កីឡា គឺជាការពង្រឹងកាយសម្បទាឱ្យបានមាំមួន ហើយចិត្តជាអ្នកកីឡាការឈ្នះឬចាញ់គឺជារឿងធម្មតា សំខាន់ឱ្យតែយើងទាំងអស់គ្នាអត់ធ្មត់ជាអតិបរមា ហើយការខិតខំហ្វឹកហាត់ទាំងផ្លូវកាយទាំងផ្លូវចិត្ត បញ្ញាស្មារតីនោះ យើងនឹងទទួលបានមកវិញនូវជោគជ័យក្នុងការប្រកួតជាក់ជាពុំខានឡើយ ។

លោកបានបន្តទៀតថា ចំពោះការខិត ខំប្រឹងប្រែងហ្វឹកហាត់របស់កីឡាករកីឡាការិនីជនពិការនៅពេលនេះបានបង្ហាញយ៉ាងច្បាស់អំពីការចូលរួមរបស់ជនពិការយើងហើយការខំប្រឹងនេះកើតចេញពីការអំណត់តស៊ូ ស្មារតី និងទឹកចិត្ត ពិសេសការគាំទ្រពីអ្នកដែលនៅជុំវិញខ្លួនរបស់ពួកគាត់។ បើទោះបីជាការបោះជំរំហ្វឹកហាត់នេះមាន រយៈពេលខ្លីក៏ពិតមែនប៉ុន្តែវាបានបង្ហាញ ឲ្យឃើញនូវការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ និងការផ្តល់ឱកាសចំពោះជនពិការឲ្យបានចូលរួមលេងកីឡាដូចមនុស្សធម្មតាដែរ។ ចំពោះកម្មវិធីបោះជំរំហ្វឹកហាត់របស់ក្រុមកីឡាបាល់បោះរទេះជនពិការនារី ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ និងបានរៀបចំឲ្យមានការប្រកួតជាលក្ខណៈមិត្តភាព ជាលទ្ធផលក្រុមកីឡាបាល់បោះរទេះជនពិការនារីខេត្តបាត់ដំបង ឈ្នះក្រុមកីឡាបាល់បោះរទេះជនពិការនារីខេត្តកំពង់ស្ពឺ ។

គួរបញ្ជាក់ថា កម្មវិធីនេះសហព័ន្ធកីឡាបាល់បោះកម្ពុជាសហការជាមួយស្ថានទូតកាណាដា ប្រចាំនៅកម្ពុជានិងកាកបាទ ក្រហមកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់ទីតាំងសម្រាប់ហ្វឹកហាត់និងរៀបចំការប្រកួត ៕ សារីម


ចែករំលែក៖