អាមេរិកបាញ់មីស៊ីល ICBM ចូលទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក ក្នុងពេលដែលមានភាពតានតឹងរវាងអាមេរិក នឹងកូរ៉េខាងជើង។
នៅថ្ងៃទី២៧ ខែមេសា នៅទីតាំងទាហានអាកាស Vandenberg រដ្ឋកាលីហ្វ័រនីញ៉ា ទហានអាកាសអាមេរិក បានបាញ់មីស៊ីលឆ្លងទ្វីបមួយគ្រាប់ ចូលទៅកាន់មហាសមុទ្រ ។
សារព័ត៌មាន Fox News បានផ្សាយថា ទាហានអាកាសអាមេរិក បានបញ្ជាក់ថា ការសាកល្បងខាងលើធ្វើឡើងនៅវេលាម៉ោង ១២និង៣នាទី ថ្ងៃទី២៦ ខែមេសា (ម៉ោងនៅអាមេរិក) ។ ប្រភេទមីស៊ីល Minuteman III បានបាញ់ចេញពីទីបញ្ជាការទាហានអាកាស E-6 Mercury ។ កាំជ្រួចមីស៊ីលខាងលើ មិនបំពាក់ក្បាលគ្រាប់បរមាណូនោះឡើយ ហើយហោះហើរបានចម្ងាយ ៦.៨០០គីឡូម៉ែត្រ ក៏ធ្លាក់ចូលសមុទ្រ ជិតកោះ Marshall ភាគខាងត្បូងប៉ាស៊ីហ្វិក ។
លោក Chris Moss មេបញ្ជាការកងទ័ពអាកាស ប្រចាំនៅទីតាំង Vandenberg បានបញ្ជាក់ថា ការសាកល្បងខាងលើដើម្បីបង្ហាញពីសម្ថភាពការពារមីស៊ីលរបស់អាមេរិក។ មីស៊ីលឆ្លងទ្វីប Minutemen III ស្ថិតនៅក្នុងក្រុមអាវុធ បរមាណូរបស់អាមេរិក ក្នុងនោះមាន យន្តហោះទម្លាក់គ្រាប់ រយៈចម្ងាយឆ្ងាយ B-52 Stratofortress និង B-2 Ppirit ដែលអាចទម្លាក់គ្រាប់បែកបរមាណូ នៅគ្រប់ទិសទី ។ ក្រៅពីនេះ នៅមានក្រុមនាវាមុជទឹក បំពាក់មីស៊ីលបរមាណូ ។
ប្រភេទកាំជ្រួចមីស៊ីលMinutemen III មានរយៈពេល ប្រើប្រាស់ រហូតដល់ទៅ ៦០ ឆ្នាំ ប៉ុន្តែអាមេរិកបានអភិវឌ្ឍន៍ ឲ្យកាន់តែទំនើបជាបន្តបន្ទាប់។ បច្ចុប្បន្នអាមេរិកមានមីស៊ីលMinutemen III ៤៥០ដើម រក្សាទុកនៅទីតាំងទ័ពអាកាស៣ កន្លែងផ្សេងគ្នា ។
ក្រុមអ្នកឯកទេសបានបញ្ជាក់ថា ការសាកល្បង មីស៊ីលរបស់អាមេរិកនាពេលនេះ ធ្វើឲ្យស្ថានភាពកាន់តែតានតឹង ថែមទៀត ក្នុងពេលដែលកំពុងតានតឹងជាមួយកូរ៉េខាងជើង នោះ។
លោក David Krieger ប្រធានអង្គការសន្តិភាព បរមាណូពិភពលោក បានបញ្ជាក់ថា« អាមេរិក មានហេតុផលពីរ នៅក្នុងការសាកល្បងបរមាណូ ខាងលើ ដោយបញ្ជាក់ថា ការសាកល្បងរបស់អាមេរិក គឺមានផលប្រយោជន៍ ចំណែកការសាកល្បងគ្រាប់របស់កូរ៉េខាងជើង ជាការគំរាមកំហែង បង្កអសន្តិសុខ»។
ចំណុចទាំងនោះហើយបានជាអាមេរិករងការថ្កោលទោសពីកូរ៉េខាងជើង និងប្រទេសអីរ៉ង ហេតុអ្វីអាមេរិកបាញ់សាកល្បងមីស៊ីលបាន តែអីរ៉ង និងកូរ៉េខាងជើង បាញ់សាកល្បងមិនបាន ។ មតិមួយចំនួនបានលើកឡើងថា អាមេរិកមានសិទ្ធិការពារជាតិ ចំណែកប្រទេសដទៃ មិនមានសិទ្ធិផលិតអាវុធសម្រាប់ការពារជាតិទេឬ? ៕ ម៉ែវ សាធី