ភ្នំពេញ៖ ក្រោយពីទទួលដំណឹងពីស្ថានភាពជំងឺរបស់តារាសម្តែង និងកំប្លែង ស៊ូសាវ៉ាង ហៅតា ហ៊្វុយសូ ដែលត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ នោះ សិល្បករ និងអភិបាលខណ្ឌមានជ័យបានធ្វើដំណើរទៅសាកសួរសុខទុក្ខ និងផ្តល់កម្លាំងចិត្តផ្ទាល់ដល់មន្ទីរពេទ្យ។ ការសាកសួរសុខទក្ខនេះ ត្រូវបានធ្វើឡើងកាលពីយប់ថ្ងៃទី២៦ ខែមេសា នៅមន្ទីរពេទ្យកាល់ម៉ែត ។
សប្បុរសជនមួយចំនួនបានទៅសួរសុខទុក្ខភ្លាមៗនេះ មានវត្តមានរបស់លោកពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ, អតីតតារាកំប្លែងលោក ទុំ សារ៉ុត ហៅនាយឃ្លោក អគ្គនាយកក្រុមហ៊ុនអីវ៉ូ, លោកអ៊ឹម ជីវ៉ា និងលោក ប៊ី លីហួរជាដើម។
សប្បុរសជនទាំងអស់បានសាកសួរសុខ ទុក្ខ និងផ្តល់កម្លាំងចិត្តដល់តា ហ៊្វុយសូ និងក្រុមគ្រួសារឲ្យតស៊ូជាមួយនឹងក្តីសង្ឃឹមក្នុងជីវិត។ ជាមួយគ្នានេះ អ្នកទាំងអស់គ្នា ក៏បានស្នើឲ្យសប្បុរសជន មេត្តាបន្តជួយឧបត្ថម្ភ និងលើកទឹកចិត្តដល់លោកតា ហ៊្វុយសូ និងក្រុមគ្រួសារ ព្រោះតែលោកតា ហ៊្វុយសូ មានបន្ទុកធ្ងន់ ដោយត្រូវទំនុកបម្រុងក្មេងកំព្រាជិត២០នាក់ ដែលត្រូវសិក្សារៀនសូត្រ និងទទួលទានអាហារប្រចាំថ្ងៃ។
ក្នុងការចុះសួរសុខទុក្ខនោះ លោកពេជ្រ កែវមុនី អភិបាល នៃគណអភិបាលខណ្ឌមានជ័យបានឧបត្ថម្ភចំនួន២០០ដុល្លារអាមេរិក ។ លោក
ឧកញ្ញ៉ា ទុំ សារុត ហៅនាយ ឃ្លោក អគ្គនាយកក្រុមហ៊ុនអ៊ីវ៉ូអាហារបំប៉នសុខភាព បានឧបត្ថម្ភចំនួន១០០ដុល្លារអាមេរិក ។
គួរបញ្ជាក់ដែរថា តារាសម្តែង និងកំប្លែងជើងចាស់ ស៊ូសាវ៉ាង ហៅតា ហ៊្វុយសូ មានវ័យ៧៤ឆ្នាំ ដែលមានជំងឺថ្លើមនោះ បានធ្លាក់ខ្លួនឈឺធ្ងន់ រហូតត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ កាលពីថ្ងៃទី២៦ ខែមេសា។ ទោះស្ថិតក្នុងស្ថានភាពធ្ងន់ ដែលក្រុមវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យកាល់ម៉ែតពិបាកនឹងជួយសង្គ្រោះក្តី ក៏ក្រុមគ្រួសារនៅតែមិនអស់ចិត្ត និងមានបំណងបញ្ជូនទៅសង្គ្រោះនៅប្រទេសជិតខាង ប៉ុន្តែគ្មានលទ្ធភាព។
អ្វីដែលកាន់តែមានការព្រួយបារម្ភ គឺនៅមានក្មេងកំព្រាប្រមាណ១៦នាក់ផ្សេងទៀត ដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោកតា ហ៊្វុយសូ ក្នុងអង្គការ N.A.C.A ។ ក្រុមគ្រួសាររបស់លោកតាហ៊្វុយសូក៏ស្នើឲ្យមហាជនដែលបានដឹងអំពីវិធីសាស្ត្រនៃការព្យាបាលជំងឺនេះមេត្តាជួយផ្តល់ដំណឹងតាមរយៈលេខទូរស័ព្ទ 016622200និងលេខ011622211 ៕ វឌ្ឍនា