សេតវិមានបានប្រកាសថា កាលពីថ្ងៃទី២៩ ខែមេសា ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានអញ្ជើញលោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីនឲ្យបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន ជាលក្ខណៈមិត្តភាព ។ មេដឹកនាំប្រទេសទាំងពីរ នឹងពិភាក្សាគ្នាអំពីការគំរាមកំហែងរបស់កូរ៉េខាងជើងផងដែរ ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃទី៣០ ខែមេសា ។
ការប្រកាសរបស់សេតវិមានខាងលើនេះ បានកើតឡើងដំណាលគ្នានឹងស្ថានការណ៍កំពុងក្តៅខ្លាំងក្នុងបញ្ហាអាវុធនុយក្លេអ៊ែរ និងកាំជ្រួចមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង ក្រោយប្រទេសនេះបាញ់សាកល្បងមីស៊ីលបន្តបន្ទាប់ចុងក្រោយនេះ ក៏ដូចការរិះគន់ជាសកលលើនយោបាយប្រឆាំងគ្រឿងញៀនរបស់លោក Duterte សម្លាប់មនុស្សរាប់ពាន់នាក់ ។
សេចក្តីប្រកាសបញ្ជាក់ថា ជាលក្ខណៈមិត្តភាពក្នុងការពិភាក្សានោះ មេដឹកនាំប្រទេសទាំងពីរនឹងផ្តោតទៅលើបញ្ហាពាក់ព័ន្ធរបស់អាស៊ាន ដូចជាបញ្ហាសន្តិសុខ ព្រមទាំងការគំរាមកំហែងរបស់កូរ៉េខាងជើង ។ ថ្នាក់ដឹកនាំទាំងពីរ ពិិភាក្សាពីការពិតដែលថា រដ្ឋាភិបាលហ្វីលីពីនប្រយុទ្ធយ៉ាងដាច់អហង្កាក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀន ហើយដែលបញ្ហាគ្រឿងញៀននេះឯងបាននិងកំពុងធ្វើឲ្យប្រទេសជាច្រើនក្នុងពិភពលោករងទុក្ខលំបាកដែរនោះ ។
សេតវិមានបញ្ជាក់ថា ប្រធានាធិបតី ត្រាំ រីករាយនៅក្នុងការពិភាក្សាគ្នានេះ ព្រមដោយការទន្ទឹងរង់ចាំដើម្បីចូលរួមកិច្ចប្រជុំពិសេស អាមេរិក អាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីខាងកើតនៅប្រទេសហ្វីលីពីន ក្នុងខែវិច្ឆិកា ខាងមុខ ។
វិមាន Malacanang ក្នុងអំឡុងពេលនេះដែរ បញ្ជាក់ថា លោកត្រាំ បានបញ្ជាក់ថា ដំណើរទស្សនកិច្ចទៅកាន់ហ្វីលីពីនពេលនោះ ធ្វើឡើងក្នុងនាមហ្វីលីពីនជាប្រទេសសម្ពន្ធមិត្តរបស់អាមេរិក ។
ភ្នាក់ងារព័ត៌មាន GMA News បានផ្សាយថា លោក Ernesto Abella អ្នកនាំពាក្យប្រធានាធិបតីអាមេរិកថ្លែងថា អំឡុងពេលទូរស័ព្ទនោះ លោកដូណាល់ ត្រាំ បញ្ជាក់ថា លោកមានមហិច្ឆតាទំនាក់ទំនងមិត្តភាពជាមួយប្រធានាធិបតី Duterte ។ មេដឹកនាំទាំងពីរពិភាក្សាស្តីអំពីទំនាក់ទំនងសម្ពន្ធមិត្តអាមេរិក ហ្វីលីពីន និងវឌ្ឍនភាពក្នុងការអភិវឌ្ឍន៍ប្រកបដោយភាពកក់ក្តៅ ។
មានការព្រួយបារម្ភថា ក្រោមរបបដឹកនាំរបស់ Duterte ហ្វីលីពីនបាននិងកំពុងធ្វើខ្លួនឲ្យរសាត់ឆ្ងាយបន្តិចម្តងពីអ្វីដែលហៅថាសម្ពន្ធមិត្តយូរលង់ជាមួយអាមេរិក ដោយសង្ស័យថា ងាកទៅរកប្រទេសចិនវិញ ។
កាលពីដើមខែកន្លងមកនេះ អនុប្រធានាធិបតី Mike Pence ថ្លែងថា ប្រធានាធិបតី ដូណាល់ ត្រាំ អាចចូលរួមប្រជុំអាស៊ាននោះ ជាសញ្ញាមួយថា អាមេរិកមិនអាចបោះបង់ចោលតំបន់មួយនេះទេ ៕ ថាច់ យ៉ាត