ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ កាលពីថ្ងៃតី៣០ ខែមេសា បានជួបពិភាក្សាតាមទូរស័ព្ទជាមួយសម្ពន្ធមិត្ត៣ប្រទេសនៅក្នុងតំបន់អាស៊ានស្តីពីបញ្ហាកូរ៉េខាងជើង ។ សារព័ត៌មានរ៉យទ័របានផ្សាយថា លោកត្រាំបានជួបពិភាក្សាជាមួយមេដឹកនាំថៃ សិង្ហបុរី និងហ្វីលីពីន។ នៅពេលសន្ទនា លោកត្រាំបានអញ្ជើញមេដឹកនាំទាំង ៣ទស្សនកិច្ចទៅកាន់អាមេរិក ។
មន្ត្រីអាមេរិកមួយរូបដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា នៅក្នុងការសន្ទនា មេដឹកនាំអាមេរិក និង៣ប្រទេសនៃសមាគមអាស៊ាន បានផ្តោតសំខាន់ទៅលើការដាក់គំនាបសេដ្ឋកិច្ច និងកិច្ចការបរទេសដល់កូរ៉េខាងជើង។
នៅយប់ថ្ងៃទី២៩ ខែមេសា លោកត្រាំបានជួបពិភាក្សាជាមួយប្រធានាធិបតីហ្វីលីពីនលោក ឌូទឺរទេ ហើយបានអញ្ជើញលោកទស្សនកិច្ចទៅកាន់អាមេរិកផងដែរ ។ សកម្មភាពខាងលើរបស់លោកត្រាំ កើតឡើងក្រោយពេលកូរ៉េខាងជើងបន្តសាកល្បងមីស៊ីល ក៏ដូចជាក្រោយពេលដែលកូរ៉េខាងជើងស្នើដល់ប្រទេសក្នុងតំបន់អាស៊ានជួយគាំទ្រប្រឆាំងអាមេរិកផងដែរ ។
កាលពីសប្តាហ៍កន្លងមកលោកត្រាំ បានជួបពិភក្សាជាមួយមេដឹកនាំចិន និងជប៉ុនតាមទូរស័ទ្ទស្តីពីបញ្ហាកូរ៉េខាងជើងផងដែរ ។
លោក ReincePriebusប្រធានការិយាល័យសេតវិមានបានឲ្យដឹងថា « យើងចាំបាច់ត្រូវតែសហការ ជាមួយប្រទេសក្នុងតំបន់ ដើម្បីឲ្យមាន ការយល់ស្របដូចគ្នា ។ ប្រសិនបើមានអ្វីកើតឡើងនៅកូរ៉េខាងជើង យើងនឹងមានការគាំទ្រដើម្បីទប់ទល់និងសកម្មភាពរបស់កូរ៉េខាងជើង។
ដោយសារតែបញ្ហាកូរ៉េខាងជើង លោកត្រាំបានផ្សះផ្សាទំនាក់ទំនង ជាមួយប្រទេសក្នុងតំបន់អាស៊ាន ដូចជា ហ្វីលីពីន និងថៃជាដើម ។ កន្លងមកអាមេរិកបានថ្កោលទោសយ៉ាងខ្លាំងដល់រដ្ឋាភិបាល របស់លោកឌូទឺទេ ដែលបានធ្វើសង្គ្រាមប្រឆាំងគ្រឿងញៀនសម្លាប់មនុស្សរហូតដល់ជាង៨ពាន់នាក់ ។ ចំណែកនាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចាន់អូចា រងការថ្កោលទោសយ៉ាងខ្លាំងពីអាមេរិក ក្រោយពេលលោកដឹកនាំ យោធាធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាល របស់អតីតនាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលជារដ្ឋាភិបាលមានភាពជិតស្និទ្ធនឹងអាមេរិក។
លោកត្រាំ បានឆ្លើយតបនឹងបទសម្ភាសន៍មួយនៅក្នុងកម្មវិធី Face The Nation របស់បណ្តាញព័ត៌មាន CBS បានផ្សាយកាលពីថ្ងៃទី៣០ ខែមេសាថា «ពាណិជ្ជកម្ម ជារឿងសំខាន់បំផុត ប៉ុន្តែយើងនៅមានសង្គ្រាមមួយធំជាងនេះទៀត ដែលអាចធ្វើឲ្យមនុស្សរាប់លាននាក់ស្លាប់» ។
ក្រុមអ្នកវិភាគ យល់ឃើញថា សកម្មរបស់ប្រធានាធិបតី អាមេរិក គឺដើម្បីអូសទាញប្រទេសជាសម្ពន្ធមិត្ត ឲ្យគាំទ្រ ខ្លួនជាមុន ទើបវាយប្រហារទៅលើកូរ៉េខាងជើង ។ បើលោកត្រាំ វាយប្រហារនៅពេលនេះ ប្រទេសក្នុងតំបន់អាស៊ីទាំងមូល ក្នុងនោះមានអាស៊ាន ប្រាកដជាប្រឆាំងជាក់ជាមិនខានឡើយ ដោយសារតែសង្គ្រាមធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចរួម ។ បច្ចុប្បន្ន អាស៊ីដើរតួនាទីយ៉ាងសំខាន់ លើបញ្ហាសេដ្ឋកិច្ចពិភពលោក ទាំងនោះហើយទើបលោកត្រាំ មិនអាចបើកការវាយប្រហារទៅលើកូរ៉េខាងជើង បើប្រទេសនៅក្នុងតំបន់ មិនគាំទ្រទេនោះ ។
ពេលនេះអាចនិយាយបានថា លោកត្រាំបានត្រៀមលក្ខណៈរួចរាល់សម្រាប់សង្គ្រាមជាមួយកូរ៉េខាងជើង ដោយរង់ចាំតែ ការងក់ក្បាលពីប្រទេសសម្ព័ន្ធមិត្តក្នុងតំបន់តែប៉ុណ្ណោះ ។ នៅពេលនេះដែរ សម្ព័ន្ធមិត្តអាមេរិក គឺបារាំងក៏បានបញ្ជូននាវាចម្បាំង មកកាន់ឧបទ្វីបកូរ៉េផងដែរ ដើម្បីចូលរួមនៅក្នុងសមយុទ្ធ ដែលគេយល់ថា ត្រៀមវាយប្រហារកូរ៉េខាងជើង ។
នាវាចម្បាំងដ៏ទំនើបរបស់បារាំងមួយគ្រឿងដែលមានឈ្មោះថា Mistral តាមសេចក្តីរាយការណ៍ បានធ្វើដំណើរមកដល់ផែប្រទេសជប៉ុន ដើម្បីចូលរួមធ្វើសហសមយុទ្ធយោធាមួយជាមួយនឹងជប៉ុនសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ដែលសមយុទ្ធនេះត្រូវគេសម្លឹងឃើញថា ជាគោលបំណងបង្ហាញអំណាចយោធាមួយដាក់ប្រទេសចិន ។
យោងតាមការចុះផ្សាយរបស់គេហទំព័រIbtimes នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ នាវាចម្បាំងបារាំងមួយគ្រឿងនេះ បានធ្វើដំណើរចូលមូលដ្ឋានទ័ពជើងទឹកជប៉ុន ស្ថិតនៅទីក្រុងណាហ្គាសាគិភាគខាងត្បូង បន្ទាប់មកនឹងបន្តចូលរួមសមយុទ្ធយោធានៅលើនិងជុំវិញកោះ Tinian មហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិច ហើយក្នុងសមយុទ្ធនោះកងទ័ពជើងទឹកបារាំងជប៉ុនអង់គ្លេស និងសហរដ្ឋអាមេរិកនឹង ហ្វឹកហាត់ចូលចតក្នុងទឹកនិងលើគោកនៅជុំវិញកោះ។
គួរបញ្ជាក់ផងដែរថា តាមសេចក្តីរាយការណ៍ សមយុទ្ធទ័ពជើងទឹកនេះ គឺត្រូវបានធ្វើឡើងចំពេលតែមួយដែលជប៉ុន និងសហរដ្ឋអាមេរិកត្រូវគេនិយាយថា កំពុងមានការព្រួយបារម្ភចំពោះយោធូបនីយកម្មរបស់ចិននៅដែនទឹកតំបន់ឆ្នេរក្រៅតំបន់កាន់កាប់របស់ខ្លួន និងនៅសមុទ្រចិនខាងត្បូង ហើយទ័ពជើងទឹកបារាំង ក៏មានការប្រុងប្រយ័ត្នចំពោះសកម្មភាពនៅសមុទ្ររបស់ចិនស្របពេល ដែលប៉ារីសក៏គ្រប់គ្រងកោះមួយចំនួននៅប៉ាស៊ីហ្វិកដូចជាកោះ New Caledonia និងកោះ French Polynesia ជាដើម ៕ ម៉ែវ សាធី