ការចាកចេញរបស់អង់គ្លេស អាចបង្កឲ្យមានភាពចលាចលនៅក្នុងសហគមន៍អឺរ៉ុប ពិសេសគឺនៅពេលដែលប្រទេសមួយចំនួនបានបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី ហើយបក្ខភាពមួយចំនួនមានទស្សនៈប្រឆាំងអឺរ៉ុបដូចជាបេក្ខភាពប្រធានាធិបតីបារាំងជាដើម។
ប៉ុន្តែនៅក្នុងកិច្ចប្រជុំប្រទេសជាសមាជិកបានព្រមព្រៀងគ្នា និងប្តេជ្ញាការពារអឺរ៉ុបមិនឲ្យបែកបាក់ឡើយ។ នៅក្នុងកិច្ចប្រជុំមាន ប្រធានបទជាច្រើនដែលសមាជិកសហភាពអឺរ៉ុបតែងខ្វែងគំនិតគ្នា ប៉ុន្តែនៅចំពោះមុខវិបត្តិ អង់គ្លេសចង់ដើរចេញពីអឺរ៉ុបសមាជិកទាំង២៧ បានសម្តែងការព្រមព្រៀងគ្នាជាឯកច្ឆន្ទ អនុម័តយុទ្ធសាស្ត្ររួមដែលទិសដៅគោលសម្រាប់យកទៅចរចាដាក់គំនាបលើអង់គ្លេស។
ផែនការ ចរចាBrexitត្រូវបានត្រៀមរៀបំជាស្រេចហើយ ! នេះបើតាមប្រសាសន៍របស់ប្រធានគណៈកម្មការអឺរ៉ុបលោកដូណាល់ទូស្កដែលបានគូសបញ្ជាក់អំពីភាពចាំបាច់ដែលប្រទេសជាសមាជិកទាំងអស់ ត្រូវរួបរួមគ្នា ជានិច្ចរយៈពេលពីរឆ្នាំរហូតដល់មានការព្រមព្រៀងដកអង់គ្លេសឱ្យផុតពីអឺរ៉ុប ។
គោលការណ៍នៃការចរចា ត្រូវផ្តោតជាអាទិភាពដំបូងទៅលើ ការការពារសិទ្ធិពលរដ្ឋអឺរ៉ុបដែលរស់នៅ និងធ្វើការនៅអង់គ្លេស (បីលាននាក់) ជាថ្នូរនឹងផ្តល់សិទ្ធិឱ្យពលរដ្ឋអង់គ្លេសអាចរស់នៅ និងធ្វើការ ក្នុងអឺរ៉ុប ។ អង់គ្លេសចង់លែងលះពីអឺរ៉ុបដូច្នេះត្រូវតែគិតគូរចែកទ្រព្យសម្បត្តិ ក្នុងកញ្ចប់ថវិកាសហគមន៍ដែរបើតាមការបូកដកគុណចែកទៅ អង់គ្លេសត្រូវសងអឺរ៉ុបក្នុងទំហំប្រមាណ៦០ពាន់លានអឺរ៉ូ ។ ចំណុចទីបីគឺបញ្ហា អៀរឡង់ខាងជើង ! អឺរ៉ុបមិនត្រូវការចង់ឃើញខេត្តអៀរឡង់ខាងជើងត្រូវពុះចែកព្រំដែន ជាមួយអង់គ្លេសទេ ។ នាយករដ្ឋមន្ត្រីអៀរឡង់អាចសុំចរចាជាមួយដៃគូ២៦ប្រទេសដើម្បីអៀរឡង់ខាងជើងបានចូលជា សមាជិកអឺរ៉ុបដោយស្វ័យប្រវត្តិ បើកាលណាកោះនេះរួបរួមគ្នាតែមួយ ។
នៅពេលចរចាបីចំណុចនេះសម្រេចហើយទើបអឺរ៉ុបចាប់ផ្តើមចរចាអំពីទំនាក់ទំនងអនាគត រវាងអង់គ្លេសនិងអឺរ៉ុប។សមាជិកសហភាពអឺរ៉ុបទាំង២៧ ក៏នឹងចាប់ផ្តើមពិនិត្យរើភ្នាក់ងារពីរគឺធនាគារ និងភ្នាក់ងារឱសថអឺរ៉ុប ដែលបច្ចុប្បន្នមានទីស្នាក់ការនៅអង់គ្លេសផ្ទេរទៅកាន់ទីតាំងផ្សេងក្នុងអឺរ៉ុបវិញ ។ ការចរចាអាចនឹងចាប់ផ្តើមក្រោយអង់គ្លេសបោះឆ្នោតសភាថ្ងៃទី៨មិថុនា រួច។
ការរួមគ្នាជាធ្លុងមួយ ទៅចរចា នឹងបម្រើឱ្យផលប្រយោជន៍អឺរ៉ុបគ្រប់គ្នា ! នេះជាទស្សនៈអន្តរការីអឺរ៉ុបទទួលបន្ទុកចរចាជាមួយអង់គ្លេស។ អឺរ៉ុបត្រូវតែចេះការពារប្រយោជន៍ខ្លួនឯង ! អង់គ្លេសត្រូវបង់ខាតអំពីការដើរចេញនេះ ! នេះជាការរំលឹករបស់ប្រធានាធិបតីបារាំងហ្វ្រង់ស័រ ហូឡង់បន្ថែមពីពាក្យព្រមានរបស់លោកស្រីប្រមុខដឹកនាំអាល្លឺម៉ង់ ទៅកាន់ អ្នកទទួលខុសត្រូវនយោបាយអង់គ្លេស ។ នាយករដ្ឋមន្ត្រីអង់គ្លេសយល់ថា សហភាពអឺរ៉ុបព្រួតគ្នាប្រឆាំងនឹងប្រទេសខ្លួន ៕ ម៉ែវ សាធី