ការធ្វើរដ្ឋប្រហារ មិនបានសម្រេចនៅក្នុងប្រទេសទួរគី បានក្លាយទៅជាឱកាស ដើម្បីឲ្យប្រធានាធិបតី អីដូ ហ្គាន ពង្រឹងអំណាចរបស់ខ្លួន តាមរយៈដកមន្ត្រី ដែលប្រឆាំងរូបលោកទាំងអស់ ចេញពីតំណែងដោយជំនួសវិញ មន្ត្រីជិតស្និទ្ធបំផុតរបស់លោក ។ ចំណុចទាំងនោះហើយ ដែលប្រធានាធិបតីទួរគីមានឱកាសកម្ចាត់ បុគ្គលដែលប្រឆាំងរូបលោក ការពារអំណាច ។
នៅពេលនេះមន្ត្រី រដ្ឋការ យោធា និងនគរបាល ប្រមាណជាង ៣៩០០នាក់ ដែលជាតំណាងនៃការគំរាមកំហែងសន្តិសុខជាតិ ត្រូវបានអាជ្ញាធរទួរគីព្យួរ និងដកហូតពីការងារ ។ ជាប្រតិបត្តិការ ដែលធ្វើឡើងក្នុងក្របខ័ណ្ឌបង្ក្រាបចលនាបះបោរ ក្រោយហេតុការណ៍រដ្ឋប្រហារមិនសម្រេច កាលពីខែកក្កដា ឆ្នាំ២០១៦។ នេះបើតាមការអះអាងរបស់រដ្ឋាភិបាលអង់ការ៉ា ក្នុងសារព័ត៌មានផ្លូវការ។
វិធានការ ថ្មីនេះ ជាការដាក់ទោសលើមន្ត្រីរដ្ឋការនៃក្រសួងយុត្តិធម៌ ចំនួន ១១២៧នាក់ ខ្លះជាក្រឡាបញ្ជី ខ្លះជាឆ្មាំពន្ធនាគារ លើគ្រូបង្រៀនចំនួន ៤៨៤នាក់ និង២០១នាក់ ជាបុគ្គលិកក្រសួងសាសនា។ កងទ័ពជាង១២០០នាក់ ក្នុងនោះ ជិត៦០០នាក់ ជានាយទាហាន ក៏ត្រូវបានព្យួរពីការងារ។ នេះបើតាមការលម្អិតរបស់រដ្ឋាភិបាល។
ជាសរុបមនុស្សជាង ១២ម៉ឺននាក់ ត្រូវបានបណ្តេញចេញពីការងារ ក្នុងវិស័យរដ្ឋបាលសាធារណៈ និងខ្លះក្នុងវិស័យឯកជន និងជាងបួនម៉ឺននាក់ត្រូវបានចាប់ខ្លួន គិតចាប់តាំងពីប្រតិបត្តិការបង្ក្រាបបានចាប់ផ្តើមមក។
រដ្ឋាភិបាលទួរគី បានពន្យល់បំភ្លឺថា នេះជាវិធានការដែលប៉ះពាល់លើសកម្មជនស្និទ្ធនឹងមេបក្សប្រឆាំង ជាប្រមុខសាសនានិទេសខ្លួននៅសហរដ្ឋលោក Gülen។ ហ្គូឡិន ដែលបើតាមក្រុងអង់ការ៉ា គឺជាអ្នកនៅពីក្រោយចលនាបះបោរធ្វើរដ្ឋប្រហារមិនសម្រេចកាលពីឆ្នាំ ទៅ និងដែលមានបណ្តាញសកម្មជនគាំទ្រលាក់ខ្លួននៅគ្រប់រដ្ឋបាល គ្រប់ប្រព័ន្ធសារព័ត៌មាន និងក្រុមហ៊ុនខ្លះ។
នៅថ្ងៃទី៣០ ខែមេសា ទន្ទឹមនឹងការប្រកាសដកហូតមន្ត្រីបុគ្គលិកនេះដែរ អាជ្ញាធរទួរគីបានបិទខ្ទប់វិបសៃត៍ វីគីភីឌា ដោយសំអាងលើច្បាប់ហាមឃាត់ការភ្ជាប់អ៊ីនធឺរណេតលើគេហទំព័រដែលមានលក្ខណៈគំរាមកំហែងដល់សន្តិសុខជាតិ៕ ម៉ែវ សាធី