ព័ត៌មានទាន់ហេតុការណ៍៖

កាប់ប្លន់យកម៉ូតូ លោកចោរគេចខ្លួនបាត់ដោយសុវត្ថិភាព ក្នុងទឹកដីខណ្ឌសែនសុខ ជនរងគ្រោះត្រូវគេបញ្ជូនចូលពេទ្យ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋបញ្ជូនមកកាន់មន្ទីរពេទ្យលោកសង្ឃ ដើម្បីជួយសង្គ្រោះ ក្រោយពីបុរសរូបនោះត្រូវបានចោរកាប់ប្លន់យកម៉ូតូម៉ាក Suzuki Nex មួយគ្រឿង ស៊េរី២០១៧ ពណ៌ស លាយខ្មៅ មិនចាំស្លាកលេខ ហើយលោកចោរដែលកាប់ប្លន់នោះគេចខ្លួនបាត់ ដោយសុខសុវត្ថិភាព គ្មានរំខានអីបន្តិចសោះដល់សមត្ថកិច្ចខណ្ឌសែនសុខ កាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ នៅចំណុចផ្លូវឧកញ៉ាម៉ុងរិទ្ធី ខាងកើតផ្សារដើមអំពិល ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

តាមការរៀបរាប់ពីជនរងគ្រោះ ឈ្មោះ រុន ចាន់រ៉ា ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលបានត្រូវចោរកាប់ប្លន់យកម៉ូតូ១គ្រឿងនោះ បានឲ្យដឹងថា មុនពេលកើតហេតុក្នុងអំឡុងយប់ថ្ងៃទី២៩ ខែ ឆ្នាំ ដដែល រួបគេបានប្តូរម៉ូតូគ្នាជាមួយមិត្តភក្តិ ដោយយកម៉ូតូរបស់ខ្លួនម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៥ ប្តូរនឹង Suzuki Nex ស៊េរី២០១៧ ។

ក្រោយពីបានប្តូរម៉ូតូរួចហើយជនរងគ្រោះបានចេញដំណើរទៅកាន់ផ្ទះជួលរបស់ខ្លួននៅខណ្ឌជ្រោយចង្វា លុះធ្វើដំណើរមកដល់កន្លែងកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យប្រហែល៨នាក់ ជិះម៉ូតូ៤គ្រឿងមិនចាំម៉ាកមកក្បែរ និងកៀរអោយ ដួលរួចទាញដាវកាប់ចំរូបគាត់ដែលជាជនរងគ្រោះមួយដាវត្រង់មុខ លើផ្នែកខ្ទង់ច្រមុះ ដោយក្តីភិតភ័យមិនអាចតបតបាន ជនរងគ្រោះបានរត់ និងស្រែកអោយគេជួយ ចំណែកម៉ូតូជនរងគ្រោះត្រូវបានលោកចោរលើកយកជិះគេចខ្លួនបាត់តែស្រមោលតែម្តង ៕ តុង សីហា


ចែករំលែក៖