ព័ត៌មានទាន់ហេតុការណ៍៖

ទីផ្សារអាកាសចរណ៍ស៊ីវិលចិនចាប់ផ្តើមដំណើរការក្រោយការសាកល្បងហោះហើរបានជោគជ័យ

ចែករំលែក៖

ចិនជាប្រទេសមានពលរដ្ឋច្រើនជាងគេបំផុតនៅលើពិភពលោក ហើយតម្រូវ ការធ្វើដំណើររបស់ពលរដ្ឋ នៅក្នុងស្រុក ក៏ច្រើនផងដែរ ពិសេសគឺពេលចូលឆ្នាំ ពលរដ្ឋចិនរាប់សិបលាននាក់ ត្រូវការ ធ្វើដំណើរទៅស្រុកកំណើត និងតំបន់ ទេសចរណ៍ផ្សេងៗ ធ្វើឲ្យចរាចរណ៍កកស្ទះ និងកង្វះមធ្យោបាយធ្វើដំណើរ។

ជាមួយនឹងយន្តហោះផលិតនៅក្នុង ស្រុកមានតម្លៃថោកជាងទិញពីបរទេស នៅពេលអនាគត ចិន នឹងមានការហោះហើរច្រើននៅក្នុងប្រទេសសម្រាប់ដឹកអ្នកដំណើរ។ ជាមួយនឹងជោគជ័យថ្មីក្នុងវិស័យបច្ចេកវិទ្យា ក្នុងនោះមានការផលិត នាវា ផ្ទុកយន្តហោះ និង យន្តហោះពាណិជ្ជកម្ម សម្រាប់ដឹកអ្នកដំណើរ ធ្វើឲ្យចិនក្លាយ ទៅជាប្រទេស មហាអំណាចបច្ចេកវិទ្យា ដែលអាចប្រកួតប្រជែងជាមួយក្រុមហ៊ុន ផលិតយន្តហោះធំៗនៅលើពិភពលោក។

យន្តហោះដឹកអ្នកដំណើរ រយៈមធ្យម ផលិតដោយចិន ដើម្បីប្រកួតប្រជែងជា មួយយន្តហោះអាមេរិក Boeingនិងយន្ត ហោះអឺរ៉ុប Airbus លើទីផ្សារអាកាស​ចរណ៍ស៊ីវិល នឹងចាប់ដំណើរការហោះហើរ​ជាលើកទីមួយ នៅសប្តាហ៍ក្រោយនេះ​ហើយ។ ប៉ុន្តែចិនប្រហែលត្រូវការប្រើ ពេលវេលាយូរទៀត ទើបអាចសម្រេច មហិច្ឆតាក្នុងវិស័យអាកាសចរណ៍នេះបាន។

យន្តហោះ C៩១៩ ដែលគ្រោងចេញហោះហើរជាលើកដំបូងតាំងពីឆ្នាំ២០១៦ នឹងត្រូវបង្អួតរាងនៅថ្ងសុក្រ នេះ។ នេះបើ តាមក្រុមហ៊ុនសាធារណៈចិន Commercial Aircraff Corporation of China (Comac)។ យន្តហោះដែលអាចផ្ទុកអ្នកដំណើរបាន១៦៨នាក់ នឹងហោះក្នុងចម្ងាយ ៥.៥០០គីឡូម៉ែត្រ Comac សង្ឃឹមថា C ៩១៩ នឹងក្លាយជាគូប្រជែងរបស់យន្តហោះដឹកអ្នកដំណើររយៈមធ្យមរបស់ អាមេរិក ប៊ូអ៊ីង B៧៣៧ និងA៣២០ របស់អឺរ៉ុបបាន នៅក្នុងពេលឆាប់ៗ។

ចិន មានមហិច្ឆតា ចង់ចូលប្រកួតប្រជែងក្នុងទីផ្សារអាកាសចរណ៍ស៊ីវិល ដែល អាមេរិកនិងអឺរ៉ុប ស៊ីដាច់ស្ទើរតែទាំងស្រុង គ្មានក្រុមហ៊ុនអាកាសចរណ៍ណា ដូច ជាកាណាដា រុស្ស៊ី ប្រេស៊ីល អាចប្រកួត ប្រជែងបានឡើយ។ ហេតុដូច្នេះហើយ បានជា ចិនចង់រត់ឱ្យទាន់អាមេរិក។ កាលពីឆ្នាំ២០១៤ លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានថ្ងួចថ្ងូរថា គ្មានយន្តហោះ Made In China គ្មាននរណាមើលមុខទេ ។ បច្ចុប្បន្ននេះ ប៊ូអ៊ីង និងអ៊ែរប៊ឺស ចែក គ្នារកស៊ីក្នុងទីផ្សារអាកាសចរណ៍ដ៏ធំរបស់ចិន ដែលនៅឆ្នាំ២០២៤ នឹងក្លាយជាទីផ្សារលំដាប់ទីមួយនៅលើពិភពលោក ដោយ ប្រជែងឈ្នះសហរដ្ឋអាមេរិកទៅទៀត។ នៅរយៈពេល២០ឆ្នាំទៀត ចិនទំនងជាត្រូវការយន្តហោះដឹកអ្នកដំណើរប្រមាណ ៦.៨០០គ្រឿង។ នេះជាការប៉ាន់ស្មាន របស់ប៊ូអ៊ីង ដោយបានគិតបញ្ចូលរួចហើយថានឹងមានក្រុមហ៊ុនបីមកបែងភាគ ទីផ្សារ អាកាសចរណ៍ចិននេះ។

Comac សង្ឃឹមថានឹងអាចដណ្តើមបាន មួយភាគ ព្រោះពេលនេះក្រុមហ៊ុនបានទទួលការបញ្ជាទិញ យន្តហោះC៩១៩ ចំនួន ៥៧០គ្រឿងហើយ កាលពីចុងឆ្នាំ២០១៦ ពីសំណាក់ក្រុមហ៊ុនអាកាសចរណ៍ចិន សុទ្ធសាធ។

ប៉ុន្តែComacទំនងត្រូវចំណាយពេល វេលាយូរទៀតណាស់ ទម្រាំអាចក្លាយជាគូប្រជែងស្មើកម្លាំងជាមួយប៊ូអ៊ីង ឬអ៊ែរប៊ឺស ដែលមានប្រវត្តិជាអ្នកសាងសង់យន្តហោះតាំងពីយូរយារប្រកបដោយទំនុក ចិត្តនោះ បាន។ ទំនុកចិត្តជារឿងសំខាន់ ! ថ្វីបើប្រធានាធិបតីចិនចង់អួតអាងអំពីយន្តហោះ C៩១៩ Made in Chinaមែន ប៉ុន្តែចិនកុម្មុយនីស្តមិនទាន់គ្រប់គ្រងបច្ចេកវិទ្យាបានទាំងស្រុងទេ។ ផលិតនៅចិន និងធ្វើដោយ ចិនមែន តែC៩១៩ បានប្រើបច្ចេកវិទ្យា បរទេស ដោយបំពាក់ម៉ូទ័ររបស់អាមេរិក General Motor និង Safran បារាំងទេ៕ ម៉ែវ សាធី


ចែករំលែក៖