មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុនបានទៅត្រួតពិនិត្យកម្លាំងទាហាននៅលើកោះពីរ គឺកោះ JangJae និង Mu ដែលនៅជិត កោះ Yeongpyeong របស់កូរ៉េខាងត្បូង ។ នៅក្នុងដំណើរត្រួតពិនិត្យនោះលោកគីមក៏បានឲ្យកម្លាំងទាហានត្រៀមវាយប្រហារ កូរ៉េខាងត្បូងផងដែរ។
កូរ៉េខាងជើង ធ្លាប់បានបាញ់ប្រហារ ទៅលើកោះ Yeongpyeong របស់កូរ៉េខាងត្បូងកាលពីខែវិច្ឆិកា ឆ្នាំ២០១០ សម្លាប់ មនុស្ស៤នាក់ ក្នុងនោះមានពលរដ្ឋស្លូតត្រង់ពីរនាក់។ ការបាញ់ប្រហារនោះក៏ជាលើកទីមួយផងដែរ ចាប់តាំងពីកូរ៉េបញ្ចប់ សង្គ្រាម នៅក្នុងឆ្នាំ១៩៥៣ ដោយកិច្ចព្រម ព្រៀងឈប់បាញ់។
មេដឹកនាំគីម ជុងអ៊ុនបានសម្លឹងមើលកោះរបស់កូរ៉េខាងត្បូងពីចម្ងាយ ហើយអំពាវ នាវ ឲ្យទាហានត្រៀមលក្ខណៈវាយប្រហារប្រឆាំងសត្រូវ។ ប្រភ័ពព័ត៌មានពីកូរ៉េខាងត្បូងបានផ្សាយថា លោកគីម ជុងអ៊ុនទៅ ត្រួតពិនិត្យទាហាន ដោយ កប៉ាល់តូច មួយ។
ការទៅកាន់កោះខាងលើកើតឡើងក្នុងពេលដែល ស្ថានភាពនៅក្នុងតំបន់កំពុងតែតានតឹងខ្លាំងឡើងដោយសារតែការបញ្ជូនកម្លាំងអាវុធជាច្រើនរបស់អាមេរិកមកកាន់ឧបទ្វីបកូរ៉េ ទប់ទល់នឹងការគំរាមកំហែងពីកូរ៉េខាងជើង។
សកម្មភាពរបស់កូរ៉េខាងជើងកើតឡើងចំពេលដែល លោកគីម ជុងអ៊ុន បញ្ជាក់ថា ចិនបាន«ក្បត់»កូរ៉េខាងជើងដោយងាកទៅ រកអាមេរិកវិញ។ កាលពីថ្ងៃទី៤ ខែឧសភា ទីក្រុងព្យុងយ៉ាង បានធ្វើរិះគន់កាសែត រដ្ឋរបស់ចិន ដែលប្រើពាក្យសម្តី ប្រឆាំង ព្យុងយ៉ាងនាពេលថ្មីៗនេះ ដោយបញ្ជាក់ថា កូរ៉េខាងជើង ដែលហៅតាមផ្លូវការថា សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ នឹងមិនអង្វរករសុំបន្តមិត្តភាពជាមួយចិននោះទេ ប្រសិនបើនោះមានន័យថា ជាការបោះបង់ចោលនូវកម្មវិធីនុយក្លេអ៊ែរដ៏មានតម្លៃរបស់ខ្លួន។
ដោយការលើកឡើងបញ្ជាក់ច្បាស់ៗ នូវឈ្មោះកាសែត The People’s Daily និង កាសែត Global Times ក្នុងប្រទេសចិន រដ្ឋា ភិបាលព្យុងយ៉ាងបាននិយាយនៅក្នុងសេចក្តីអត្ថាធិប្បាយមួយ ដែលបោះពុម្ពផ្សាយលើទីភ្នាក់ងារសារព័ត៌មានកណ្ដាល់រដ្ឋរបស់កូរ៉េខាងជើងថា ពាក្យសម្តីអត្ថាធិប្បាយខ្វះការពិចារណារបស់ពួកគេ បានធ្វើឲ្យអាប់ឱន ដល់ចំណងមិត្តភាព រវាងប្រទេសជាសម្ពន្ធមិត្តនឹងគ្នាទាំងពីរ។
យោងតាមព័ត៌មានចុះផ្សាយដោយ Ibtimes នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧ ថ្នាក់ដឹកនាំព្យុងយ៉ាង បាននិយាយនៅក្នុងសេចក្តីអត្ថាធិប្បាយនោះថា ប្រទេសណា ក៏ដោយ ត្រូវតែយល់ឲ្យច្បាស់ថា ដំណើរ របស់កូរ៉េខាងជើងចូលទៅសម្រេចឲ្យបាននូវវត្តមានអាវុធនុយក្លេអ៊ែរ ឬក៏ការអភិវឌ្ឍ របស់ប្រទេស គឺទាំងមិនអាចផ្លាស់ប្តូរ ឬធ្វើ ឲ្យរង្គោះរង្គើបានឡើយ ហើយកូរ៉េខាងជើងនឹងមិនអង្វរករសុំដាក់ទាន តំហែទាំមិត្តភាពជាមួយចិនដោយប្រថុយលះបង់កម្មវិធីនុយក្លេអ៊ែរ ដែលមានតម្លៃស្មើនឹងជីវិតខ្លួននោះទេ មិនថាមិត្តភាពនោះមានតម្លៃប៉ុនណាក៏ដោយ៕ ម៉ែវ សាធី