ព័ត៌មានទាន់ហេតុការណ៍៖

បារាំងបោះឆ្នោតជុំទី២ជ្រើសរើសប្រធានាធិបតីរវាងគូប្រជែង លោក Macron នឹងលោកស្រី Le Pen

ចែករំលែក៖

ប្រជាពលរដ្ឋបារាំង កាលពីថ្ងៃអាទិត្យ បានចាប់ផ្តើមបោះឆ្នោតជុំទី២ដើម្បីជ្រើសរើសប្រធានាធិបតីថ្មី ។ គូប្រជែងនៅក្នុងការបោះឆ្នោតជុំទី២នេះ មានលោក Emmanuel Macron អាយុ៣៩ឆ្នាំ ជាអ្នកនយោបាយនិយមផ្លូវកណ្តាល និងជាអតីតអ្នកវិនិយោគខាងធនាគារ ប្រជែងជាមួយលោកស្រី Marine Le Pen អាយុ៤៨ឆ្នាំ ជាអ្នកនយោបាយមកពីគណបក្សស្តាំនិយមនៅបារាំងនោះ ។ ក្នុងចំណោម២នាក់នេះ មានម្នាក់នឹងក្លាយជាប្រធានាធិបតីបារាំងយ៉ាងពិតប្រាកដ ។

ពលរដ្ឋបារាំងនៅក្រៅប្រទេស បានចាប់ផ្តើមបោះឆ្នោតកាលពីថ្ងៃអាទិត្យ ។ ការិយាល័យបោះឆ្នោតបានចាប់ផ្តើមបើកទ្វារនៅវេលាម៉ោង៨ព្រឹក ម៉ោងនៅក្នុងតំបន់ ហើយនឹងបិទទ្វារវិញនៅវេលាម៉ោង១៧ ថ្ងៃអាទិត្យដដែល ។ ប៉ុន្តែការិយាល័យបោះឆ្នោតនៅទីប្រជុំខ្លះ អាចបើកទ្វាររហូតដល់ម៉ោង២០ផងដែរ ។

បេក្ខភាពប្រធានាធិបតីទាំងពីររូបខាងលើនេះ ជាអ្នកទទួលសំឡេងគាំទ្រពីប្រជាពលរដ្ឋបារាំងខ្ពស់ជាងគេបំផុត ក្នុងចំណោមបេក្ខជនដែលឈរឈ្មោះប្រកួតប្រជែងទាំង១១រូប កាលពីបោះឆ្នោតជុំទីមួយ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ ។

ការបោះឆ្នោតជុំទី២នេះ មានការប្រមើលមើលថា លោក​Macron ទំនងទទួលជ័យជំនះលើលោកស្រី Le Pen ជាក់ជាមិនខាន ។ លោក Macron មានគោលនយោបាយគាំទ្រយ៉ាងខ្លាំងដល់សហភាពអឺរ៉ុប រីឯលោកស្រី Le Pen វិញ មានគោលនយោបាយប្រឆាំងជនអន្តោប្រវេសន៍ ចង់ឲ្យបារាំងលះបង់ប្រាក់អឺរ៉ូ និងធ្វើប្រជាមតិស្តីអំពីសមាជិកភាពសហភាពអឺរ៉ុបរបស់បារាំងឡើងវិញ ៕


ចែករំលែក៖