ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋចំនួន៣ភូមិនៅសង្កាត់ក្រាំងធ្នង់ទទួលបានផ្លូវបេតុង១ខ្សែពីសាលាខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋចំនួន៣ភូមិ នៅសង្កាត់ក្រាំងធ្នង់ មានការត្រេកអរយ៉ាងខ្លាំង ដោយទទួលបានផ្លូវបេតុង១ខ្សែ ខណៈដែលលោក បុឹល កុសល់ អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ កាលពីព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ បានធ្វើជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបណ្តោយ៦៣០ម៉ែត្រ និងទទឹង៦ម៉ែត្រកំរ៉ាស់ ១តឹក កន្លះ ស្ថិតនៅភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ដើម្បីសំរួលដល់ការធ្វើដំណើរជូនប្រជាពលរដ្ឋក្នុងសង្កាត់ក្រាំងធ្នង់ ។

ក្នុងឱកាសនោះដែរ ក្រៅពីមានការចូលរួមពីលោក បុឹល កុសល់ អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ នៅមានលោក សឿន សួរចៅសង្កាត់ក្រាំងធ្នង់ និងមានការចូលរួមពី សមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ សង្កាត់ និងមន្រ្តីសាលាខណ្ឌសែនសុខរួម​ជាមួយ​ប្រជាពលរដ្ឋ​មក​ពីបណ្ដាភូមិមួយចំនួន ។

លោក ប៉ឹល កុសល់ បាន​ថ្លែង​ថាក្នុងនាមរដ្ឋបាលខណ្ឌ និងប្រជាពលរដ្ឋ ដែលរស់នៅក្នុងខណ្ឌសែនសុខសូមថ្លែងអំណរគុណយ៉ាងជ្រាជ្រៅ ចំពោះលោកអភិបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំអោយមានសុខសន្តិភាព និងមានការអភិវឌ្ឍគ្រប់វិស័យ ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ក្នុងការផ្តល់ថវិកាថ្នាក់ក្រោមជាតិជូនរដ្ឋបាលខណ្ឌសែនសុខដើម្បីអភិវឌ្ឍន៍ក្នុងមូលដ្ឋាន ។

លោក បុឹល កុសល់ អភិបាលខណ្ឌ ក៏សំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចេះជួយយោគយល់ដល់ក្រុមហ៊ុនដែលស្ថាបនា និងត្រូវជួយពិនិត្យមើលការស្ថាបនារបស់ក្រុមហ៊ុនខាងលើផងថា តើបានធ្វើត្រូវតាមកិច្ចសន្យារបស់រដ្ឋបាលខណ្ឌត្រឹមត្រូវតាមស្តង់ដាដែរឬអត់។ ម្យ៉ាងវិញទៀត សូមបងប្អូនដែលរស់នៅតាមបណ្តោយផ្លូវខាងលើនេះ បើចង់ដាក់លូចេញពីផ្ទះបងប្អូនត្រូវដាក់អោយហើយ កុំអោយមានផលលំបាកទៅថ្ងៃក្រាយ ។ លោក អភិបាលខណ្ឌក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅពេលដែលក្រុមហ៊ុនស្ថាបនាផ្លូវបេតុងនេះរួច សូមកុំនាំគ្នារំលោភយកចិញ្ចើមផ្លូវធ្វើអាជីវកម្ម និងត្រូវប្រយ័ត្នមើលក្មេងតូចៗផង ព្រោះជៀសវាងកុំអោយមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងដល់ក្រុមគ្រួសាររបស់បងប្អូន ។

ផ្លូវបេតុងមួយខ្សែ សាង់សង់ដោយ ក្រុម ហ៊ុន (BBE) ជាក្រុម ហ៊ុន ដែលអាជ្ញាធរ ជ្រេីយរេីយក ដោយ ក្រុម ហ៊ុនមួយនេះ គោរពតាម ច្បាប់ គោរព តាមកិច្ចសន្យា សាង់សង់តាមបទដ្ឋានស្តង់ដា បច្ចេកទេសពិតប្រាកដ។

បន្ទាប់ពីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋពាក់ព័ន្ធការធ្វើផ្លូវ១ខ្សែខាងលើនេះ រួចមក លោកអភិបាល បានជំរុញអោយបងប្អូនប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោត ក្រុមប្រឹក្សាសង្កាត់ឲ្យបានគ្រប់ៗគ្នា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ៕ តុង សីហា


ចែករំលែក៖