ភ្នំពេញ៖ តារាសម្តែង តារាចម្រៀង និងពិធីករប្រុសស្រីល្បីឈ្មោះជាច្រើនរូបបានបង្ហាញវត្តមានក្នុងពិធីខួបកំណើតកូនស្រីថៅកែម្ចាស់ហាងសាច់អាំងហេងហេង។ កម្មវិធីនេះត្រូវបានធ្វើឡើងកាលពីរាត្រី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ នៅហាង សាច់អាំងហេងហេង សាខាស្ទឹងមាន ជ័យ។
សិល្បករដែលបង្ហាញវត្តមានក្នុងរាត្រីនោះមានដូចជាកញ្ញាទឹម រដ្ឋា កញ្ញា បេប៊ី កញ្ញាទឹម វត្តី លោកភឹម តារាវិបុល លោក ប៉ែន តុលា លោក ងួន សុបិន្ត លោក សាយ សៀរ៉ា និងតារាប្រុសស្រីជាច្រើនរូបទៀត ។
កុមារី ហួត សុគន្ធនីតាវ័យ១៥ឆ្នាំ ដែលជាម្ចាស់ខួបកំណើតបានលើកឡើងថា នេះគឺជាលើកទី១ដែលនាងបានរៀបចំពិធីខួបកំណើត ហើយមានវត្តមានសិល្បករសិល្បការិនីជាច្រើនរូបចូលរួម។ នាងថា សិល្បករដែលចូលរួមក្នុងឱកាសនេះគឺសុទ្ធសឹងតែជាអ្នកស្រលាញ់រាប់អានក្រុមគ្រួសារនាង ពិសេសគោរពស្រលាញ់អ្នកម៉ាក់របស់នាងផងដែរបើទោះបីជាក្រុមគ្រួសារនាងមិនមែនជាអ្នកប្រឡូកសិល្បៈក្តី។ នាងថា វាគឺជាកិត្តិយសម្រាប់នាង និងក្រុមគ្រួសារ ហើយនាងរំពឹងថា ក្នុងឱកាសពិធីខួបកំណើតនិងពិធីចែក អំណោយសប្បុរសធម៌ដែលក្រុមគ្រួសារនាងរៀបចំធ្វើលើកក្រោយទៀតនឹងមានវត្តមានពួកគាត់ចូលរួមបន្តផងដែរ។
កញ្ញា បេប៊ី ដែលចូលរួមក្នុងពិធីខួបកំណើតនេះបានលើកឡើងថា ក្រុមគ្រួសារកុមារី ហ៊ួត សុគន្ធនីតា គឺស្រលាញ់រាប់អាននិងផ្តល់កិត្តិយសម្រាប់សិល្បករជាច្រើន។ នាងបន្តថា កន្លងមកម្ចាស់ហាងសាច់អាំងហេងហេងនេះក៏ធ្លាប់បានចូលរួមការងារសង្គមជាច្រើនដែលមានវត្តមានសិល្បករសិល្បការិនីចូលរួមផងដែរ។ នាងជឿជាក់ថា តាមរយៈភាពរួសរាយរាក់ទាក់រាប់អានសិល្បករ ក៏ដូចជាអតិថិជននេះនឹងធ្វើឲ្យអាជីវកម្មលក់សាច់អាំងហេងហេង ជាច្រើនសាខានឹងទទួលបានការគាំទ្រកាន់តែច្រើនពីអតិថិជន៕ វឌ្ឍនា