ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងបន្តបាញ់មីស៊ីល ចិនអំពាវនាវឲ្យរក្សាការអត់ធ្មត់

ចែករំលែក៖

ការបាញ់មីស៊ីលរបស់កូរ៉េខាងជើង នៅថ្ងៃទី១៤ ខែឧសភា បង្កក្តីបារម្ភយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ហើយចិនបានអំពាវនាវ ឲ្យភាគីពាក់ព័ន្ធរក្សាការអត់ធ្មត់បញ្ចៀសការប៉ះទង្គិចគ្នាកើតឡើង។

តាមការប្រកាសរបស់ក្រសួងការបរទេសចិនបានបញ្ជាក់ថា «ការសម្រេចរបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបញ្ជាក់យ៉ាងច្បាស់ថា ការបាញ់មីស៊ីលរបស់កូរ៉េខាងជើងគឺខុសទៅនឹងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ» ។

ការប្រកាសស្នើសុំខាងលើរបស់ចិន កើតឡើង ក្នុងពេលដែលស្ថានភាពនៅកូរ៉េខាងជើង កំពុងតែតានតឹងខ្លាំងឡើង ដូច្នេះបើភាគីពាក់ព័ន្ធមិនរក្សាការអត់ធ្មត់ទេនោះ នឹងមានសង្គ្រាមកើតឡើង នៅឧបទ្វីបកូរ៉េជាមិនខាន។

ក្នុងថ្ងៃជាមួយគ្នានេះដែរ អ្នកនាំពាក្យវិមានក្រឹមឡាំងរបស់រុស្ស៊ីបានបញ្ជាក់ថា ប្រធានាធិបតីពូទីនបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ពីការបាញ់មីស៊ីលថ្មីរបស់កូរ៉េខាងជើង ។ ការបាញ់មីស៊ីលខាងលើរបស់កូរ៉េខាងជើង កើតឡើង ចំពេលដែលចិនបានរៀបចំកិច្ចប្រជុំកំពូល ដែលមានមេដឹកនាំ២៨ប្រទេសចូលរួម ក្នុងនោះមានប្រធានាធិបតីរុស្ស៊ី លោកពូទីន ផងដែរ ។

ហេតុអ្វីបានជាកូរ៉េខាងជើងបាញ់មីស៊ីលនាពេលនេះ? ទីក្រុងព្យុងយ៉ាងកំពុងតែបំផ្លាញកិច្ចប្រជុំរបស់ចិនឬ? នៅសល់តែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះដែលចិនចាប់ផ្តើមនៃវេទិកាសេដ្ឋកិច្ច ដែលជាព្រិត្តិការដ៏សំខាន់បំផុតរបស់ចិន ក្នុងការគ្រប់គ្រងសន្តិសុខសេដ្ឋកិច្ចតំបន់អាស៊ីទាំងមូល ។

ការបាញ់មីស៊ីលរបស់កូរ៉េខាងជើងធ្វើឡើងនៅជាប់ព្រំដែនចិន ធ្វើឲ្យ ប្រព័ន្ធផ្សព្វផ្សាយនានាជុំវិញពិភពលោក បង្វែការចាប់អារម្ភ មកកាន់កូរ៉េខាងជើង ជាជាងវេទិកាសេដ្ឋកិច្ច ។

សារព័ត៌មាន New York Times បានដកស្រង់ព័ត៌មានពីកម្លាំងទាហានចិនបានឲ្យដឹងថា មីស៊ីលខាងលើ បានបាញ់ចេញពីទីក្រុង Kusong ភាគខាងជើងកូរ៉េខាងជើង ហើយហោះហើរបានប្រមាណ៧០០គីឡូម៉ែត្រ ក៏ធ្លាក់នៅក្នុងតំបន់សមុទ្រចន្លោះកូរ៉េខាងត្បូង និងជប៉ុន ។

មន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មីស៊ីលដែលកូរ៉េខាងជើង បាញ់នៅពេលព្រឹក ថ្ងៃទី១៤ ខែឧសភា ហើយធ្លាក់តំបន់សមុទ្រមានចម្ងាយពីរុស្ស៊ីប្រមាណ១០០គីឡូម៉ែត្រប៉ុណ្ណោះ ។

សារព័ត៌មាន CNN បានដកស្រង់សម្តីមន្ត្រីអាមេរិកបានបញ្ជាក់ថា មីស៊ីលកូរ៉េខាងជើងបានធ្លាក់នៅចម្ងាយពីតំបន់ Vladivostok ដែលមានទីតាំងកងពលប៉ាស៊ីហ្វិក របស់រុស្ស៊ីឈរជើងនៅទីនោះ ។

ក្នុងពេលជាមួយក្នានោះដែរ សារព័ត៌មានរ៉យទ័របានផ្សាយថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានលើកឡើងថា «មិនអាចស្មានដល់ថា រុស្ស៊ី ពេញចិត្ត និងការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើង ដែលធ្លាក់នៅជិតទឹកដីរុស្ស៊ី ច្រើនជាង ជប៉ុននោះ» ។

សេតវិមានបានប្រកាសថា ប្រធានាធិបតីដូណាល់ ត្រាំបានអំពាវនាវ ឲ្យដាក់ទណ្ឌកម្មកូរ៉េខាងជើងខ្លាំងជាងនេះទៀត ដោយចាត់ទុកព្រិត្តិការ បាញ់មីស៊ីលនៅពេលនេះ ជាការបញ្ជាក់ថា ស្នើឲ្យដាក់ទណ្ឌកម្មបន្ថែម។

ប្រធានាធិបតីថ្មីកូរ៉េខាងត្បូង ដែលមានទស្សនៈផ្សះផ្សាជាមួយ កូរ៉េខាងជើង លោក Moon Jae in បានថ្កោលទោស ការបាញ់មីស៊ីលរបស់ទីក្រុងព្យុងយ៉ាង នៅព្រឹកថ្ងៃទី១៤ ខែឧសភា ដោយចាត់ទុកថា ជាការគំរាមកំហែងដល់សន្តិសុខនៅក្នុងតំបន់ ។ លោក មូនបញ្ជាក់ថា នឹងមានសកម្មភាពតប់តទៅនឹងការបាញ់មីស៊ីលខាងលើរបស់កូរ៉េខាងជើង។

ចំណែកជប៉ុនវិញ នាយករដ្ឋមន្ត្រី ស៊ីនហ្ស៊ូ អាបេ បាន ថ្កោលទោស ការបាញ់មីស៊ីលខាងលើរបស់កូរ៉េខាងជើង គឺចាត់ទុកថា ជាការគំរាមកំហែងដល់ជប៉ុន បំពានសេចក្តីសម្រេចរបស់ អង្គការសហប្រជាជាតិ ៕ ម៉ែវ សាធី


ចែករំលែក៖