កីឡាករ Rafael Nadalបានឈ្នះជើងឯក Madrid Open ជាលើកទី៥ នៅក្នុងអាជីពរបស់ខ្លួនបន្ទាប់ពីយកឈ្នះកីឡាករ Dominic Thiem ដោយលទ្ធផល 7-6 (10-8) 6-4។
កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានឈ្នះជើងឯក៣ ជាប់ៗគ្នាហើយក្នុងរដូវកាលនេះបន្ទាប់ពី Barcelona Open និង Monte Carlo Masters ហើយបានឡើងមកឈរតំណែងកីឡាករកំពូលទាំង៤ របស់ពិភពលោកវិញ។
Rafael Nadalបានថ្លែងប្រាប់ទូរទស្សន៍ Espanola ក្រោយប្រកួតចប់ថា “ការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះពិតជាធ្វើឲ្យខ្ញុំរំភើបខ្លាំងណាស់ ដោយយើងទាំងពីរនាក់សុទ្ធតែខិតខំប្រយុទ្ធដើម្បីយកជើងឯក រៀងៗខ្លួន។ សម្រាប់ខ្ញុំពេលលេងនៅទីនេះម្តងៗខ្ញុំគិតថាវាពិសេសខ្លាំងណាស់ ហើយខ្ញុំសប្បាយចិត្តណាស់ពេលឈ្នះជើងឯកនៅ Madrid” ។
គួររំលឹកថា មុនឈានដល់វគ្គផ្តាច់ព្រ័ត្រ Rafael Nadal បានបញ្ចប់ស្ថិតិចាញ់ Novak Djokovic ៧លើកចុងក្រោយជាប់ៗគ្នា ដោយយកឈ្នះលើកីឡាករសញ្ជាតស៊ែប៊ីក្នុងពិន្ទុ៦-២និង៦-៤កាលពីថ្ងៃសៅរ៍ ៕ ដេវីត