ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ទទួលបដិសណ្ឋារកិច្ចដោយនាយករដ្ឋមន្រ្តីចិន

ចែករំលែក៖

ក្រុងប៉េកាំង៖ នៅព្រឹកថ្ងៃទី ១៦ ខែ ឧសភា ដដែលនេះ បន្ទាប់ពីបានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយមន្រ្តី សំខាន់ៗមួយចំនួន របស់រដ្ឋាភិបាលចិនរួចហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងស្និទ្ឋស្នាល និងកក់ក្តៅបំផុតពី លោកនាយករដ្ឋមន្រ្តីចិន លី ឃឺឈាំង រួមទាំងមន្រ្តីឥស្សរជនជាន់ខ្ពស់ជាច្រើនទៀតមកពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន នៅមហាវិមានប្រជាជនចិន។ នៅក្នុងពិធីទទួលបដិសណ្ឋារកិច្ច ជាកិត្តិយសជូន សម្តេចតេជោនាយករដ្ឋមន្រ្តីព្រឹកមិញនេះ គឺមានពិធីត្រួតពល ព្រមជាមួយសម្លេងបាញ់ កាំភ្លើងជ័យអបអរសាទរយ៉ាងគ្រឹកគគ្រេងផងដែរ។

សូមបញ្ជាក់ផងដែរថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិន ចំនួន៤លើករួចមកហើយ។ លើកទី១ ពីថ្ងៃទី៩-១២ ខែកុម្ភះ ឆ្នាំ១៩៩៩។ លើកទី២ ពីថ្ងៃទី២៤-២៥ ខែមេសាឆ្នាំ២០០៤។ លើកទី៣ ពីថ្ងៃទី១៣-១៧ ខែធ្នូឆ្នាំ២០១០ និងលើក ទី៤ ពីថ្ងៃទី៦-១០ ខែ មេសា ឆ្នាំ២០១៣។

មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា និងមិត្តចិន គឺត្រូវបានពង្រឹងរឹងមាំថែមទៀត តាមរយៈទស្សនកិច្ចផ្លូវការ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃនេះ៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖