ភ្នំពេញ៖ នាព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ សាលាខណ្ឌទួលគោក ប្រកាសតែងតាំងទទួលស្គាល់លោកវរសេនីត្រី ឡុង វិចិត្រា ជាមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌទួលគោកថ្មី ក្រោមអធិបតីភាពលោក ឯក ឃុនឌឿន អភិបាលខណ្ឌទួលគោកនិងវរសេនីយ៍ឯក ឌឿក សាមាន តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ។
លោកវរសេនីយ៍ឯក ឌឿក សាមាន មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកក៏បានផ្តល់នូវអនុសាសន៍ និងវិធានការល្អៗមួយចំនួនដល់លោកវរសេនីត្រី ឡុង វិចិត្រា ជាមេបញ្ជាការថ្មីនៃកងរាជអាវុធហត្ថខណ្ឌទួលគោក ដែលទើបតែងតាំងថ្មីក្នុង ការដឹកនាំមន្ត្រីក្រោមឱវាទរបស់ខ្លួនដើម្បីធានាឱ្យបាន លើការគ្រប់គ្រងមុខសញ្ញាសង្គមកិច្ចគ្រប់ប្រភេទឱ្យបានច្បាស់លាស់ ។
ជាចុងក្រោយលោកវរសេនីយ៍ឯក ឌឿក សាមាន បានធ្វើការផ្តាំផ្ញើដោយមាន សង្ឃឹមជឿជាក់ថា លោកមេបញ្ជាការថ្មីនឹងខិតខំបំពេញការងារដឹកនាំអង្គភាព និងរក្សាឱ្យបាននូវសាមគ្គីផ្ទៃក្នុងនិងមានទំនាក់ ទំនងល្អជាមួយបណ្តាមន្ទីរ អង្គភាព អង្គការនានាក្នុងគោលបំណងជំរុញការអនុវត្តគោលនយោបាយ ដែលមានពាក្យស្លោកថា បង្ការ បង្ក្រាប សង្គ្រោះ ។ជាពិសេសក៍បានលើកឡើងថា សុំឲ្យកម្លាំងសមត្ថកិច្ចមិនថា នគរបាល ឬក៍កងអារាជអាវុធហត្ថ នោះទេត្រូវតែសហការគ្នាដើម្បីទប់ស្កាត់ក៍ដូចជារួមគ្នាបង្ក្រាបបទល្មើសក្នុងមូលដ្ឋាន ដើម្បីជាសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យស្របតាមគោលនយោបាយ ទាំង៩ចំនុច ស្តីពី ភូមិឃុំមានសុវត្ថិភាព។ ដោយឡែកលោកវរសេនីយ៍ទោ តាន់ ឧត្តរោ មេបញ្ជាការខណ្ឌទួលគោកចាស់ ត្រូវបានផ្លាស់ប្តូរទៅក្រសួងការពារជាតិវិញ ៕ស តារា