កាលពីថ្ងៃទី២១ ខែឧសភា អុីស្រាអែល និងឥណ្ឌា ចុះកិច្ចព្រមព្រៀងមានតម្លៃជាង៦៣០លានដុល្លារ ក្នុងនោះ អុីស្រាអែលត្រូវផ្តល់មីស៊ីលការពារ ដល់កម្លាំងទាហានជើងទឹកឥណ្ឌា ។
តាមការប្រកាសរបស់ក្រុមហ៊ុន បច្ចេកវិទ្យាអាកាស របស់អុីស្រាអែល IAI ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋ បានឲ្យដឹងថា ក្រុមហ៊ុននេះនឹងប្រគល់មីស៊ីលការពារដែនអាកាសរយៈចម្ងាយឆ្ងាយ ប្រភេទ LRSAM ដល់នាវាចម្បាំងឥណ្ឌា៤គ្រឿង ។
នៅក្នុងសេចក្តីប្រកាស ជាផ្លូវការ អគ្គនាយកIAI លោក Joseph Weiss បានបញ្ជាក់ថា កិច្ចព្រមព្រៀង គឺជាការចាប់ផ្តើម ហើយនឹងមានកិច្ចព្រមព្រៀងជាច្រើនផ្សេងទៀតរវាងប្រទេសទាំងពីរ ។
ប្រព័ន្ធមីស៊ីល LRSAM ជាប្រភេទទំនើប ការពារដែនអាកាសបានយ៉ាងល្អប្រសើរបំផុតរបស់ IAI និង អង្គការស្រាវជ្រាវអាវុធការពារជាតិឥណ្ឌាសហការផលិត ។ កាលពីខែមុន ឥណ្ឌា និងអុីស្រាអែលបានចុះកិច្ចព្រមព្រៀង មានតម្លៃដល់ទៅជាង ២ពាន់លានដុល្លារ លើវិស័យអាវុធការពារជាតិ ។
រយៈពេលចុងក្រោយនេះ ឥណ្ឌាបានបង្កើនការទិញអាវុធដើម្បីការពារជាតិ ដោយឥណ្ឌាក្លាយទៅជាប្រទេសទីមួយនៅតំបន់អាស៊ីដែលទិញអាវុធច្រើនជាងគេបំផុត ៕ ម៉ែវ សាធី