ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ថ្នាក់ដឹកនាំក្រុមប្រឹក្សាខេត្តអភិបាលខេត្ត និងមន្ត្រីរាជការសាលាខេត្តស្វាយរៀង បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព និង ដាក់កម្រងផ្កាសពអនុសេនីយ៍ឯកម៉ៅ អេង បុគ្គលិកពេទ្យ នៃកងវិស្វកម្មសំណង់លេខ៤៥៩ ក្នុងបេសកកម្មពហុខ្នាតរួមគ្នា នៃសហប្រជាជាតិ ដើម្បីស្ថិរភាពសាធារណរដ្ឋអាហ្វ្រិកកណ្តាល ( MINUSCA ) បានពលីជីវិតកាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ ដោយការពូនស្ទាក់វាយប្រហារពីក្រុមប្រដាប់អាវុធមួយក្រុម មកលើក្បួនយុទ្ធដំណើររបស់កងកម្លាំងកម្ពុជា និងកងកម្លាំងប្រទេសម៉ារ៉ុកស្ថិតនៅភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
សូមបញ្ជាក់ថា ទាហានមួកខៀវកម្ពុជា៤រូប បានពលីជីវិតនៅប្រទេសអាហ្រិ្វកកណ្តាល ក្នុងពេលបំពេញបេសកម្មពហុខ្នាតរួមគ្នា នៃសហប្រជាជាតិ ដើម្បីស្ថិរភាពសាធារណរដ្ឋអាហ្វ្រិកកណ្ដាល កាលពីយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧ ក្នុងនោះរួមមាន: ១)អនុសេនីយ៍ទោ អ៊ឹម សំ បុគ្គលិកបើកបរ ប៊ុលដូស៊ែរ ២)ព្រិន្ទបាលទោ ស៊ាន នរិន្ទ ជំនួយការត្រួតពិនិត្យគុណភាព ៣) ព្រិន្ទបាលទោ មុំ តុលា ជំនួយការបើកបរអេស្ការវ៉ាទ័រ និង ៤) អនុសេនីយ៍ឯក ម៉ៅ អេង បុគ្គលិកពេទ្យ ។
បន្ទាប់មកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការក្នុងខេត្តស្វាយរៀង សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារ និងសូមវិញ្ញាណក្ខន្ធនៃសព បានចាប់បដិសន្ឋិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។
យោងតាមលោកស្រីឈ្មោះ ឆាយ ចំរើន អាយុ៣៣ឆ្នាំ ជាប្រពន្ធបានឲ្យដឹងថា រូបគាត់បានរៀបការជាមួយស្វាមី ឈ្មោះម៉ៅអេង មានចំណងដៃ កូន៣នាក់ កូនទី១-ឈ្មោះទិត្យ សាវណ្ណ ភេទប្រុស អាយុ ១៦ឆ្នាំជាសិស្សថ្នាក់ទី៨ នៃវិទ្យាល័យស្វាយរៀង។ ២-ឈ្មោះ ទិត្យ កែវមុន្នី ភេទប្រុស អាយុ១៤ឆ្នាំ ជាសិស្សថ្នាក់ទី៧ អនុវិទ្យាល័យស្វាយរៀង ។ ៣-ឈ្មោះទិត្យ វតី ភេទស្រី អាយុ១២ឆ្នាំ រៀននៅសាលាបឋមសិក្សាសាមគ្គី ភូមិបាក់រនាស់ ៕ យឹម សុថាន