រដ្ឋាភិបាលជប៉ុនបានបញ្ជាក់ថា ពលរដ្ឋ ជប៉ុន ៦នាក់ត្រូវបានចិនចាប់ខ្លួនដោយចោទប្រកាន់ធ្វើសកម្មភាពខុសច្បាប់ ចារកិច្ច ។ ពលរដ្ឋជប៉ុនដែលត្រូវចិនចាប់ខ្លួនកើនឡើងដល់១១នាក់ហើយចាប់តាំងពីឆ្នាំ២០១៥មកទល់ពេលនេះ។
ប្រធានការិយាល័យនាយករដ្ឋមន្ត្រីជប៉ុន លោកYoshihidesuga កាលពីថ្ងៃទី ២២ ខែឧសភា បានឲ្យដឹងថា ជនជាតិជប៉ុន៦នាក់ ខាងលើ ត្រូវបានចិនចាប់ខ្លួនតាំងពី ខែមីនាមកម៉្លេះ នៅខេត្តសឺងដុង និងហៃណាន ។
លោកSugaបញ្ជាក់ទៀតថា «យើងខ្ញុំទទួលបាន ការផ្តល់ព័ត៌មានពីភាគីចិនស្តីពីការចាប់ខ្លួនខាងលើ ដោយសារតែបំពានច្បាប់ ក្នុងប្រទេសចិន» ។ នៅពេលនេះដែរ រដ្ឋាភិបាលទីក្រុងតូក្យូកំពុងតែពិភាក្សា តាមរយៈមន្ត្រីការទូត តែមិនទទួលទទួលបានដំណឹងជាផ្លូវការនៅឡើយ។
នៅទីក្រុងប៉េកាំ អ្នកនាំពាក្យក្រសួងការបរទេសចិនបានបញ្ជាក់ថា មនុស្ស៦នាក់ដែលបានចាប់ខ្លួននោះ កំពុងតែស្រាវជ្រាវ ទៅលើសកម្មភាពខុសច្បាប់របស់មនុស្សទាំង៦នាក់ខាងលើ ហើយទីក្រុងប៉េកាំងក៏បានផ្តល់ព័ត៌មានដល់ភាគីជប៉ុនបានដឹងផងដែរ ។
សារព័ត៌មានAFP បានផ្សាយថា មនុស្ស៦នាក់ដែលត្រូវបានចាប់ខ្លួនកាលពីខែមីនា ខាងលើ ស្ថិតនៅក្នុងក្រុមហ៊ុនជប៉ុន ដោយអ្នកទាំងនោះធ្វើដំណើរទៅកាន់ខេត្តសឺងដុង និង ហៃណាន ដើម្បីស្រាវជ្រាវពីទីតាំអភិវឌ្ឍន៍ ទឹកជ្រោះក្តៅ។
កាលពីឆ្នាំ២០១៥ ពលរដ្ឋជប៉ុន៥នាក់ ក៏ត្រូវបានចាប់ខ្លួន ចោទប្រកាន់ពីបទចារកម្មនៅទីក្រុងប៉េកាំង សៀងហៃ ក្នុងនោះមាន៤នាក់បញ្ជូនទៅកាត់ទោសនៅក្នុងតុលាការ ដោយចោទប្រកាន់ពីបទឧក្រិដ្ឋ៕ ម៉ែវ សាធី