ព័ត៌មានទាន់ហេតុការណ៍៖

ស៊ីហ្គេមលើកទី២៩ នៅទីក្រុងកូឡាឡាំពួរ កម្ពុជាមានសុទិដ្ឋិនិយមលើកីឡាប្រយុទ្ធ៥ប្រភេទ សម្រាប់ដណ្តើមយកមេដាយ

ចែករំលែក៖

ភ្នំពេញ ៖ គណកម្មាធិការជាតិអូឡាំពិកកម្ពុជា ហាក់មានសុទិដ្ឋិនិយមខ្លាំង ចំពោះប្រភេទកីឡាប្រយុទ្ធ របស់កម្ពុជាចំនួន៥ ប៉ុន្តែពុំមានន័យថា ប្រភេទកីឡាដទៃទៀត គ្មានលទ្ធផលដណ្តើមមេដាយ ក្នុងព្រឹត្តិការណ៍កីឡា ស៊ីហ្គេមលើកទី២៩ ដែលនឹងធ្វើឡើងនៅទីក្រុងកូឡាឡាំពូរ ប្រទេសម៉ាឡេស៊ី នាថ្ងៃទី១៩ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ខាងនេះ។

ក្នុងនោះប្រតិភូកីឡារបស់ប្រទេសកម្ពុជា ដែលត្រូវដឹកនាំកីឡាករកីឡាការិនី ទៅចូលរួមប្រកួត បានបង្កើតគណៈកម្មការ ដោយមានសមាសភាព មកពី ក្រសួងអប់រំយុជន និងកីឡាសហការជាមួយ គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា និងសមាសភាព មកពីសហព័ន្ធកីឡាជាតិជាង២០ ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ថ្លែងក្នុងបទសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាន កាលពីពេលកន្លងទៅថ្មីៗនេះថា ចំពោះ សមាសភាពកីឡាករ កីឡាការិនី ដែលត្រូវបានជ្រើសរើសយកទៅកួតកីឡាស៊ីហ្គេមនេះ ធ្វើឡើងតាមរយៈការប្រមូលផ្តុំនៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដោយផ្អែកទៅលើសមត្ថភាព និងគុណភាពរបស់សហព័ន្ធកីឡាជាតិនីមួយៗ ។

លោកបានបន្តថា ចំណែកឯការរៀបចំការជ្រើសរើសឲ្យមានលទ្ធផលល្អនេះ យើងកំពុងត្រៀមលក្ខណៈធ្វើយ៉ាងណាឲ្យសហព័ន្ធមួយចំនួន ថ្វីដ្បិតមិនទាន់អាចឈានទៅប្រកួតប្រជែង ដណ្តើមយកមេដាយជាមួយបណ្តាលប្រទេសក្នុងតំបន់បាន ប៉ុន្តែយើងកំពុងរៀបចំប្រៀបធៀប កម្រិតបច្ចេកទេស (គុណផល) នៃសហព័ន្ធជាតិនីមួយៗ ជាមួយបណ្តាសហព័ន្ធផ្សេងៗនៅតាមបណ្តាល ប្រទេសផ្សែងៗក្នុងតំបន់ ដែលត្រូវបញ្ជូនអត្តពលិករបស់ខ្លួនទៅចូលរួមប្រកួតដណ្តើមយកមេដាយ នៅស៊ីហ្គេមលើកទី២៩ នៅទីក្រុងកូឡាំឡាំពូរនោះដែរ ។ ប្រសិនបើគុណផល ឬហៅថា(ប៉ិកការម៉ង់)មានកម្រិតខ្ទាប់ពេក ក៏មិនអាចបញ្ជូនទៅចូលរួមបានទេ ។

លោកអគ្គលេខាធិការបានបង្ហាញពីសុទិដ្ឋិនិយមចំពោះកីឡាប្រយុទ្ធមួយចំនួន ដូចជា កីឡាប៉េតង់ ប្រដាល់សាកល វ៉ូស៊ូ តេក្វាន់ដូ និងតឺន្នីស ដែលភាគច្រើនគឺជាប្រភេទកីឡាប្រយុទ្ធ ដែលអាចឈានទៅរកមេដាយ បាន ដោយងាយស្រួល ដែលអាចឈានទៅដណ្តើមយកមេដាយមាស ប្រាក់ និងសំរឹទ្ធិ ហើយកីឡាផ្សែងទៀតក៏អាចឈានទៅរកមេដាយដែរ ប៉ុន្តែយើងកំពុងតែជំរុញ ការហ្វឹកហាត់ឲ្យដល់កម្រិតមួយដែលសង្ឃឹមថាអាចឈានទៅរកមេដាយបាន។

គួររំលឹកថា អត្តពលិកកម្ពុជាបច្ចុប្បន្នកំពុងស្ថិតក្នុងជំរុះប្រមូលផ្តុំហ្វឹកហាត់ ក្រោមការផ្គត់ផ្គងពីក្រសួងអប់រំយុវជន និងកីឡា គ្រប់គ្រងដោយមជ្ឈមណ្ឌលជាតិ ហ្វឹកហាត់កីឡា មកពីសហព័ន្ធកីឡាជាតិជាង២០៕ សារីម


ចែករំលែក៖