ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែប្រយុទ្ធ Vinicius Junior យល់ព្រមទៅ Real Madrid ក្នុងតម្លៃខ្លួន៤៦លានអឺរ៉ូ

ចែករំលែក៖

ក្រោយពីឈ្នះជើងឯកលីកកំពូលអេស្ប៉ាញក្លិបស្តេចស Real Madrid បានឈានដល់ការព្រមព្រៀងគ្នាមួយជាមួយក្លិបប្រេស៊ីល Flamengo ដើម្បីចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធវ័យក្មេង Vinicius Junior នៅខែកក្កដា ឆ្នាំ២០១៨។

Barcelona ក៏បានចាប់អារ្មណ៍ទៅលើ Vinicius ផងដែរ ប៉ុន្តែ មិនបានទទួលជោគជ័យក្នុងការចុះហត្ថលេខាជាមួយនឹងរូបគេឡើយ។ ខ្សែប្រយុទ្ធ Vinicius ទើបតែបានបង្ហាញខ្លួនក្នុងក្រុមឈុតធំរបស់ក្រុម Flamengo ត្រឹមតែ១លើកប៉ុណ្ណោះ ក្រោយពីបានបង្ហាញខ្លួនអាជីពជាលើកទី១របស់គេកាលពី១០ថ្ងៃមុន ក្នុងការប្រកួតក្របខ័ណ្ឌលីកជាមួយនឹងក្រុម Atletico Mineiro។ ការព្រមព្រៀងក្នុងការនាំយកខ្សែប្រយុទ្ធវ័យ១៦ឆ្នាំរូបនេះ គឺមានតម្លៃខ្លួន៤៦លានអឺរ៉ូ (ស្មើនឹង៥១,៥លានដុល្លារអាមេរិក) ដែលនឹងធ្វើឲ្យរូបគេក្លាយជាកីឡាករមានតម្លៃខ្លួនខ្ពស់ជាងគេបំផុតលំដាប់ទី២ក្នុងប្រវត្តិសាស្ត្ររបស់ក្របខ័ណ្ឌលីកប្រេស៊ីល។ ខ្សែប្រយុទ្ធរូបនេះក៏មានទម្រង់លេងស្រដៀងនឹង Neymar ផងដែរ ដែលសុទ្ធសឹងតែកីឡាករដែលចេញមកពីលីកប្រេស៊ីល

សូមបញ្ជាក់ថា កីឡាករ Vinicius ទើបតែបានចុះកុងត្រាថ្មីមួយជាមួយនឹងក្លិប Flamengo កាលពីសប្តាហ៍មុន ដែលនឹងធ្វើឲ្យរូបគេត្រូវបន្តនៅជាមួយ នឹងក្លិបនេះរហូតដល់ខែកក្កដា ឆ្នាំ២០១៩ និងបានធ្វើឲ្យតម្លៃនៃការទិញរំលាយកិច្ចសន្យារបស់គេកើនពីចន្លោះ៣០លានអឺរ៉ូ ទៅ៤៦លានអឺរ៉ូ។ យុវជនរូបនេះបានបង្ហាញខ្លួន២២លើកសម្រាប់ក្រុមអាយុក្រោម១៧ឆ្នាំរបស់ប្រេស៊ីល និងបានស៊ុតបាល់បញ្ចូលទី១៩គ្រាប់ ។

ជាមួយគ្នានេះក្លិប Real Madrid បានអះអាងថា ពួកគេនឹងក្លាយជាម្ចាស់កម្មសិទ្ធិលើកីឡាករប្រេស៊ីលរូបនេះចាប់ពីខែកក្កដា ឆ្នាំ២០១៨ នៅពេលដែលរូបគេឈានចូលវ័យ១៨ឆ្នាំ ប៉ុន្តែ រូបគេនឹងបន្តនៅក្នុងក្លិប Flamengo ដល់ខែកក្កដា ឆ្នាំ២០១៩ ប្រសិនបើភាគីទាំងពីរមិនឈានដល់ការព្រមព្រៀងគ្នាទេនោះ៕ ដេវីត


ចែករំលែក៖