ប្រភពស៊ីអិនអិនបានផ្សាយថា មនុស្ស២០នាក់បានបាត់បង់ជីវិត និង៣០០នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីហេតុការណ៍ផ្ទុះគ្រាប់បែកមានកម្លាំងខ្លាំងមួយកើតឡើងនៅក្បែរស្ថានទូតបរទេសក្នុងទីក្រុងកាប៊ូល ប្រទេសអាហ្វហ្គានីស្ថាន ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ ។
លោក Najib Danish អ្នកនាំពាក្យក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថានថ្លែងថា ហេតុការណ៍ផ្ទុះបង្កឡើងដោយអំពើវាយប្រហារភេរវកម្មនៅជិតស្ថានទូតអាល្លឺម៉ង់ ។ មន្ត្រីសុខាភិបាលថ្លែងថា ជនរងគ្រោះទាំងអស់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យផ្សេងៗគ្នា ។
ហេតុការណ៍បំផ្ទុះនេះបានកើតឡើងខណៈដែលមនុស្សម្នាជាច្រើននាក់បានចាប់ផ្តើមដំណើរទៅធ្វើការនៅតាមស្ថានទូត ឬទៅកាន់បន្ទាយយោធាជាដើម ។ គេនៅមិនទាន់ឃើញក្រុមណាមួយប្រកាសទទួលស្គាល់ការវាយប្រហារនៅឡើយទេ ។
កងកម្លាំងទាហានប្រដាប់ដោយអាវុធចាប់ផ្តើមចល័តនៅជុំវិញកន្លែងកើតហេតុផងដែរ ខណៈដែលរថយន្តសង្គ្រោះបន្ទាន់មមាញឹកដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ លាយឡំដោយសំឡេងទួញយំសោកស្តាយពីសាច់ញាតិដែលរងគ្រោះក្នុងហេតុការណ៍ដ៏រន្ធត់មួយនេះ ៕