ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះអាវុធនៅកាស៊ីណូស្លាប់ និងរបួសជាច្រើននៅហ្វុីលីពីន

ចែករំលែក៖

ប៉ូលិសហ្វុីលីពីនកាលពីថ្ងៃទី២ ខែឧសភា បានប្រកាសថា ការបាញ់ប្រហារនៅតំបន់ Resorts World Manila ស្ថិតនៅទីក្រុង Pasay គឺជាសកម្មភាពវាយប្រហារភេរវកម្ម ហើយខ្មាន់កាំភ្លើងត្រូវបានសម្លាប់។

ស្នងការប៉ូលិសលោក Ronald Rela Rosa បានបញ្ជាក់ថា នេះជាសកម្មភាពវាយប្រហារប្លន់។ លោកបន្តទៀតថា ខ្មាន់កាំភ្លើងបានសម្រុកចូលទីតាំងរក្សាកាក់ និងប្រាក់នៅកាស៊ីណូ ហើយយកកាក់ និងប្រាក់ជាច្រើនដាក់នៅក្នុងវាលី។

អ្នកនៅជិតខាងបានឮស៊ូសម្លេងផ្ទុះកាំភ្លើងនៅខាងក្នុងអគារ Resorts World Manila ហើយមើលឃើញផ្សែងចេញពីអគារនោះដែរ។ លោក Dela Sosa បញ្ជាក់ថា ខ្មាន់កាំភ្លើងយកសាំងទៅជាមួយ ហើយចាក់នៅលើតុលេងល្បែងដុតតែម្តង ហើយពួកគេបាញ់រះដោយមិនសម្តៅទៅលើបុគ្គលណាមួយនោះឡើយ។

មន្ត្រីប៉ូលិសបានឲ្យដឹងថា មានមនុស្សជាង៣០នាក់រងរបួស ក្នុងនោះមានរងរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ។ ប៉ុន្មានម៉ោងក្រោយការផ្ទុះអាវុធ ក្រុមស្រាវជ្រាវហ្វុីលីពីន មានឯកទេសតាមដានសកម្មភាពភេវកម្មបានបញ្ជាក់ថា ក្រុមភេរវកម្មដែលស្និទ្ធនឹង IS នៅពីក្រោយការវាយប្រហារខាងលើ។

នាង Jeri Ann Santiago បុគ្គលិកសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ San Juan De Dios នៅជិតអគាររងការវាយប្រហារខាងលើបានឲ្យដឹងថា អ្នករងរបួសភាគច្រើនគឺថប់ដង្ហើមដោយផ្សែងខ្លាំង ខ្លះទៀតបាក់ឆ្អឹង និងត្រូវគ្រាប់កាំភ្លើង។ ប៉ូលិសបានឡោមព័ទ្ធអគារខាងលើ និងការពារសន្តិសុខដល់អតិថជន និងបុគ្គលិកនៅទីនោះ។ Resorts World Manila គឺជាទីតាំងទេសចរណ៍ដ៏ល្បីបំផុតនៅក្នុងទីក្រុងម៉ានីល ទល់មុខអាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino នៅក្នុងអគារ Resorts World Manila មានទាំងសណ្ឋាគារ ផ្សារទំនើប និងកាស៊ីណូទៀតផង។

ក្រុមអ្នកវិភាគបានលើកឡើងថា ការវាយប្រហារខាងលើ គឺជាការសងសឹកទៅលើកម្លាំងទាហានហ្វុីលីពីនដែលបានបើកការវាយប្រហារទៅលើទីក្រុងម៉ារ៉ាវី ដណ្តើមទីតាំងគ្រប់គ្រងវិញពីក្រុមភេរវកម្មស្និត IS។ នៅពេលនេះ ទីក្រុងនោះមិនទាន់ដណ្តើមបានទាំងស្រុងនៅឡើយ គឺក្រុមភេរវកម្មនៅគ្រប់គ្រងតំបន់មួយចំនួននៅក្នុងក្រុងដដែល។

ក្រុមអ្នកឯកទេសប្រឆាំងភេរវកម្មបង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីកាវាយប្រហារទៅលើទីតាំងសំខាន់ៗរបស់ហ្វុីលីពីន។ ក្នុងនោះមានទីតាំងដែលមានជនបរទេសរស់នៅច្រើនដូចជាអគារ Resorts World Manila ជាដើម។ ក្រៅពីនេះអាចនឹងមានការចាប់ជំរិត ប្លន់ជាច្រើនកើតឡើងនៅក្នុងប្រទេសនេះ៕ ម៉ែវ សាធី


ចែករំលែក៖