ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីថ្លែងការណ៍របស់ស្ថានទូតសហរដ្ឋអាមេរិក ស្តីពីការបោះឆ្នោតឃុំសង្កាត់នៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ស្ថានទូតសហរដ្ឋអាមេរិកនៅរាជធានីភ្នំពេញសូមអបអរសាទរចំពោះប្រជាជនកម្ពុជារាប់លាននាក់ ដែលបានទៅបោះឆ្នោត កាលពីថ្ងៃអាទិត្យ ដើម្បីជ្រើសរើសមេដឹកនាំឃុំសង្កាត់របស់គេ។ យើងសូមសរសើរផងដែរដល់រាជរដ្ឋាភិបាលកម្ពុជា គណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) មន្រ្តីរៀបចំការបោះឆ្នោត និងអ្នកស្ម័គ្រចិត្ត ដែលបានខិតខំជួយរៀបចំដំណើរការការបោះឆ្នោតនេះ។

ស្ថានទូតអាមេរិកបានបញ្ជូនក្រុមអ្នកសង្កេតការណ៍បោះឆ្នោតចំនួន ៤០ ក្រុម ទៅសង្កេតការណ៍នៅទូទាំងប្រទេសកម្ពុជា ដោយធ្វើការសំរបសំរួលជាមួយនគជប។ ក្រុមទាំងនេះបានចុះទៅដល់ទីតាំងចំនួនជាង ៣០០ នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តចំនួន ១៣។ ជាទូទៅស្ថានីយបោះឆ្នោតដែលក្រុមទាំងនេះបានសង្កេត មានរបៀបរៀបរៀបរយនិងភាពស្ងប់ស្ងាត់។ របាយការណ៍បន្ថែមរបស់ក្រុមអ្នកសង្កេតការណ៍ក្នុងស្រុកនិងអន្តរជាតិផ្សេងៗទៀត បានគាំទ្រនូវការរកឃើញទាំងនេះដែរ។

យើងនឹងបន្តតាមដានព្រឹត្តិការណ៍នានា ក្នុងពេលដែលគជបរៀបចំ និងប្រកាសលទ្ធផល។ យើងរំពឹងថា គជបបំពេញការទទួលខុសត្រូវនេះ ដោយភាពស្មោះត្រង់ និងមានតំលាភាពខ្ពស់បំផុត ហើយរំពឹងថា គជបនឹងធ្វើការស៊ើបអង្កេតពេញលេញផងដែរ ចំពោះកង្វល់ដែលលើកឡើងដោយគណបក្សប្រឆាំងនានា និងអង្គការសង្គមស៊ីវិលទាំងឡាយ នៅមុនពេលនិងនៅក្នុងអំឡុងពេលនៃការធ្វើយុទ្ធនាការបោះឆ្នោត។

ការបោះឆ្នោតកាលពីម្សិលម៉ិញនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដ៏សំខាន់មួយ នៅក្នុងការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យជាបន្តនៅកម្ពុជា។ យើងសូមអំពាវនាវអោយពលរដ្ឋកម្ពុជា គណបក្សនយោបាយនិងស្ថាប័ននានា នៅកម្ពុជាទទួលយកលទ្ធផលនៃការបោះឆ្នោតដោយស្ងប់ចិត្ត និងក្នុងស្មារតីនៃការផ្សះផ្សា និងសហប្រតិបត្តិការគ្នា ៕ ស ដារ៉ា


ចែករំលែក៖