ភ្នំពេញ៖ អ្នកប្រដាល់៤នាក់នឹងបង្ហាញពីថ្វីដៃនៅលើកសង្វៀនប្រដាល់របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ដើម្បីឈានទៅដណ្តើមកៅអីជុំទី៣ ក្រោយពីពួកគេទាំង៤នាក់ បានឈ្នះជុំទី១វគ្គជម្រុះ៣២នាក់ ។ ដូច្នេះចុងសប្តាហ៍នេះ កីឡាករ កុយ ចាន់តូ មកពីក្លិប គីសែនមានប្ញទ្ធិអាជ្ញាធរអាវុធគីមី ត្រូវជួបប្រកួតនឹងកីឡាករ មាស សុជាតិ មកពីក្លិប ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ខណៈដែលកីឡាករ ចេង គា មកពីក្លិបសាលវ័ន្តកីឡាប្រកួតជាមួយកីឡាករ ថន វាសនា មកពីក្លិប នាគរាជមានជ័យ ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម ។
ការប្រកួត របស់កីឡាករទាំង៤នាក់ខាងលើ សម្រាប់ប្រជែងយកកៅអីវគ្គ៨នាក់ជុំទី៣ ប្រសិនបើកីឡាករ រូបណាឈ្នះក្នុងការប្រកួត វគ្គ១៦នាក់នាល្ងាចថ្ងៃសៅរ៍ទី១០ខែមិថុនាឆ្នាំ២០១៧នៅសង្វៀនTIFFI ARINAខាងកើតស្ពានជ្រោយចង្វារ។ ចំពោះ កុយ ចាន់តូ និង មាស សុជាតិ ពួកគេមិនធ្លាប់ជួបគ្នាទេកន្លងមក កាលប្រកួតនៅដំនាក់កាលទី១វគ្គ៣២នាក់ កីឡាករ មាស សុជាតិ វាយឈ្នះ ម៉ន ចាន់ដារ៉ា មកពីក្លិបការិយាល័យទី៥ កងទ័ពជើងគោក ក្នុងទឹកទី២។
រីឯកីឡាករ កុយ ចាន់តូ វាយឈ្នះឌុម កែវដាំ មកពីក្លិបសុភានូមានជ័យ ចុងទឹកទី៣។ការប្រកួតរវាងកុយ ចាន់តូ និង មាស សុជាតិ អ្នកឈ្នះបានឡើយទៅប្រកួតជដំណាក់កាលទី៣វគ្គ៨នាក់ ។រីឯអ្នកចាញ់ត្រូវចប់ភារកិច្ចត្រឹមវគ្គនេះ។ តើមាស សុជាតិ បានឡើងឬក៏ កុយ ចាន់តូ សម្រាប់វគ្គប្រកួតវគ្គ៨នាក់ជុំទី៣ដំណាក់កាលទី៣? ។ចំពោះការប្រកួតរវាង កីឡាករ ចេង គា មកពីក្លិបសាលវ័ន្តកីឡា និង ថន វាសនា មកពីក្លិបនាគរាជមានជ័យពួកគេទាំងពីរធ្លាប់ជួបបានជួបប្រកួតគ្នាម្តងកាលពីចុងឆ្នាំ២០១៦កន្លងទៅ ដោយ ចេង គា វាយឈ្នះ ថន វាសនា ដោយពិន្ទុ។
ការប្រកួតរវាងអ្នកប្រដាល់ទាំងពីរ នៅដំណាក់កាលទី១វគ្គជម្រុះ៣២នាក់ ចេង គា វាយឈ្នះ អ៊ុំ កំសត់ មកពីក្លិបព្រៃទទឹងខេត្តបាត់ដំបងដោយពិន្ទុ និងកីឡាករថន វាសនា វាយឈ្នះ កីឡាករ ង៉ែត្រ រដ្ឋា មកពីក្លិបតាព្រហ្មមានជ័យ ក្នុងទឹកទី១។ តើដំណាក់កាលទី២នេះ ចេង គា និង ថន វាសនា នរណាដើរចេញពីការប្រកួតនេះ?៕ សារីម