បច្ចុប្បន្នសេវាកម្ម ពពោះបង្កើតកូនស៊ីឈ្នួលកំពុងតែពេញនិយមនៅក្នុងប្រទេសឡាវ បានទាក់ទាញគូស្វាមីភរិយាដែលមិនទាន់មានកូនមកពីគ្រប់ទិសទីជុំវិញពិភពលោកពិសេសគឺប្រទេសចិន ។
សេវាកម្មបង្កើតកូនស៊ីឈ្នួល កើតឡើង នៅប្រទេសឡាវ ក្រោយពេលដែលប្រទេសជិតខាងនៅក្នុងតំបន់ទាំងមូលបានហាមប្រាម សេវាកម្មខាងលើ តាំងពីឆ្នាំ២០១៥។ ភាគច្រើន សេវាកម្មបង្កើតកូនស៊ីឈ្នួលបានកើតឡើងនៅតំបន់ នានា ទាំងទីក្រុងវៀង ចន្ទន៍ និងនៅតាមព្រំដែនប្រទេសថៃ។
នៅឡាវ ការពពោះជំនួសផ្តល់មេជីវិត មិនមែនជារឿងខុសច្បាប់នោះឡើយ។ ទាំងនោះហើយ ទើបមានការផ្សព្វផ្សាយ ជាច្រើននៅលើបណ្តាញ Wechat ដែល ជាបណ្តាញធំរបស់ចិន ដើម្បីទាក់ទាញ អ្នកមាននៅក្នុងប្រទេសលេខមួយអាស៊ីនេះ។ចិនបានហាមប្រាម ការពពោះស៊ីឈ្នួល តាំងពីឆ្នាំ២០០១។ នៅពេលនេះចិនបាន អនុញ្ញាត ឲ្យមានកូនពីរនាក់ ដែលជាហេតុ ធ្វើឲ្យសេវាកម្ម បង្កើតកូនស៊ីឈ្នួលនៅឡាវកាន់តែពេញនិយម។
ក្រុមអ្នកការពារសិទ្ធិមនុស្សបានឲ្យដឹងថា ឡាវគឺជាប្រទេសក្រីក្រជាងគេក្នុងតំបន់អាស៊ី និងជាកន្លែងមានបទល្មើសឆ្លងដែនជាច្រើន ក្នុងនោះមានការ ជួញដូរគ្រឿងញៀនសត្វព្រៃ ហើយពេលនេះគឺ លក់មេជីវិត បង្កើតកូនស៊ីឈ្នួល។
កាលពីខែមេសាកន្លងមក ប៉ូលិសថៃ ចាប់បានបុរសម្នាក់ជួញដូរមេជីវិត បុរស៦ ដបតូចនាំចូលទៅឡាវ ដើម្បីប្រើប្រាស់នៅក្នុងមន្ទីរសម្ភព សម្រាប់បង្កកំណើត។ ឡាវគឺជាទីតាំងសម្រាប់គ្រួសារដែលគ្មានកូន នៅជុំវិញពិភពលោក ។ នៅពេលនេះ បើទោះបីមិនទាន់មានតួលេខច្បាស់លាស់តែមន្ទីរសម្ភពសម្រាប់បង្កើតកូនស៊ីឈ្នួលបាន កើតឡើងនៅគ្រប់ទិសទី ក្នុងប្រទេស ឡាវ។
លោក Sam Everingham ប្រធានអង្គ ការ គ្រួសារ ដែលត្រូវការ គេជួយពពោះ បង្កើតកូន នៅអូស្ត្រាលី បានឲ្យដឹងថា នៅ ក្នុងវេទិកាមួយ ធ្វើបានធ្វើឡើងគឺមានគូស្វាមីភរិយាជនជាតិ អូស្ត្រាលីមិនទាន់មានកូន ដល់ទៅ ៦០០នាក់ចូលរួម។
ដោយសារតម្លៃសេវាកម្មថោក បានជាសេវាកម្មពពោះបង្កើតកូនស៊ីឈ្នួលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ចំពោះគូស្វាមីភរិយាជនជាតិអូស្ត្រាលី ត្រូវផ្តល់ ប្រាក់៥៦.០០០ដុល្លារ សម្រាប់ ទារកកើត មកដោយការពពោះស៊ីឈ្នួល។ ចំណែកស្ត្រីដែលពពោះនោះទទួលបានប្រាក់ តិចតួចប៉ុណ្ណោះ។
សារព័ត៌មានរ៉យទ័របានផ្សាយថា ស្ត្រី វ័យ២៨ឆ្នាំម្នាក់ នៅប្រទេសឡាវទទួលបានប្រាក់តែ៨០០០ដុល្លារប៉ុណ្ណោះ សម្រាប់ពពោះបង្កើតកូននីមួយៗ ក្រៅពីនេះបាន ទៅក្រុមហ៊ុន។ ប៉ុន្តែ ប្រាក់៨ពាន់គឺមានច្រើនជាងប្រាក់ខែ៧២ដង ។ដូច្នេះមានស្ត្រីជនជាតិឡាវជាច្រើន សម្រេចចិត្តចូលធ្វើការនេះ៕ ម៉ែវ សាធី