ព័ត៌មានទាន់ហេតុការណ៍៖

គ្រូជម្រើសជាតិបាល់ទាត់កម្ពុជា ប្រកាសដកកីឡាករលេងមិនបានល្អ ក្នុងជំនួបមិត្តភាពដែលនាំឲ្យចាញ់ក្រុម ឥណ្ឌូនេស៊ី២ទល់០

ចែករំលែក៖

ភ្នំពេញ៖ លោកលោក Leonardo Vitorino គ្រូបាល់ទាត់ជម្រើសជាតិកម្ពុជាបាននិយាយ ក្រោយកូនក្រុមរបស់លោកលេងចាញ់ក្រុមភ្ញៀវឥណ្ឌូនេស៊ី ក្នុងលទ្ធផល ២ទល់០ កាលពីយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ ថា លោកនឹងពិនិត្យមើលកីឡាករក្នុងក្រុមជម្រើសជាតិ ដែលលេងមិនបានល្អ ក្នុងជំនួបខាងលើនេះ រួចដាក់អ្នកថ្មីជំនួសវិញ ក្នុងការប្រកួតផ្លូវការ ជាមួយក្រុមអាហ្គានីស្ថាន វគ្គជម្រុះពានរង្វាន់ជើងឯកប្រចាំទ្វីបអាស៊ី AFC Asian Cup 2019 UAE នៅថ្ងៃពុធសប្ដាហ៍ក្រោយនេះ។

លោកបានបញ្ជាក់ថា អ្វីដែលយើងត្រូវធ្វើនាពេលបន្ទាប់ គឺត្រូវការពេលវេលាបន្ថែមទៀត សម្រាប់ហ្វឹកហាត់ ដើម្បីអភិវឌ្ឍឲ្យប្រសើរឡើងវិញ ពិសេសការកែទម្រង់ផ្នែកបច្ចេកទេស ។ ចំពោះការប្រកួតមិត្តភាពនេះនៅក្នុងវគ្គទី១ ក្រុមជម្រើសជាតិកម្ពុជា មានឱកាស៣ដង សម្រាប់ទាត់បាល់បំប៉ោងសំណាញ់ទីគូប្រកួតរបស់ខ្លួន ប៉ុន្តែពួកយើងធ្វើមិនបានសម្រេច។ លោកអះអាងថា បើនិយាយពីទម្រង់លេងកូនក្រុមរបស់លោកមិនលេងអន់ទេ ប៉ុន្តែសម្រាប់បច្ចេកទេស យើងត្រូវការកែទម្រង់ឡើងវិញ។ ព្រោះបច្ចេកទេសរបស់កីឡាករម្នាក់ៗ សុទ្ធតែមានចំណុចខ្វះខាតច្រើន ដែលតម្រូវឲ្យកែលម្អ។ នៅតង់ទី២ កីឡាករខ្លះទៀត ធ្វើមិនបានល្អ ។ ក្រុមជម្រើសជាតិកម្ពុជានៅកម្រិតដូច្នេះ ប្រជាពលរដ្ឋកម្ពុជា នឹងគាំទ្រ គួរទុកពេលវេលាឲ្យពួកយើងកែលម្អបច្ចេកទេស និងទម្រង់លេងឡើងវិញ ។

គ្រូជម្រើសជាតិរូបនេះបានបន្ថែមថា នរណាធ្វើឲ្យបានល្អថ្ងៃនេះ នឹងដាក់ឲ្យលេង ក្នុងការប្រកួតជាមួយក្រុមអាហ្វហ្គានីស្ថានថ្ងៃក្រោយ ហើយនរណាធ្វើមិនបានល្អ នឹងត្រូវដកចេញ ដោយដាក់មនុស្សថ្មីជំនួស ។ យើងនឹងរៀបចំក្រុមម្តងទៀត ចំពោះការប្រកួតជាមួយអាហ្វហ្គានីស្ថាន មានសារសំខាន់ខ្លាំងណាស់សម្រាប់យើងទាំងអស់គ្នា។

ទន្ទឹមនឹងការបរាជ័យរបស់ក្រុមជម្រើសជាតិឈុតធំកម្ពុជា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោក សៅ សុខា ធ្លាប់ថ្លែងក្នុងមហាសន្និបាតសហព័ន្ធថា ក្រុមឈុតធំនេះ បើទោះបីលោកឲ្យពួកគេ ស៊ីគោម្នាក់១ក្បាល មុខចេញទៅប្រកួត ក៏លេងមិនឈ្នះគេដែរ “ខ្ញុំនិយាយដោយត្រង់ ប៉ុន្តែខ្ញុំក៏មានសង្ឃឹមចំពោះយុវជនថ្នាល់របស់យើងដែលកំពុងហ្វឹកហាត់នៅមជ្ឈមណ្ឌលបាល់ទាត់ទន្លេបាទី”។

គួររំលឹកថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានប្រកួតមិត្តភាពអន្តរជាតិ ចាញ់ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ក្នុងលទ្ធផល ២ទល់០ នៅទីលានពហុកីឡដ្ឋានជាតិ កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនា ឆ្នាំ២០១៧ ហើយត្រូវបន្តជួបប្រកួតជាមួយក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន ក្នុងវគ្គជម្រុះពានរង្វាន់ជើងឯកប្រចាំទ្វីបអាស៊ី AFC Asian Cup 2019 UAE នៅថ្ងៃពុធ សប្ដាហ៍ក្រោយ៕ សារីម


ចែករំលែក៖