ភ្នំពេញ ៖ លោក Leonardo Vitorino បានធូរស្រាលពីការស្តីបន្ទោសក្នុងនាមលោកជាគ្រូបង្វឹកក្រុមជម្រើសជាតិគោព្រៃកម្ពុជាក្រោយពីកីឡាករខ្សែបម្រើប្រយុទ្ធ ប្រាក់ មុន្នីឧត្តម រកគ្រាប់បាល់ឈ្នះលើក្រុមជម្រើសជាតិអាហ្វហ្គានីស្ថានក្នុងលទ្ធផល ១-០ កាលពីរាត្រីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ ក្នុងការប្រកួតជម្រុះពូល C សម្រាប់ព្រឹត្តិការណ៍ AFC Asian Cup នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។
គ្រាប់បាល់១គ្រាប់នេះពិតជាបានជួយកាត់បន្ថយសម្ពាធផ្សេងៗ សម្រាប់គ្រូបង្វឹក Leonardo Vitorino ខណៈដែលគ្រាប់បាល់នេះបានជួយកសាងស្នាដៃសម្រាប់វត្តមានរបស់លោក Vitorino ជាគ្រូបង្វឹកក្រុម ជម្រើសជាតិកម្ពុជាទទួលជ័យជម្នះលើក ទី១ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិប្រេស៊ីលរូបនេះនៅក្នុងចំណោមការប្រកួតចំនួន៤លើកនោះ។ បច្ចុប្បន្នក្រុមជម្រើសជាតិកម្ពុជាកំពុងស្ថិតក្នុងចំណាត់ថ្នាក់ លេខ២ដោយមាន៣ពិន្ទុ ។ ដូច្នេះគោព្រៃ កម្ពុជាត្រូវបន្តដំណើរទៅជួបជាមួយក្រុមជើងខ្លាំងវៀតណាមនាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២០១៧ សម្រាប់ការប្រកួតបន្ទាប់ ។ ក្រោយ ពីបញ្ចប់ការប្រកួតរវាងក្រុមជម្រើសជាតិ កម្ពុជាដោយយកឈ្នះ ១-០ លើក្រុមជម្រើស ជាតិអាហ្វហ្គានីស្ថានកាលពីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជាមកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជាបានឧបត្ថម្ភថវិកាចំនួន១.០០០ដុល្លារសម្រាប់កីឡាករនិង គ្រូបង្វឹកម្នាក់ៗផងដែរ ។
សម្តេចតេជោបានសរសេរក្នុងផេកហ្វេសប៊ុកផ្លូវការរបស់សម្តេចថា «ខ្ញុំសូមអបអរសាទរក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជាដែលបានប្រកួតឈ្នះក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន (Afghanistan) ក្នុង លទ្ធផល (កម្ពុជាឈ្នះ ១-០ អាហ្វហ្គា នីស្ថាន) នៅក្នុងការប្រកួតបាល់ទាត់ជម្រុះជើងឯកអាស៊ីឆ្នាំ២០១៩ (AFC Asian Cup UAE 2019) Cambodia Vs Afghanistan ដែលទើបបានបញ្ចប់នៅពហុកីឡដ្ឋាន ជាតិអូឡាំពិកនៅមុននេះបន្តិច) ។
ខ្ញុំសូមកោតសរសើរចំពោះសមត្ថភាពក្មួយៗកីឡាករជម្រើសជាតិកម្ពុជាដែលបានខិតខំលេងបានយ៉ាងល្អ។ ខ្ញុំសូមឧបត្ថម្ភលើកទឹកចិត្តដល់ក្រុមកីឡាករជម្រើសជាតិកម្ពុជារួមទាំងគ្រូបង្វឹកនូវថវិកាម្នាក់ $1,000 (មួយពាន់ដុល្លារ)។ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា នឹងផ្តល់នូវ ថវិកានេះជូនដល់ក្មួយៗក្រុមកីឡាករទាំងអស់ ។
អរគុណបងប្អូនប្រជាពលរដ្ឋដែលគាំទ្រវិស័យកីឡាជាពិសេសក្មួយៗដែលបានចូលរួមទស្សនាផ្ទាល់នៅពហុកីឡដ្ឋាន តាមទូរទស្សន៍ និងតាមហ្វេសប៊ុកខ្ញុំ។ សូម ជូនពរកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជាទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត» ៕ សារីម