ព័ត៌មានទាន់ហេតុការណ៍៖

បិសាចក្រហមទិញបានខ្សែការពារ Lindelof ជាផ្លូវការហើយពី Benfica

ចែករំលែក៖

ក្លិបបិសាចក្រហម Manchester United បានបំពេញការផ្ទេរខ្សែការពារអន្តរជាតិស៊ុយអែត Victor Lindelof ពីក្លិប Benfica ជាផ្លូវការក្នុងកិច្ចសន្យារយៈពេល៤ឆ្នាំ។ ខ្សែការពារកណ្តាលវ័យ២២ឆ្នាំរូបនេះ បានទៅដល់ទីលានហ្វឹកហាត់ Aon Training Complex របស់ក្លិប Man United កាលពីព្រឹកថ្ងៃពុធ ក្រោយពីក្លិបទាំងពីរបានយល់ព្រមលើតម្លៃខ្លួនមួយដែលគេយល់ឃើញថា មានចំនួនទឹកប្រាក់៣៥លានអឺរ៉ូ (ស្មើនឹង៣៩លានដុល្លារអាមេរិក ឬ៣១លានផោន) ដែលជាតម្លៃកំណត់ត្រាថ្លៃបំផុតសម្រាប់ខ្សែការពាររបស់ក្លិ។

គ្រូបង្វឹកក្រុមបិសាចក្រហមលោក Jose Mourinho បាននិយាយថា « Lindelof ពិតជាកីឡាករវ័យក្មេងដ៏មានទេពកោសល្យម្នាក់ ដែលមានអនាគតដ៏អស្ចារ្យ នៅចំពោះមុខរូបគេក្នុងក្លិប Man United។ រដូវកាលរបស់យើងកាលពីឆ្នាំមុន បានបង្ហាញឲ្យយើងឃើញថា យើងត្រូវការជម្រើសជាច្រើន និងគុណភាពក្នុងការបន្ថែមក្នុងក្រុមនេះ ហើយ Lindelof គឺកីឡាករដំបូងគេក្នុងការចូលរួមជាមួយយើងនៅរដូវក្តៅនេះ។ ខ្ញុំដឹងថា ក្រុមកីឡាករដ៏អស្ចារ្យរបស់យើង នឹងស្វាគមន៍រូបគេក្នុងនាមជាសមាជិកម្នា់របស់យើង»។

ខ្សែការពារ Lindelof បានទៅដល់ទីក្រុង Manchester ទាំងក្តីរីករាយក្រោយពីបានបំពេញការតព្វកិច្ចអន្តរជាតិជាមួយនឹងស៊ុយអែត ខណៈដែលក្រុមរបស់គេបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ជាមួយនឹងក្រុមន័រវែស កាលពីថ្ងៃអង្គារ។ កីឡាកររូបនេះបាននិយាយទាំងក្តីរំភើបថា «ខ្ញុំពិតជារំភើបណាស់ក្នុងការចូលរួមជាមួយនឹង Manchester United។ ខ្ញុំបានជួបពេលវេលាដ៏រីករាយជាមួយនឹងក្លិប Benfica ហើយខ្ញុំបានរៀននៅទីនោះយ៉ាងច្រើន។ ប៉ុន្តែ ខ្ញុំនឹងផ្តោតទៅលើការលេងក្នុង Premier League នាកីឡដ្ឋាន Old Trafford និងលេងឲ្យលោក Jose Mourinho»។

សូមបញ្ជាក់ថា កីឡាករអន្តរជាតិស៊ុយអែតរូបនេះនឹងក្លាយជាខ្សែការពារមានតម្លៃខ្លួនថ្លៃបំផុតក្នុងប្រវត្តិសាស្ត្ររបស់បិសាចក្រហម បន្ទាប់ពីកំណត់ត្រាថ្លៃបំផុតកាលពីមុនគឺការទិញ Rio Ferdinand ក្នុងតម្លៃ២៩,១លានផោនកាលពីឆ្នាំ២០០២។

ក្នុងវ័យ២២ឆ្នាំ Lindelof ចាប់ផ្ដើមអាជីពបាល់ទាត់ជាមួយ Benfica ហើយបង្ហាញខ្លួនបាន៤៨ប្រកួតចាប់តាំងពីឆ្នាំ២០១៣មក និងស៊ុតបញ្ចូលទីបាន៣គ្រាប់។ ជាមួយក្រុមជម្រើសជាតិវិញកីឡាករដែលកើតនៅទីក្រុង Västerås រូបនេះលេងតាំងពីឈុត U17, U19, U21 និងឈុតធំហើយស៊ុតបញ្ចូលទីបាន១គ្រាប់៕ ដេវីត


ចែករំលែក៖