ប្រព័ន្ធខែលការពាររបស់អាមេរិកអាចនិយាយបានថា រឹងមាំជាងគេបំផុត នៅលើពិភពលោក អាចទប់ស្កាត់រាល់ការវាយប្រហារពីសត្រូវបានគ្រប់ពេល ។ ទាំងនោះហើយទើបប្រទេសមួយចំនួនដូចជា រុស្ស៊ី និងចិនកំពុងតែស្រាវជ្រាវផលិត កាំជ្រួចមិស៊ីលដែលទម្លុះរនាំងរបស់អាមេរិកឲ្យបាន។
គោលដៅដែលចិនផលិតមីស៊ីលល្បឿនលឿន គឺដើម្បីកម្ទេចនាវាផ្ទុកយន្តហោះរបស់អាមេរិក ឈរជើងនៅតំបន់អាស៊ី ក្នុងនោះ មានដែនសមុទ្រចិនភាគខាងត្បូង ជាដើម ។ នាវាផ្ទុកយន្តហោះអាមេរិកគឺជា ឧបសគ្គ ដ៏ធំរបស់ចិនក្នុងការពង្រីកអំណាច ។
ពេលថ្មីៗនេះ ទីក្រុងប៉េកាំង ទើបបានធ្វើសេចក្តីអះអាងមួយថា ខ្លួនទើបអភិវឌ្ឍន៍សម្រេចបាននូវម៉ាស៊ីនលឿនជាងសម្លេង ដែលអាចជួយធ្វើឲ្យមីស៊ីលរបស់ខ្លួន មានល្បឿនដ៏លឿនមិនមានប្រព័ន្ធខែលការពារមីស៊ីលបច្ចុប្បន្ននេះណាមួយ អាចមើលទាន់បាន។
ក្រុមហ៊ុនសាជីវកម្មវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអវកាសចិន ដែលហៅកាត់ថា CASC បានប្រកាស នូវការអភិវឌ្ឍដ៏ជោគជ័យនៃម៉ាស៊ីនលឿនជាងសំឡេងនេះ បន្ទាប់ពីការធ្វើតេស្តិ៍សាកល្បងការហោះហើរចំនួន៨លើកមក ហើយ នាពេលបច្ចុប្បន្នម៉ាស៊ីនបដិវត្តន៍ថ្មីនេះ គឺត្រៀមរួចរាល់ដើម្បីដាក់បញ្ចូលជាមួយនឹងប្រព័ន្ធមីស៊ីលវាយប្រហារពីអាកាសទៅអាកាសជំនាន់ថ្មី។
យោងតាមប្រភពព័ត៌មានពីគេហទំព័រអង់គ្លេស The Sun ចេញផ្សាយនៅថ្ងៃទី១៣ខែមិថុនា ឆ្នាំ២០១៧ បានឲ្យដឹងថា ដើម្បីទទួលបានគុណសម្បត្តិថា “មានល្បឿនលឿនជាងសម្លេង” ម៉ាស៊ីននឹងចាំបាច់ត្រូវរត់បានល្បឿន៣.៨៥៣ម៉ាយក្នុងមួយម៉ោងគឺមានល្បឿន៥ដងលឿនជាងល្បឿនសម្លេង ហើយមីស៊ីលដែលរត់ក្នុងល្បឿននេះគឺទំនងជាគ្មានប្រព័ន្ធខែលការពារមីស៊ីលសម័យទំនើបណា អាចរារាំងដំណើរវាបានឡើយ៕ ម៉ែវ សាធី