មានពលរដ្ឋនៅជុំវិញពិភពលោកដល់ទៅជិត ៦៦លាននាក់ ត្រូវភៀសខ្លួននៅក្នុងឆ្នាំ២០១៦ ហើយបន្តកើនឡើងទៀតដោយសារតែអំពើហិង្សា សង្គ្រាមស៊ីវិល បន្តកើតឡើង ធ្វើឲ្យពលរដ្ឋជាច្រើនទៀតត្រូវចាកចោលផ្ទះសម្បែង ទៅកាន់កន្លែងផ្សេង។
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានឲ្យដឹងនៅថ្ងៃទី១៩ ខែមិថុនា ថា តាមរបាយការណ៍ ពិភពលោក របស់ UNHCR បានប្រកាស ឲ្យដឹងថា ចំនួន ជនភៀសខ្លួននៅក្នុងឆ្នាំ ២០១៦ កើនឡើង ៣សែននាក់ បើប្រៀបធៀបនឹងឆ្នាំ ២០១៥។ មធ្យមភាគ គឺក្នុងរយៈពេល៣វិនាទី មានមនុស្ស ម្នាក់ត្រូវចាកចេញចោលផ្ទះ។
លោក Filippo Grandi ប្រធាន UNHCR បានបញ្ជាក់ថា បើទោះបីគិតបែបណាក្តី ក៏មានពលរដ្ឋ ជាង ៦៥,៦លាននាក់ត្រូវបានចាកចេញចោលផ្ទះសម្បែង ដោយសារសង្គ្រាមស៊ីវិល និងអំពើហិង្សា នេះជាតួលេខមិនអាចទទួលយកបានឡើយ។ លោកក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិ រួមដៃគ្នា ការពារ និងយកចិត្តទុកដាក់ជាងនេះដល់ជនភៀសខ្លួន ។
តាមរបាយការរបស់ អង្គការ UNHCR នៅស៊ីរី មានជនភៀសខ្លួនច្រើនបំផុតលើពិភពលោក ដោយមានពលរដ្ឋដល់ទៅ១២លាននាក់ បានភៀសខ្លួនទៅកាន់ប្រទេសជិតខាង និងតំបន់ជាច្រើនផ្សេងទៀតជុំវិញពិភពលោក។ ចំណែកពលរដ្ឋ ភៀសខ្លួននៅក្នុងប្រទេស កូឡំបីមាន៧,៧លាននាក់ ។ អាហ្វហ្គានីស្ថាន មាន ៤,៧លាននាក់ និង អីរ៉ាក់ មាន៤,២លាននាក់។
ភាគច្រើនជនភៀសខ្លួនបានព្យាយាមទៅកាន់ ប្រទេសអភិវឌ្ឍន៍ ដូចជានៅតំបន់អឺរ៉ុបជាដើម។ ការប្រកាសរបាយការណ៍ខាងលើ របស់ UNHCR កើតឡើង ក្នុងពេលដែលពិភពលោក ប្រារព្ធ ទិវាជនភៀសខ្លួន ពិភពលោក ដែលបានធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃតី២០ ខែមិថុនា ៕ ម៉ែវ សាធី