ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តឡិចស៊ីសRX300 មួយគ្រឿង ដោយមិនគោរពភ្លើងស្តុបហើយបានបើកទៅមុខទៀតជ្រុលទៅបុក ម៉ូតូPCX បណ្ដាលឱ្យនារី២នាក់រងរបួសស្រាល ។ ហេតុការណ៍នេះ កើតឡើងនៅវេលាមោ៉ង៩និង៣០យប់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ ចំនុចស្តុបផ្សារដើមអំពិល ផ្លូវ៣១០ កែងនិងផ្លូវ១៦៣ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បើតាមប្រភពពត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ បុរស ម្នាក់បានបើករថយន្តម៉ាកឡិចស៊ីស RX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AE-3397 រួមដំណើរជាមួយបុរសម្នាក់ទៀតបានធ្វើដំណើរតាមផ្លូវលេខ ១៦៣ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់កើតហេតុ ដែលជាផ្លូវបំបែកជាបួន ព្រមទាំងមានភ្លើងស្តុប ពណ៌ក្រហម តែអ្នកបើករថយន្តខាងលើមិនបានឈប់រងចាំនោះទេបានបើកបំពានឆ្លងកាត់ ស្រាប់តែមាននារី ២នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1DA-2986 បានធ្វើដំណើរតាមផ្លូវលេខ ៣១០ក្នុងទិសដៅពីកើតទៅលិច ក៍ជ្រុលទៅបុកនិងរថយន្តឡិចស៊ីស ខាងលើចំកាងមុខចំហៀងខាងឆ្វេង បណ្ដាលឱ្យរថយន្តធ្លាក់កាងខាងមុខ ។
ភ្លាមៗនោះដែរ ភាគីខាងរថយន្តបានសុំធ្វើការសម្របសម្រួល ដោយសុំសងសំនងជាលុយចំនួន១០ដុល្លារ អោយទៅខាងម៉ូតូ តែពេលនោះខាងម៉ូតូដែលជិះដោយនារី ២នាក់មិនព្រមយកនោះទេរង់ចាំឱ្យបងប្អូនមកសិន ចាំដោះស្រាយគ្នា ។
ក្រោយពេលកើតហេតុ បន្តិចក្រោយមក ខាងបងប្អូនខាងនារី ២នាក់ បានមកដល់ ស្រាប់តែស្គាល់គ្នាជាមួយនិងអ្នកបើកបររថយន្តថាជាអ្នកជិតខាងនិងគ្នា រួចហើយបានអោយខាងរថយន្តយកម៉ូតូទៅជួយជុល ដើម្បីបញ្ចប់រឿងតែមង្ត ៕ ស រស្មី