ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះធុងហ្គាសខ្នាតធំនៅក្នុងផ្ទះអ្នកកែច្នៃមាស ស្រុកភ្នំព្រឹកបណ្តាលឱ្យស្លាប់ និងរបួសប្តីប្រពន្ធកូន៣នាក់

ចែករំលែក៖

ខេត្តបាត់ដំបង៖ អ្នកប្រកមុខរបររុករ៉ែមាសនៅភ្នំព្រឹកមួយគ្រួសារ៣នាក់ប្តី ប្រពន្ធ និងកូនស្រី បានរងគ្រោះស្លាប់ និងរងរបួសដោយជួបនូវហេតុការណ៍ផ្ទុះធុងហ្គាសខ្នាតធំ សម្រាប់ប្រើប្រាស់រំលាយមាសនៅក្នុងផ្ទះជនរងគ្រោះក្នុងស្រុកភ្នំព្រឹក។

ឥទ្ធិពលនៃការផ្ទុះធុងហ្គាសនេះដែរផ្ទះជនរងគ្រោះបណ្តាលឱ្យរងការខូចខាតស្ទើរទាំងស្រុង ក្នុងចំណោមជនរងគ្រោះ៣នាក់ប្តី ប្រពន្ធ កូន ដោយ២នាក់ប្តីប្រពន្ធបានរងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋ និងញាតិមិត្តដឹកបញ្ជូនយកទៅសង្រ្គោះជីវិតនៅមន្ទីរពេទ្យខេត្តបាត់ដំបង ដោយឡែកជនរងគ្រោះជាកូនស្រីតូចម្នាក់បានស្លាប់ ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យបង្អែក ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅភូមិបេងស្អាត ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

លោកវរសេនីយ៍ត្រី សារ៉េត វិសេដ្ឋ អធិការរងនគរបាលស្រុកភ្នំព្រឹកប្រាប់ឱ្យដឹងថា ជនរងគ្រោះទាំង៣នាក់មានឈ្មោះ១ កាន ស៊ីឌឿន ភេទប្រុស អាយុ៣៣ឆ្នាំ ២,ចាន់ នី ភេទស្រី អាយុ២៥ឆ្នាំ ២នាក់ជាប្តីប្រពន្ធបានរងរបួសធ្ងន់ និង៣,ឌឿន នីកា ភេទស្រី អាយុ៣ឆ្នាំ ស្លាប់ ជនរងគ្រោះរស់នៅភូមិ ឃុំខាងលើ។

លោកអធិការរងបានប្រាប់ឱ្យដឹងទៀតថា ជនរងគ្រោះប្រកបមុខរបររុករករ៉ែមាស នៅភ្នំព្រឹក ធុងហ្គាសដែលរងការផ្ទុះត្រូវបានយកមកសម្រាប់ប្រើប្រាស់កែច្នៃរំលាយមាស។ ធុងហ្គាសមានប្រវែងជាង១ម៉ែត្រ។ ករណីផ្ទុះធុងហ្គាសបណ្តាលឱ្យជនរងគ្រោះ៣នាក់ខាងលើស្លាប់ និងរងរបួសបើតាមការស្រាវជ្រាវស៊ើបអង្កេតជាបឋមរបស់សមត្ថកិច្ចធ្វើការសន្និដ្ឋានថា សង្ស័យបណ្តាលមកពីឆ្លងចរន្តអគ្គិសនីពីខ្សែភ្លើងប៉ះនិងធុងហ្គាសទើបបណ្តាលឱ្យផ្ទុះតែម្តង។ ប៉ុន្តែទោះបីយ៉ាងនេះក៏ដោយ សមត្ថកិច្ចក៏បន្តបើកការស្រាវជ្រាវស៊ើបអង្កេតបន្ថែមទៀតជុំវិញការផ្ទុះធុងហ្គាសខាងលើនោះផងដែរ។

សម្ភារៈរងការខូចខាតរួមមានផ្ទះ១ខ្នង ធ្វើអំពីឈើប្រក់ស័ង្កសីទំហំ៤ម៉ែត្រគុណ៥ម៉ែត្រ រងការរខូចខាតស្ទើរទាំងស្រុង ម៉ូតូ២គ្រឿង និងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនធំ៕ សំ វិច្ឆិកា


ចែករំលែក៖