ព័ត៌មានទាន់ហេតុការណ៍៖

សង្គ្រាមនៅក្នុងប្រទេសស៊ីរីឈានដល់ដំណាក់កាលគ្រោះថ្នាក់បំផុត

ចែករំលែក៖

សង្គ្រាមស៊ីវិល និងសង្គ្រាមវាយប្រហារក្រុមភេរវកម្មនៅក្នុងប្រទេសស៊ីរី ឈានដល់ដំណាក់កាលគ្រោះថ្នាក់បំផុត នៅពេលដែល អាមេរិកបាញ់ទមា្លក់យន្តហោះ ចម្បាំងស៊ីរី នៅលើទឹកដីស៊ីរី និង ការវាយប្រហារដោយមីស៊ីលពីប្រទេសអីរ៉ង ទៅលើទីតាំងក្រុមភេរកម្មនៅស៊ីរី។

ដំណាក់កាលនៃសង្គ្រាមថ្មីបានចាប់ផ្តើមផ្ទុះឡើងនៅស៊ីរី នៅពេលដែលប្រទេសមហាអំណាចនៅខាងក្រៅ បង្កើនការលូកដៃចូលក្នុងសង្គ្រាម ប្រឆាំងភេរវកម្ម។ ព្រិត្តិការណ៍ពីរ កាលពីចុងសប្តាហ៍កន្លងមក គឺអាមេរិកបាញ់ទម្លាក់យន្តហោះចម្បាំង ស៊ីរី ប្រភេទ SU-22 ផលិតដោយប្រទេសរុស្ស៊ី និង ការបាញ់មីស៊ីលចេញពីទឹកដីអីរ៉ងទៅលើទីតាំងនៅក្នុងប្រទេសស៊ីរី បង្ហាញឲ្យឃើញថា សង្គ្រាមដណ្តើមទីតាំងគ្រប់គ្រង នៅតំបន់ភាគខាងកើតស៊ីរី បានចាប់ផ្តើមឡើងហើយរវាងប្រទេសមហាអំណាច ។

ការបាញ់ទមា្លក់យន្តហោះស៊ីរី គឺជាលើកទីមួយរបស់អាមេរិក និងជាលើកទី៥ ដែលទីក្រុងវ៉ាស៊ីនតោនបានវាយប្រហារទៅលើរបបដឹកនាំរបស់ប្រធានាធិបតី អាល់ អាសាដ ចាប់តាំងពីលោកត្រាំ ឡើងកាន់តំណែង ប្រធានាធិបតី ។

បច្ចុប្បន្ន កម្លាំងទាហានខាងក្រៅ កំពុងតែដណ្តើមគ្រប់គ្រង ទឹកដីស៊ីរី ។ អាមេរិក និងសម្ព័ន្ធមិត្ត បានគាំត្រ កម្លាំង ប្រជាធិបតេយ្យស៊ីរី SDF ដែលជាទាហានប្រឆាំងរដ្ឋាភិបាល វាយប្រហារ ទីតាំង របស់ក្រុម IS នៅទីក្រុង Raqqa ដើម្បីពង្រីក ព្រំដែនគ្រប់គ្រងរបស់ខ្លួន។

នៅពេលនេះដែរកម្លាំងទាហានស៊ីរី និងសម្ព័ន្ធមិត្ត ដូចជា អីរ៉ង ក្រុម ហេបូឡាស នៅលីបង់ក៏មានវត្តមាននៅ ទីក្រុងរ៉ាក់កា ដើម្បីដណ្តើមគ្រប់គ្រង ។ កាលពីសប្តាហ៍កន្លងមក ទាហានស៊ីរីបានវាយប្រហារ ទៅលើទីតាំង របស់ក្រុមភេរវកម្ម។

ពាក់ព័ន្ធនិងសកម្មភាពវាយប្រហារ បាញ់ទម្លាក់យន្តហោះស៊ីរី រដ្ឋលេខាធិការក្រសួង ការពារជាតិរុស្ស៊ីបានបញ្ចាក់ថា នេះជាសកម្មភាព បង្ករជម្លោះរបស់អាមេរិក ដែលជាសកម្មភាពជួយការពារដល់ក្រុមភេរវកម្ម ទៅវិញ ដោយបានរារាំង សកម្មភាពវាយប្រហាររបស់ទាហានស៊ីរី។ កិច្ចសហប្រតិបត្តិការប្រឆំាងភេរវកម្ម ដែលប្រធានាធិបតីដូណាលត្រាំបានលើកឡើង គឺជារឿងនៅឆ្ងាយដាច់ស្រយាល ។ ចំណែកសង្គ្រាមដណ្តើមទីតាំងគ្រប់គ្រងនៅក្នុងប្រទេសស៊ីរី កំពុងតែធ្វើឡើង យ៉ាងក្តៅគគុក។

នៅក្នុងហេតុការបាញ់ទម្លាក់យន្តហោះចម្បាំងស៊ីរី ប្រទេសរុស្សី បានធ្វើការព្រមាន ទៅកាន់កងកម្លាំងប្រយុទ្ធដឹកនាំដោយអាមេរិក ដែលកំពុងមានប្រតិបត្តិការ នៅក្នុងប្រទេសរុស្សីថាខ្លួននឹងបើកគោលដៅ វាយប្រហារវិញ ទៅលើយន្តហោះចម្បាំងរបស់ក្រុមនេះបន្ទាប់ពីហេតុការណ៍ បាញ់ប្រហារទំលាក់ យន្តហោះចម្បាំងស៊ីរីពីសំណាក់អាមេរិកមកនោះ។

គួរបញ្ជាក់ថា កងកម្លាំងចម្រុះ ដែលដឹកនាំដោយសហរដ្ឋអាមេរិកបានប្រកាសនៅថ្ងៃនេះថា ខ្លួនបានបាញ់ទំលាក់ យន្តហោះចម្បាំងប្រទេស SU-22 របស់រដ្ឋាភិបាលស៊ីរី ដោយអះអាងថា ដោយសារតែយន្តហោះ ប្រភេទនេះធ្លាប់បានបើកការវាយប្រហារ តាមរយៈការទំលាក់គ្រាប់បែក មកលក្រុមប្រយុទ្ធដែលមានការគាំទ្រដោយ អាមេរិក នៅក្នុងខេត្ត Raqqa កាលពីថ្ងៃអាទិត្យម្សិលមិញ។

ក្រុមសម្ព័ន្ធមិត្តរបស់រុស្សី និងស៊ីរី បាននិយាយដែរថា ខ្លួនបានព្យាយាមធ្វើការទំនាក់ទំនង ជាមួយនឹងសហរដ្ឋអាមេរិក ជារឿយៗដើម្បីបញ្ចៀសការប៉ះពាល់គ្នា តាមបណ្តោយព្រំដែនអាកាស ហើយបានបដិសេធថាអាមេរិកមិនបានផ្តល់ទំនាក់ទំនង ជាមុនមុនការបាញ់ប្រហារ ទំលាក់យន្តហោះរបស់ខ្លួននោះឡើយ។

ពាក់ព័ន្ធនិងបញ្ហាស៊ីរីនោះដែរ នៅ ទី២០ ខែមិថុនា ឆ្នាំ២០១៧នេះបានឲ្យដឹងថា កងកម្លាំងរបស់រដ្ឋាភិបាលស៊ីរី បានធ្វើការដណ្តើមបានទីតាំងភូមិចំនួន២០មកវិញ ពីការគ្រប់គ្រងរបស់ក្រុមជ្រុលនិយមរដ្ឋឥស្លាមនេះបើតាមការអះអាងពីសារព័ត៌មានរបស់រដ្ឋ កាលពីថ្ងៃចន្ទម្សិលមិញ។

នៅក្នុងសេចក្តីថ្លែងការដែលត្រូវបានធ្វើឡើង នៅលើគេហទំព័ររបស់ទីភ្នាក់ងារសារព័ត៌មានក្នុងស្រុក ដែលហៅកាត់ថា SANA លោកមេបញ្ជាការរបស់ស៊ីរី បាននិយាយថា កងកម្លាំងរបស់ស៊ីរីនិងក្រុមសម្ព័ន្ធមិត្ត បានរំដោះភូមិសរុប២០ ព្រមទាំងទីក្រុងមួយចំនួននិងជាពិសេសទីក្រុងRasafehជាទីតាំងសំខាន់បំផុតក្នុងការប្រយុទ្ធជាមួយនឹងក្រុមIS។

គួរបញ្ជាក់ថាការដណ្តើមបានទីតាំងសំខាន់យ៉ាងជោគជ័យនេះត្រូវបានធ្វើឡើងនៅត្រឹមតែ១ពេល ដែលកម្លាំងដែលដឹកនាំ ដោយសហរដ្ឋអាមេរិកបានធ្វើការបាញ់ទំលាក់យន្តហោះចម្បាំង របស់ស៊ីរីមួយគ្រឿងនៅក្នុងតំបន់ខេត្តRaqqa៕ ម៉ែវ សាធី


ចែករំលែក៖