សារព័ត៌មានរ៉យទ័របានផ្សាយថា នៅថ្ងៃទី២០ ខែមិថុនា កម្លាំងទាហានហ្វីលីពីន ដឹកនាំដោយ មេបញ្ជាការកងទ័ព Restituto Padilla បានឲ្យដឹងថា យន្តហោះទម្លាក់គ្រាប់របស់កម្លាំងទាហានអាកាសហ្វីលីពីនបានវាយប្រហារទៅលើទីតាំង ក្រុមភេរវកម្ម នៅទីក្រុងម៉ារ៉ាវី ស្ថិតនៅភាគខាងត្បូងប្រទេសនេះ។ ការវាយប្រហារខាងលើរបស់ហ្វីលីពីន គឺដើម្បីបញ្ចប់សង្គ្រាមនៅទីនោះ មុនពេលពិធីបុណ្យEid Al Fitrនាចុងសប្តាហ៍នេះ។
សកម្មភាពខាងលើរបស់ហ្វីលីពីន កើតឡើងចំពេលដែលពលរដ្ឋហ្វីលីពីន ក៏ដូចជាប្រទេសជិតខាងព្រួយបារម្ភយ៉ាងខ្លាំងពីការរីករាលដាលនៃក្រុមភេរវកម្មខាងលើ អាចបើកការវាយប្រហារ ក៏ដូចជាពង្រីកទីតាំងគ្រប់គ្រងនៅទីក្រុងម៉ារ៉ាវីក្រោយ បញ្ចប់ខែហូបបួសរ៉ាម៉ាដាន់របស់សាសនិកអិស្លាម។
មេបញ្ជាការកងទ័ព Restituto Padilla បានបញ្ចាក់ថា «យើង នឹងបោសសម្អាត ក្រុមភេរវកម្មទាំងអស់ នៅទីក្រុងម៉ារ៉ាវីមុនពេលពិធីបុណ្យរ៉ាម៉ាដាន់បញ្ចប់»។ ការប្រកាសខាងលើកើតឡើងក្នុងពេលដែល មេបញ្ចាការកងទ័ព និងមេប៉ូលិស ហ្វីលីពីនបានជួបពិភាក្សាគ្នានៅទីក្រុង Cagayan De oroស្តីពីយុទ្ធសាស្ត្រ វាយប្រហារ ទៅលើក្រុមភេរវកម្ម ដែលបានបង្កើតទីតាំងនៅទីនោះ។
តាមតួលេខជាផ្លូវការ របស់ហ្វីលីពីនបានបង្ហាញឲ្យឃើញថា ចំនួន អ្នកស្លាប់នៅក្នុងសង្គ្រាមវាយប្រហារភេវកម្ម ក្នុងទីក្រុងម៉ារ៉ាវី កើនឡើងដល់៣៥០នាក់ហើយ ក្នុងពេលដែលសង្គ្រាមឈានចូលសប្តាហ៍ទី៥ ហើយនោះ។ ទាហានរដ្ឋាភិបាលហ្វីលីពីនមានសង្ឃឹមយកឈ្នះក្រុមភេរវកម្ម នៅពេលដែលមានអាមេរិក ជួយផ្តល់យុទ្ធសាស្ត្រ ស្តីពី សង្គ្រាមវាយប្រហារ ក៏ដូចជាផ្តាល់អាវុធទំនើបៗជាច្រើន ដល់ទាហានហ្វីលីពីនផងដែរ៕ ម៉ែវ សាធី