ព័ត៌មានទាន់ហេតុការណ៍៖

លោកសង្ឃបង្កជម្លោះក្នុងវត្តចាក់គ្នាប៉ងសម្លាប់ ប៉ុន្តែបណ្តាលឱ្យរងរបួសធ្ងន់ម្នាក់នៅស្រុកថ្មគោល

ចែករំលែក៖

ខេត្តបាត់ដំបង៖ លោកសង្ឃ២អង្គខ្វះការខន្តី បានបង្កជម្លោះរវាងគ្នា និងគ្នាក្នុងវត្តឈានដល់ការប្រើប្រាស់កាំបិតចុងស្រួចចាក់គ្នា ប៉ងសម្លាប់ ក៏ប៉ុន្តែបណ្តាលឱ្យរងរបួសធ្ងន់ ចំណែកព្រះសង្ឃដៃដល់ ក្រោយមកបានរងការចាប់ខ្លួនពីនគរបាលស្រុកថ្មគោល។

ហេតុការណ៍កើតឡើងកាលពីម៉ោង១និង៣០នាទីយប់អធ្រាត្រ ថ្ងៃទី២០ ខែមិថុនា ឆ្នា២០១៧ នៅក្នុងបរិវេណវត្តរូងជ្រៃ ភូមិរូងជ្រៃ ឃុំរូងជ្រៃ ស្រុកថ្មគោលខេត្តបាត់ដំបង។

លោកវរសេនីយ៍ត្រី ផង់ សុភាព អធិការនគរបាលស្រុកថ្មគោលប្រាប់ឱ្យដឹងថា ព្រះសង្ឃរងគ្រោះមានព្រះនាម ស្រែ ស្រស់ ហៅឆក ព្រះជន្ម៣៧ព្រះវស្សា ស្រុកកំណើតនៅភូមិតាក្រី ឃុំតាក្រី ស្រុកកំរៀងខេត្តបាត់ដំបង។ ដោយឡែកព្រះសង្ឃដៃដល់ព្រះនាម ធី បូរី ព្រះជន្ម២៥ ព្រះវស្សា មានស្រុកកំណើតជាមួយព្រះសង្ឃរងគ្រោះនោះផងដែរ ។ ជនសង្ស័យក្រោយមករងការចាប់ផ្សឹក ហើយបញ្ជូនខ្លួនឱ្យសមត្ថកិច្ចដើម្បីយកទៅអនុវត្តតាមនីតិវីធីច្បាប់។

លោកអធិការប្រាប់ឱ្យដឹងទៀតថា ព្រះសង្ឃទាំង២អង្គបានគង់នៅក្នុងកុដិជាមួយគ្នា មានការទំនាស់រវាងគ្នាមិនអាចសម្របសម្រួលគ្នាបានរយៈពេល២ទៅ៣ថ្ងៃមកហើយ ដោយសារតែព្រះសង្ឃដៃដល់ខឹងនិងព្រះសង្ឃរងគ្រោះចាក់ព្រះធម៌បង្កសម្លេងរំខាន។

លុះនៅយប់កើតហេតុខាងលើ ខណៈដែលមានការចាក់ព្រះធម៌បង្កសម្លេងរំខានសឹងមិនបាន ទើបធ្វើឱ្យព្រះសង្ឃដៃដល់ខឹងខន្តីលែងបានក៏បង្កជាជម្លោះគ្នាទាំងយប់អធ្រាត្រ ហើយឈានដល់ការប្រើប្រាស់កាំបិតចុងស្រួចចាក់លើសង្ឃរងគ្រោះជាច្រើនកាំបិត ដួលក្នុងថ្លុកឈាមប៉ងចាក់សម្លាប់តែម្តង។ នៅពេលនោះក៏មានការភ្ញាក់ផ្អើលដល់ព្រះសង្ឃពេញវត្ត ក្រោយពីបង្កហេតុ សង្ឃដៃដល់នឹកស្មានថា សង្ឃរងគ្រោះស្លាប់បាត់ទៅហើយ ក៏រត់គេចខ្លួនបាត់។ បន្ទាប់មកព្រះសង្ឃគង់នៅក្នុងវត្តជាមួយគ្នាឃើញសង្ឃរងគ្រោះមិនទាន់ស្លាប់នៅឡើយនោះទេ មានស្ថានភាពរងរបួសធ្ងន់ ក៏ត្រូវបានដឹកបញ្ជូនយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែក ស្រុកថ្មគោល។

លោកអធិការបានបញ្ជាក់ឱ្យដឹងទៀតថា ក្រោយពីមានអំពើហឹង្សារវាងព្រះសង្ឃក្នុងវត្តរូងជ្រៃនោះហើយ កម្លាំងនគរបាលស្រុកថ្មគោល សហការនិងកម្លាំងនគរបាលប៉ុស្ថិ៍បានចុះទៅស្រាវជ្រាវស៊ើបបអង្កេត ទើបនៅវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ កម្លាំងនគរបាលឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យជាព្រះសង្ឃដៃដល់ ដែលរត់ទៅលាក់ខ្លួនផ្ទះប្រជាពលរដ្ឋនៅក្បែររបងវត្តនោះតែម្តង។ ចំណែកកាំបិតចុងស្រួចជាអាវុធ ត្រូវបានសង្ឃដៃដលបោះចោលនក្នុងគុម្ពោធព្រៃបាត់ទៅហើយ។ ជនសង្ស័យក្រោយពីកម្លាំងនគរបាលជំនាញស្រុថ្មគោលសាកសួររួចហើយនៅថ្ងៃដដែលបានកសាងសំណុំរឿងចាប់បញ្ជូនជនសង្ស័យទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីទុកចាត់ការតាមផ្លូវច្បាប់៕ សំ វិច្ឆិកា


ចែករំលែក៖