ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ទូរស័ព្ទដៃពីស្រីស្អាត បានសម្រេច ត្រូវនារីរងគ្រោះដេញតាមភ័យបុកគូទរថយន្តគេដួលចាប់បានម្នាក់ ម្នាក់ទៀតរត់បាត់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញឃាត់ខ្លួន ខណៈដែលពួកគេធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីវ័យក្មេងស្រស់ស្អាតម្នាក់ ដែលដាក់ទូរស័ព្ទដៃម៉ាក iPhone 6plus ក្នុងហោប៉ាវខោបានសម្រេច ក៏ត្រូវជនរងគ្រោះ ជិះម៉ូតូដេញតាម រហូតទល់តែជនសង្ស័យភ័យ ជ្រុលទៅបុកគូទរថយន្តគេមួយគ្រឿងដែលកំពុងតែបើកតាមផ្លូវនៅក្បែរវិមានឯករាជ្យ បណ្ដាលឲ្យដួល ហើយកម្លាំងល្បាតនៅក្បែរនោះចាប់ក្របួចជាប់បានម្នាក់ ចំណែកឯបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ចោលម៉ូតូតែម្តង ។

ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៥០នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចមុខសាលាដូនពេញ តាមបណ្ដោយផ្លូវលេខ៥១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ហើយសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាននៅចំណុចវិមានឯករាជ្យ ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

មន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យទី១មានឈ្មោះ ពេជ្រ ភារុណ ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ អ្នកធ្វើសកម្មភាពឆក់ (ឃាត់ខ្លួន)។ចំណែកម្នាក់ទៀតដែលរត់គេចខ្លួននោះ ឈ្មោះ អាយួន ជាអ្នកបើកម៉ូតូ ។ រីឯនារីរងគ្រោះ ឈ្មោះ លឹម ចាន់ធីតា ហៅស្រីនាង អាយុ២១ឆ្នាំ ស្នាក់នៅភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

មន្រ្តីដដែរ បានបន្តទៀតថា នៅមុនពេលកើតហេតុ គេឃើញនារីរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ១FO-៧៧៨៥ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥១ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចមុខសាលាដូនពេញ ផ្លូវ៥១ ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងម៉ាក ស៊ុយស៊ីគីនិច ពណ៌សលាយខ្មៅ ពាក់ស្លាកលេខកំពង់ចាម ១Q-៥៤១៣ ដោយធ្វើដំណើរស្របទិសគ្នា តាមពីក្រោយបានធ្វើសកម្មភាពលូកឆក់ទូរស័ព្ទដៃម៉ាក់ iPhone 6plus ពីក្នុងហោប៉ាវខោនារីគ្រោះ បានសម្រេចហើយព្យាយាមរត់គេចខ្លួន ភ្លាមនោះនារីរងគ្រោះបានបើកម៉ូតូដេញតាមពីក្រោយ និងស្រែកឆោឡោថាចោរៗ រហូតរត់មកដល់ចំណុចវិមានឯករាជ្យ បានធ្វើឲ្យជនសង្ស័យភ័យ ក៏ជ្រុលទៅបុករថយន្តគេដួល ហើយប្រជាពលរដ្ឋនិងកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញជួយអន្តរាគមន៍ ចាប់បានម្នាក់ដែលជាអ្នកធ្វើសកម្មភាពឆក់ ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ ។

បច្ចុប្បន្នជនសង្ស័យរួមវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីចាត់ការតាមនីតិវិធី ៕ស តារា


ចែករំលែក៖