ក្នុងកំឡុងចុងទស្សវត្សរ៍ឆ្នាំ១៩៧០ប្រជាជនកម្ពុជាទូទាំងប្រទេសកំបុងរងចាំនូវចលនាដឹកនាំខ្លាំងក្លា មួយដ៏ជាក់លាក់ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ បើគ្មានក្បាលម៉ាស៊ីនដឹកនាំ និង គ្មានកម្លាំងប្រដាប់អាវុធពិតប្រាកដទេ ចលនាតស៊ូនានានឹងត្រូវពួកប្រល័យពូជសាសន៍កម្ទេចទាំងអស់ ដោយគ្មានត្រាប្រណី ។
ចំណុចទី១៖ ទីតាំងកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៃបញ្ជាការដ្ឋានវរសេនាធំ តំបន់២១ វេលាម៉ោង២១:០០នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ចំថ្ងៃច័ន្ទ ៥កើត ខែអសាឍ ឆ្នាំម្សាញ់ នពស័ក ព.ស ២៥២១ សមមិត្ត ហ៊ុន សែន និងកម្មាភិបាលដ៏ទុកចិត្តបួននាក់ គឺ នុច ថន, ញឹក ហួន, ស៊ូ គីម ស្រ៊ាង (ហៅសាញ់) និង វ៉ា ប៉ោអ៊ាន ចាប់ផ្តើមដំណើរភៀសខ្លួនទៅវៀតណាម ដើម្បីស្វែងរកការ ជួយ ឧបត្ថម្ភក្នុងការរំដោះជាតិចេញពីរបបប្រល័យពូជសាន៍ប៉ុល ពត ។
ដោយសារប្រទេសទាំងពីរស្ថិតក្នុងស្ថានភាពមានជម្លោះប្រដាប់អាវុធជាមួយគ្នាវៀតណាមលំបាកបែងចែករវាងជនភៀសខ្លួន និងទាហានខ្មែរក្រហមដែលមានបំណងចូលទៅវាយឆ្មក់ ។ ដោយបានគិត ដល់បញ្ហានេះជាមុន សមមិត្ត ហ៊ុន សែន បានសម្រេចចិត្តយកតែមនុស្សបួននាក់ទេទៅជាមួយព្រោះ ក្រុមធំមួយនឹងបង្កការយល់ច្រឡំថា ជាក្រុមវាយឆ្មក់របស់ប៉ុល ពត អាចបណ្តាលអោយការ វាយប្រហារ ពីវៀតណាម ។
ធម្មជាតិក៏បានចូលរួមចំណែកក្នុងការធ្វើដំណើរ ដោយចន្លោះវេលាម៉ោង ២២:០០នាទី ដល់វេលាម៉ោង ០១:០០នាទីរំលងអាធា្រត្រ មានភ្លៀងផ្លេកបន្ទោរ និងផ្គរលាន់ម្យ៉ាងត្រូវការពុះពារទ្រាំទ្រនឹង អាកាស ធាតុដ៏លំបាក ប៉ុន្តែម្យ៉ាងទៀតក៏អាចធ្វើអោយមានសុវត្ថិភាពការពារខ្លួនក្នុងពេលធ្វើដំណើរនេះ ។
ទីតាំងដែលសមមិត្ត ហ៊ុន សែន និងក្រុមឆ្លងកាត់ពីខាងកម្ពុជា កឺនៅត្រង់ពាំងខ្ត័រ និងអាងដាច់ដែល មានដើមទ្រយឹងធំស្កឹមស្កៃនៅក្បែនោះ ។ នៅទល់ខាងមុខគឺជាស្រុកទុកនិញ ក្នុងខេត្តសុងប៊ែរ របស់ វៀតណាម ។ មុនពេលឈានជើងចូលក្នុងទឹកដីវៀតណាម សមមិត្ត ហ៊ុន សែន បានបែរមុខមកខាង ទឹកដីកម្ពុជាទាំងទឹកភ្នែក ដោយនិយាយក្នុងចិត្តថាអាយុ១៣ឆ្នាំបែកពីស្រុកកំណើតដោយ អត់សាលា រៀន អាយុ២៥ឆ្នាំបែកពីប្រទេសដោយពួកឃាតក ។
ចំណុចទី២៖ វេលាម៉ោង ០២:០០នាទីទៀបភ្លឺ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៧៧ សមមិត្ត ហ៊ុន សែន បានដើរចូលចម្ងាយប្រមាណ ២០០ម៉ែត្រ ទៅក្នុងទឹកដីវៀតណាម ។ អ្នកទាំងអស់គ្នាក៏បានសម្រាក រងចាំពេលភ្លឺ ដើម្បីកំណត់ទិសដៅសម្រាប់បន្តដំណើរ និងពុំមានអ្វីទទួល ទាននោះឡើយ ។
សំណួរមួយចំនួនដែលសមមិត្ត ហ៊ុន សែន បានចោទសួរខ្លួនឯងថា តើអាចត្រូវស្លាប់នៅពេលឆ្លងព្រំ ដែន កម្ពុជា-វៀតណាមដោយការជាន់មីន ឬដោយកងការពារព្រំដែនរបស់វៀតណាមឬទេ ? តើអាច ត្រូវជាប់គុកដោយសារការឆ្លងដែនខុសច្បាប់ឬទេ? តើវៀតណាមជឿហើយសុខចិត្តជួយ ក្នុងការផ្តួល រំលំរបបប្រល័យពូជសាសន៍ប៉ុល ពតឬទេក្នុងពេលដែលវៀតណាមកំពុងមានទំនាក់ទំនងការ ទូតជា មួយកម្ពុជាប្រជាធិបតេយ្យ ? សំណួរចុងក្រោយ គឺតើវៀតណាមអាចចាប់បញ្ជូនមកអោយប៉ុល ពតវិញឬទេ?
ការចាកចេញនេះ ជាការចាកចេញដោយការឈឺចាប់ តែមោះមុតចោលទឹកដីកំណើត ចោលភរិយា ដែលមានផ្ទៃពោះ៥ខែ ។ សមមិត្តពិតជាមានការលំបាកខាងផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរដោយគិតដល់ផល វិបាកអាចកើតមានចំពោះភរិយាដែលកំពុងស្ថិតនៅក្នុងក្រញាំឃោឃៅរបស់របបប្រល័យពូជសាសន៍ប៉ុល ពត នៅឡើយ។ នោះជាពេលដែលសមមិត្ត ហ៊ុន សែន ចាប់ផ្តើមយកជីវិតធ្វើដើមទុន ដើម្បីធ្វើការ តស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពតបន្ទាប់ពីការចូលរួមក្នុងកងកម្លាំងប្រដាប់អាវុធនៃ ចលនា រំដោះជាតិ រហូតដល់ពិការភ្នែកម្ខាងនៅឆ្នាំ១៩៧៥ ។
ដោយនៅមានភ្លៀងតិចៗនិងមេឃនៅធ្លាក់អ័ពជាច្រើន លំបាករកទិសអោយចំ ដោយពុំមានត្រីវិស័យ ដូចនេះត្រូវរងចាំរហូតដល់ពេលភ្លឺច្បាស់ថ្ងៃរះ ទើបចេញដំណើរនៅម៉ោងប្រមាណ ០៨:០០នាទីព្រឹក ។
សមមិត្ត ហ៊ុន សែន និងក្រុមបានសម្លឹងមើលទៅទិសដែលព្រះអាទិត្យរះ នោះគឺទិសខាងកើតជាទិស តែមួយគត់ ដើម្បីធ្វើដំណើរទៅដល់ប្រទេសវៀតណាម ។
ចំណុចទី៣៖ ក្រោយពីធ្វើដំណើរកាត់ព្រៃក្នុងទឹកដីវៀតណាមបានប្រមាណជិត៦គីឡូម៉ែត្រ វេលាម៉ោង ១១:០០នាទីជិតថ្ងៃត្រង់ក្រុមសមមិត្ត ហ៊ុន សែន បានទៅជួបផ្លូវលំមួយក្រាលគ្រួសក្រហមក៏បាន សម្រេចលាក់អាវុធ រួចរៀបចំដាំបបរដោយអង្ករ ដែលនៅសល់ក្នុងទៃបន្តិចបន្តួច រួចបន្តដំណើរតាមផ្លូវ ថ្នល់ទៅរកជួបកងទ័ពវៀតណាម និងប្រជាជនវៀតណាម ។
ហេតុអ្វីបានជាក្រុមសមមិត្តសម្រេចធ្វើដំណើរដោយលែងយកអាវុធតាមខ្លួន? នេះជាការគិតគូរដ៏ ឈ្លាសវៃ ព្រោះអោយតែឃើញមានមនុស្សកាន់អាវុធឆ្លងដែន គឺកងទ័ពការពារព្រំដែនវៀតណាម ឬកងឈ្លបអាចនឹងផ្ទុះអាវុធភ្លាម ជីវិតរបស់សមមិត្ត និងក្រុមមិនអាចធានាបានឡើយ ។
ចំណុចទី៤៖ វេលាម៉ោង ១៤:០០នាទីថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៩៧ សមមិត្ត ហ៊ុន សែន និងក្រុម បានដើរទៅដល់ភូមវៀតណាមមួយ ដែលមានចម្ងាយប្រមាណ ១៤គីឡូម៉ែត្រពីព្រំដែន ។ ពេលប្រទះ នឹងកម្មករចម្ការកៅស៊ូវៀតណាមដែលកំពុងធ្វើដំណើរ សមមិត្ត ហ៊ុន សែន ដើរសំដៅហើយកម្មករនោះ ក៏អោយក្រុមសមមិត្តរងចាំនៅទីនោះសិន ។
បន្ទាប់មក កម្មករបាននាំកម្លាំងស្វ័យការពារវៀតណាមមកដល់ដោយមានអាវុធមកជាមួយផង ។ ដំបូង វៀតណាមសង្ស័យទៅលើជនកម្ពុជាទាំងប្រាំនាក់នេះ ថាជាក្រុមវាយឆ្មក់ ឬក្រុមចារកិច្ចរបស់ប៉ុល ពត ហើយបានធ្វើការសាកសួរ ។
ចំណុចទី៥៖ ក្រោមពីចាប់ផ្តើមជឿជាក់ខ្លះលើការអះអាងរបស់សមមិត្ត ហ៊ុន សែន ថាមិនមែនជាក្រុម វាយឆ្មក់របស់ប៉ុល ពតទេ ភាគីវៀតណាមក៏បានដាំបាយឆ្នាំងលេខ១០ និងធ្វើម្ហូបជូនសម្រាប់មនុស្ស ៥នាក់ ដែលធ្លាប់តែហូបបបរជាង១ឆ្នាំហើយ ។ ក្រោយពីបានទទួលទានរួច ជនកម្ពុជាទាំងប្រាំរូបត្រូវ គេនាំធ្វើដំណើរចម្ងាយ ៤គីឡូម៉ែត្រ ទៅដល់ភូមិឡាំងជីន នៅវេលាម៉ោង ១៦:៤៥នាទី ។
ចំណុចទី៦៖ ជនកម្ពុជាទាំងប្រាំត្រូវបានសាកសួរព័ត៌មានម្តងទៀតនៅទីនោះ ពីសំណាក់បញ្ជាការកង អនុសេនាធំម្នាក់របស់វៀតណាម ។
វេលាម៉ោង ១៧:១៥នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៧៧ អ្នកទាំងប្រាំត្រូវបានគេដឹកក្នុងរថយន្តធុនធ្ងន់ ម៉ាក GMC ពីភូមិឡាំងជីនទៅដល់ស្រុកឡុកនិញ នៅវេលាម៉ោង ១៨:០០នាទី។
ចំណុចទី៧៖ ក្រោយពីបរិភោគអាហារថ្ងៃល្ងាចរួច ដែលមានបាយនិងបន្លែត្រកួនហើយ សមមិត្ត ហ៊ុន សែន ត្រូវគេបំបែកចេញពីអ្នករួមដំណើរទាំងបួននាក់ដែលមកជាមួយគ្នា ហើយត្រូវបានគេសួរព័ត៌មាន សាជាថ្មី ដោយសំណួរដេញដោលជាច្រើនទៀត ។
នោះគឺជាពេលវេលា ដែលតានតឹងភិតភ័យជាងពេលណាទាំងអស់ សម្រាប់អ្នកទាំងបួនដែលធ្វើ ដំណើរ មកជាមួយ ដោយគិតថាគេអាចយកសមមិត្ត ហ៊ុន សែន ទៅសម្លាប់ ឬទៅណាមិនដឹង ប្រសិន បើមិន ឃើញត្រឡប់មកវិញ ។ ពួកគាត់ទាំងបួនមានអារម្មណ៍ច្រាស់ច្រាល ទោះអស់កម្លាំង ក៏ដេកមិនលក់ បក់ មិនល្ហើយ និងរងចាំរហូតសមមិត្ត ហ៊ុន សែន ត្រឡប់មកវិញ ពេលជាងពាក់កណ្តាលអាធ្រាត្រ ឆ្លងចូល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩៧៧ ។ ដោយសារការសាកសួរដេញដោលព័ត៌មាន ធានាតាមលំដាប់ថ្នាក់ ដែលមានពីថ្នាក់ភូមិ ឃុំ រហូតដល់ស្រុកនេះ បានធ្វើអោយភាគីវៀតណាមឃើញច្បាស់នូវឆន្ទ៖មោះមុត និងជំហរដាច់ខាតរបស់សមមិត្ត ហ៊ុន សែន ក្នុងគោលបំណងដ៏មុតស្រួច គឺឆ្ពោះទៅរកការកៀរគរ កម្លាំងសម្រាប់រំដោះជាតិមាតុភូមិ ប្រជាជនពីរបបប្រល័យពូជសាសន៍ ។
នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩៧៧ សមមិត្ត ហ៊ុន សែន និងអ្នករួមដំណើរទាំងបួននាក់បាន ចេញដំណើរ ទៅខេត្តសុងប៊ែរ តាមរថយន្តដឹកអុស ។
វៀតណាមកាន់តែទទួលស្គាល់ថា សមមិត្ត ហ៊ុន សែន មានឋានៈខ្ពស់ជាថ្នាក់បញ្ជាការវរសេនាធំហើយ មិនមែនជាក្រុមដែលប៉ុលពតបញ្ជូនមកវាយឆ្មក់វៀតណាមទេ ។
ពីទីតាំងកោះថ្មនារាត្រីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧បានក្លាយជាទិវាមួយដ៏សំខាន់នៃ របត់ប្រវត្តិ សាស្រ្តប្រទេសកម្ពុជា ជាពេលវេលា ដែលសមមិត្ត ហ៊ុន សែនបានចាប់ផ្តើមដំណើរឆ្ពោះទៅការ ផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត ៕
ប្រភព៖ ហ្វេសប៊ុកសម្តេចតេជោ